អភិបាលខេត្តបាត់ដំបង អញ្ជេីញប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង និងចែកអំណោយជូនដល់គ្រួសារងាយរងគ្រោះបំផុត ៥០គ្រួសារ នៅស្រុកសង្កែ
25-06-2026 22:17
(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសា ខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងលោកស្រី ម៉េត រ៉ាវីចិត្រ សុខ លូ អនុប្រធានកិត្តិយសសាខាកាបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ទី២៥ ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ជូនដល់លោកយាយ ទេស ប្រាង្គ អាយុ ៩៩ឆ្នាំ មានជំងឺរ៉ាំរៃ មានជីវភាពក្រីក្រខ្លាំង មានកូនមានជំងឺរ៉ាំរៃ មានសមាជិកគ្រួសារសរុប ១៥នាក់ ស្រី៥នាក់។
ក្នុងឱកាសនោះ លោកក៏បានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត មានចាស់ជរា ជនមានពិការភាព គ្រួសារទីទ័លក្រ ចំនួន៥០គ្រួសារ មកពី៥ភូមិក្នុងឃុំតាប៉ុន ពិធីនេះបានប្រារព្ធឡើងនៅផ្ទះលេខលេខទី២៥ ស្ថិតនៅភូមិតាប៉ុនឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
មានប្រសាសន៍ក្នុងឱកាសនោះលោក សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយ ក្តីនឹករលឹក និងក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅជូនចំពោះម្ចាស់ផ្ទះថ្មី ក៏ដូចជាលោក
យាយ លោកតា និងប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួមអបអរសាទរនាពេលនេះពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរខ្ពស់បំផុតចំពេះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបប្រកបដោយភាពកក់ក្ដៅ និងស្និទ្ធស្នាលបំផុត ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ពោល ស្របតាមទិស
ស្លោកថា កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល និង ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះលោក សុខ លូ ក៏បានផ្តាំផ្ញើដល់គ្រួសារទទួលផលទាំងអស់ សូមថែរក្សាមរតកដ៏មានតម្លៃដែលពុំអាចកាត់ថ្លៃបានទាំងនេះ ឱ្យបានគង់វង្សឋិតឋេរយូរអង្វែងសម្រាប់កូនចៅតទៅមុខទៀត។ ទន្ទឹមនឹងនេះលោកប្រធាន បានក្រើនរំលឹកពីការគិតគូរចំពោះសុខភាព ការរក្សាអនាម័យ សម្អាតបរិស្ថាន។
ជាកិច្ចឆ្លើយតប លោក ឌុល ស ត្រូវជាកូន និងក្នុងនាមក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក សុខ លូ ប្រធានគណៈកម្មាធិការសាខាជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យស្រស់ស្អាតបែបនេះទេ។
លោកក៏បានសន្យាថានឹងខិតខំ ប្រឹងប្រែងបំពេញការងារ និងថែរក្សាផ្ទះថ្មីនេះឱ្យល្អ គង់វង្សយូអង្វែង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ៕

















