មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន៖ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ជាចលករពង្រឹងបន្ថែម​នូវទំនាក់​ទំនងកម្ពុជា-ចិន

26-06-2026 07:19

(ប៉េកាំង, ចិន)៖ លោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈទាក់ទងការបរទេសរបស់គណៈកម្មការ​កណ្តាល​នៃ​បក្សកុម្មុយនីស្តចិន បានចាត់ទុកដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺជាចលករពង្រឹងបន្ថែមនូវទំនាក់​ទំនងរវាងកម្ពុជា និងចិន។

លោក លូ ហៃស៊ីង បានលើកឡើងបែបនេះ ក្នុងឱកាសជួបជាមួយសម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២៦នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនោះ លោក លូ ហៃ​ស៊ីង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ និងគណៈ​ប្រតិភូ​មកកាន់ប្រទេសចិននៅពេលនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ថា ជាចលករដ៏សំខាន់ក្នុងការពង្រឹងបន្ថែមទៀតនូវមិត្តភាពដែកថែបរវាងកម្ពុជា និងចិន។

លោក លូ ហៃស៊ីង បានលើកឡើងថា ប្រជាជនចិនបានចាត់ទុកសម្ដេចតេជោ គឺជាមិត្តដ៏ល្អ​របស់​ចិន​។ លោក បានរំលេចថា គ្រាន់តែដំណឹងនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ មកកាន់​ប្រទេស​ចិន គឺប្រជាជនចិន បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។

លោក ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្ស និងគណបក្ស នៃប្រទេសទាំងពីរដោយតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចនៅពេលនេះ ក៏មានការចុះ​ហត្ថលេ​ខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណបក្សនៃប្រទេសទាំងពីរ។ លោក លូ ហៃស៊ីង សង្ឃឹម​​ថា តាមរយៈ MOU នេះ នឹងកាន់តែញាំងបន្ថែមទៀតឱ្យទំនាក់ទំនងរវាងគណ​បក្សទាំង​ពីរ​កាន់​តែរឹងមាំនៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ ជាពិសេសសម្រាប់ការបណ្ដុះបណ្ដាលដល់​អ្នក​បន្ត​វេន​ជំនាន់ក្រោយរបស់គណបក្ស។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអរគុណចំពោះការបដិសណ្ឋារកិច្ចរបស់លោក លូ ហៃស៊ីង ចំពោះសម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោ ក៏បានរំលេចដែរថា ក្នុងឆ្នាំ២០២៦នេះ គឺជាខួប៣៥ឆ្នាំនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោលើកដំបូង ដែលសម្ដេចបាន​ធ្វើដំណើរ​មក​កាន់​ប្រទេសចិន ហើយក៏គាប់ជួនចំនឹងខួប​៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងរវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និងបក្សកុម្មុយនីស្តចិន ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ បានលើកឡើងថា ទំនាក់ទំនងរវាងបក្ស និងបក្ស គឺជាផែនទីចង្អុលផ្លូវដ៏មានសារៈ​សំខាន់​​សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ៕