វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់

26-06-2026 07:51

(ភ្នំពេញ)៖ ធម្មជាតិតែងតែផ្តល់ឱ្យយើងនូវអ្វីៗគ្រប់បែបយ៉ាងដែលយើងត្រូវការទាំងខ្យល់អាកាសបរិសុទ្ធសម្រាប់ដកដង្ហើម ទឹកសម្រាប់ពិសា ដីមានជីជាតិសម្រាប់ដាំដុះស្បៀងអាហារ និងព្រៃឈើដែលជាជម្រកសត្វព្រៃ ព្រមទាំងជួយសម្រួលដល់របបអាកាសធាតុ។

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះ ធម្មជាតិកំពុងទាមទារនូវកិច្ចតបស្នងមកវិញ ពោលគឺការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ពីយើងទាំងអស់គ្នា។

អ្នកវិទ្យាសាស្ត្រកំពុងព្យាករណ៍អំពីការត្រឡប់មកវិញនៃបាតុភូត «អែលនីញ៉ូ» (El Niño) ដែលជាបាតុភូតអាកាសធាតុមួយ ជារឿយៗតែងតែនាំមកនូវសីតុណ្ហភាពកាន់តែខ្ពស់ លក្ខខណ្ឌស្ងួតហួតហែងអូសបន្លាយពេល គ្រោះខ្វះខាតទឹក និងការកើនឡើងនូវហានិភ័យនៃគ្រោះភ្លើងឆេះព្រៃ។

ទោះបីជា អែលនីញ៉ូ គឺជាព្រឹត្តិការណ៍ធម្មជាតិក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាផ្ដល់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារតែការប្រែប្រួលអាកាសធាតុ និងការរំកិលចុះខ្សោយនៃប្រព័ន្ធបរិស្ថាន។ ប៉ុន្តែ ផលវិបាកទាំងនេះមិនមែនជារឿងដែលមិនអាចជៀសវាងបាននោះឡើយ។

ជម្រើសដែលយើងធ្វើនៅថ្ងៃនេះ នឹងកំណត់ថា តើសហគមន៍ ព្រៃឈើ និងប្រទេសជាតិរបស់យើង អាចធន់ទ្រាំបានល្អកម្រិត
ណា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ វិធានការដំបូងគេបង្អស់ គឺការការពារដើមឈើគ្រប់ដើម។ ដើមឈើជួយធ្វើឱ្យខ្យល់អាកាសត្រជាក់ រក្សាសំណើមក្នុងដី ការពារប្រភពទឹក និងកាត់បន្ថយហានិភ័យនៃគ្រោះរាំងស្ងួត។

ការកាប់បំផ្លាញដើមឈើក្នុងអំឡុងរដូវប្រាំង ធ្វើឱ្យសមត្ថភាពរបស់ធម្មជាតិក្នុងការទប់ទល់នឹងកម្តៅខ្លាំងហួសប្រមាណត្រូវចុះខ្សោយ។ ផ្ទុយទៅវិញ យើងគួរតែដាំដើមឈើឱ្យបានកាន់តែច្រើន និងថែរក្សាដើមឈើទាំងឡាយណាដែលកំពុងលូតលាស់។

វិធានការទីពីរ គឺការបង្ការរាល់ទម្រង់នៃអគ្គិភ័យ។ ក្នុងអំឡុងពេលមានបាតុភូត អែលនីញ៉ូ ស្លឹកឈើ និងស្មៅក្រៀមៗនឹងក្លាយជាប្រភពប្រេងឥន្ធនៈដែលងាយនឹងឆាបឆេះត្រឹមតែរន្ទះភ្លើងមួយចង្រ្កានប៉ុណ្ណោះ។ ការដុតកាកសំណល់កសិកម្ម សំណល់ផ្ទះបាយ ឬការឈូសឆាយដីដោយប្រើប្រាស់ភ្លើង អាចរីករាលដាលយ៉ាងឆាប់រហ័សទៅជាភ្លើងឆេះព្រៃយ៉ាងមហន្តរាយ។

ប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាបង្ការភ្លើងឆេះព្រៃ និងរាយការណ៍ជាបន្ទាន់នូវរាល់ករណីឃើញមានផ្សែងភ្លើង ឬអគ្គិភ័យទៅអាជ្ញាធរដែនដី។ សកម្មភាពខ្វះការប្រុងប្រយ័ត្នតែមួយករណី អាចបំផ្លាញដីព្រៃឈើដែលត្រូវចំណាយពេលរាប់ទសវត្សរ៍ដើម្បីលូតលាស់។

ការសន្សំសំចៃទឹក ក៏ជារឿងសំខាន់ដូចគ្នាដែរ។ ទន្លេ បឹងបួរ ស្រះទឹក និងតំបន់ដីសើម គួរតែត្រូវបានគាំពារពីការបំពុល និងការប្រើប្រាស់ហួសកម្រិត។ តាមគេហដ្ឋាននីមួយៗគួរតែចៀសវាងការប្រើប្រាស់ទឹកខ្ជះខ្ជាយ ជួសជុលទុយោទឹកដែលលេចជ្រាប ប្រើប្រាស់ទឹកឡើងវិញក្នុងករណីសមស្រប និងរក្សាទុកទឹកភ្លៀងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទឹកមួយលីត្រដែលយើងសន្សំបាននៅថ្ងៃនេះ អាចនឹងក្លាយជាប្រភពទឹកដ៏សំខាន់មិនអាចខ្វះបាននៅថ្ងៃស្អែក។ ទន្ទឹមនឹងនេះ សហគមន៍គួរតែរួមគ្នារក្សាបរិស្ថានឱ្យបានស្អាត។

សំណល់ប្លាស្ទិកជារបាំងបិទជិតប្រព័ន្ធបង្ហូរទឹក បំពុលទន្លេ និងបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ តាមរយៈការបដិសេធមិនយកថង់ប្លាស្ទិកដែលមិនចាំបាច់ ការបែងចែកកាកសំណល់ត្រឹមត្រូវ ការកែច្នៃឡើងវិញ និងការចូលរួមក្នុងសកម្មភាពសម្អាតបរិស្ថានក្នុងសហគមន៍ យើងនឹងអាចកាត់បន្ថយការបំពុល ព្រមទាំងជួយគាំពារបរិស្ថានរបស់យើងក្នុងអំឡុងពេលដែលប្រព័ន្ធអេកូឡូស៊ីធម្មជាតិកំពុងស្ថិតក្រោមសម្ពាធអាកាសធាតុរួចទៅហើយ។

កសិករអាចត្រៀមលក្ខណៈទុកជាមុន ដោយការប្រើប្រាស់ប្រព័ន្ធស្រោចស្រពប្រកបដោយប្រសិទ្ធភាពទឹក ការរក្សាសំណើមដីតាមរយៈការគ្របដណ្តប់ដី (Mulching) ការជ្រើសរើសប្រភេទដំណាំដែលសមស្របទៅនឹងលក្ខខណ្ឌស្ងួតហួតហែង និងការចៀសវាងការដុតកាកសំណល់ដំណាំ។ ដីដែលមានសុខភាពល្អអាចរក្សាសំណើមទឹកបានច្រើន និងបន្តផ្តល់ភោគផលបាន ទោះបីជាស្ថិតក្នុងអំឡុងពេលដែលមានរបបទឹកភ្លៀងតិចតួចក៏ដោយ។

វិស័យឧស្សាហកម្ម និងធុរកិច្ចក៏មានការទទួលខុសត្រូវដ៏សំខាន់ផងដែរ។ រោងចក្រនានាត្រូវធានាថា ទឹកកខ្វក់ត្រូវបានប្រព្រឹត្តកម្ម (ចម្រោះ) ត្រឹមត្រូវ ការភាយឧស្ម័នពុលត្រូវបានគ្រប់គ្រង និងទឹកត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការគ្រប់គ្រងបរិស្ថានប្រកបដោយការទទួលខុសត្រូវ មិនត្រឹមតែជួយការពារធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងភាពធន់របស់អាជីវកម្មក្នុងអំឡុងពេលមានវិបត្តិសម្ពាធអាកាសធាតុទៀតផង។

ក្រុមគ្រួសារនីមួយៗគួរតែត្រៀមលក្ខណៈសម្រាប់អាកាសធាតុក្តៅខ្លាំង ដោយការដាំដើមឈើផ្តល់ម្លប់ជុំវិញផ្ទះ កាត់បន្ថយការខ្ជះខ្ជាយថាមពល ពិសាទឹកឱ្យបានគ្រប់គ្រាន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ មនុស្សចាស់ជរា និងសមាជិកងាយរងគ្រោះនៅក្នុងសហគមន៍ អំឡុងពេលមានរលកកម្តៅ។

អ្វីដែលសំខាន់បំផុតនោះគឺ ការគាំពារបរិស្ថានមិនមែនជាកាតព្វកិច្ចរបស់រដ្ឋាភិបាលតែម្នាក់ឯងនោះឡើយ ប៉ុន្តែវាជារបស់ប្រជាពលរដ្ឋគ្រប់រូប។ រាល់ដើមឈើដែលយើងការពារ រាល់ថង់ប្លាស្ទិកដែលយើងបដិសេធ រាល់ដំណក់ទឹកដែលយើងសន្សំសំចៃ រាល់អគ្គិភ័យដែលយើងបង្ការ និងរាល់កម្ទេចសំរាមដែលយើងរើសទុកដាក់ សុទ្ធសឹងតែរួមចំណែកដល់ការកសាងអនាគតមួយដែលមានសុវត្ថិភាព និងសុខភាពល្អជាងមុន។

បាតុភូត អែលនីញ៉ូ នឹងមកសាកល្បងការត្រៀមលក្ខណៈទុកជាមុនរបស់យើង ប៉ុន្តែវាក៏នឹងមកសាកល្បងនូវសាមគ្គីភាពរបស់យើងផងដែរ។

ប្រសិនបើពួកយើងម្នាក់ៗបំពេញតួនាទីរៀងៗខ្លួន នោះព្រៃឈើរបស់យើងនឹងនៅតែរក្សាបាននូវភាពបៃតង ខ្សែទឹកទន្លេនឹងនៅតែបន្តហូរ ជីវិតសត្វព្រៃនឹងរស់រានមានជីវិត ហើយសហគមន៍របស់យើងនឹងកាន់តែមានភាពរឹងមាំទ្វេដង។
ធម្មជាតិបានគាំពារយើងជារៀងរាល់ថ្ងៃ។ នៅពេលដែលបាតុភូត អែលនីញ៉ូ កំពុងខិតជិតមកដល់ ដល់វេនរបស់យើងហើយដែលត្រូវបង្វែរមកគាំពារធម្មជាតិវិញ។

ចូរយើងរួមគ្នា បំប្លែងការត្រៀមលក្ខណៈទៅជាភាពធន់មាំ និងបំប្លែងស្មារតីទទួលខុសត្រូវ ទៅជាកេរមរតកដ៏គង់វង្សយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕