សាលាខណ្ឌជ្រោយចង្វារ សហការជាមួយអង្គការម៉ារីស៊ី រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ»

26-06-2026 09:39

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនីតិកាលទី៧ មានជំហរមោះមុតបន្តការប្ដេជ្ញាចិត្តប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់។

ឆ្លើយតបនឹងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត, អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការម៉ារីស៊ី បានរៀបចំវគ្គបណ្ដុះបណ្ដាលនៅតាមរដ្ឋបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ ដល់ម្ចាស់ទីតាំងកម្សាន្ត ដើម្បីយល់ដឹងបន្ថែមពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្ស។

តួយ៉ាងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សាលាខណ្ឌជ្រោយចង្វារ បានសហការជាមួយអង្គការម៉ារីស៊ី រៀបចំសិក្ខាសាលាស្ដីពី «ការយល់ដឹងអំពីអំពើជួញដូរមនុស្ស និងច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធ» ជូនដល់ម្ចាស់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងហាងម៉ាស្សា-ស្ប៉ា ក្រោមអធីបតី ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង «បង្ការទុកជាមុន» នូវសកម្មភាពជួញដូរមនុស្សនៅតាមទីតាំងអាជីវកម្មកម្សាន្តអារម្មណ៍ ដើម្បីដាស់ស្មារតីភ្ញាក់រលឹកខ្ពស់ និងស្វែងយល់បានច្បាស់លាស់នូវ «បន្ទាត់ក្រហមនៃច្បាប់» ដែលមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ឬកេងប្រវ័ញ្ចលើអនីតិជនជាដាច់ខាត។

ជាកិច្ចចាប់ផ្ដើម លោក ឌី នឿត នាយកប្រតិបត្តិអង្គការ ម៉ារីស៊ី ប្រចាំប្រទេសកម្ពុជា បានថ្លែងថាអង្គការម៉ារីស៊ី បានធ្វើការស្របតាមគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងបទដ្ឋានគតិយុត្តរបស់កម្ពុជា ហើយថ្នាក់ដឹកនាំបង្ហាញនៅស្មារតីគាំពាររបស់អង្គការម៉ារីស៊ី។

លោកបានបន្ដទៀតថា ជាការពិតបេសកកម្មរបស់អង្គការម៉ារីស៊ី គឺរួមគ្នាជាមួយរាជរដ្ឋាភិបាល ហើយថ្មីៗនេះរាជរដ្ឋាភិបាល មានសម្ដេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ចូលរួមក្នុងការរាយការណ៍ និងជួយគាំពារដល់មូលដ្ឋាន ពីព្រោះថាកុមារគឺជាទំពាំងស្នងឬស្សី។

នាឱកាសនោះដែរ លោកស្រី លី រ៉ូហ្សាមី អភិបាលរង នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ តំណាងលោកអភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ថា ភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចសំខាន់មួយដែលអមដោយទន្លេ២ ហើយស័ក្តិសមក្នុងការរៀបចំសណ្ឋាគារ ជាពិសេសកន្លែងកម្សាន្តនានា។

លោកស្រី បានបន្តថា «ប៉ុន្តែបន្ទាត់ក្រហមដែលរដ្ឋបាលខណ្ឌមិនដែលមើលរំលង គឺកុមារ ឬអនីតិជនអាយុក្រោម ១៨ឆ្នាំ ដែលស្ថិតនៅក្នុងខ្សែច្រវាក់អាជីវកម្មកម្សាន្តទាំងនេះ។ រដ្ឋបាលខណ្ឌជ្រោយចង្វារ តែងប្រកាន់ខ្ជាប់នូវគោលការណ៍មិនអត់ឱនដាច់ខាត លើអាជីវកម្មណាដែលកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ឬអនីតិជន»

ជាមួយគ្នានេះដែរ ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានថ្លែងថាអំពើជួញដូរមនុស្ស កាន់តែមានភាពស្មុគស្មាញកាន់តែខ្លាំង ដ្បិតថាជនល្មើសប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលទាមទារឲ្យមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ធ អង្គការដៃគូ និងប្រជាពលរដ្ឋជាដើម។

លោកឧត្តមសេនីយ៍ឯក បានបន្ដថា អ្វីដែលសំខាន់បំផុតនោះ គឺរាជរដ្ឋាភិបាលកម្ពុជា ដូចជាអ្នកពាក់ព័ន្ធទាំងអស់ មានការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងអស់នេះ ដូច្នេះហើយការផ្សព្វផ្សាយការបណ្ដុះបណ្ដាល ការលើកកម្ពស់សមត្ថភាព គឺជារឿងចាំបាច់ដើម្បីឱ្យមានការចូលរួម យ៉ាងហោចណាស់ ក៏ដឹងអំពីអត្តសញ្ញាណនៃអំពើជួញដូរមនុស្សជាតិ កើតចេញពីអ្វី ហើយយ៉ាងណាទៅដែលហៅថាអំពើជួញដូរមនុស្ស។

បងប្អូនអាចទាក់ទងតាមលេខ 1288 ដែលជាលេខទូរស័ព្ទទាន់ហេតុការណ៍ដែលអ្នកអាចតេទៅ ដើម្បីទទួលបានការអន្តរាគមន៍ភ្លាមៗ ប្រសិនបើអ្នកជួបឬចង់រាយការណ៍ទាក់ទងករណីជួញដូរមនុស្សណាមួយ៕