ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចាប់យកឱកាសនៃរដូវវស្សា ចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
26-06-2026 11:20
(ភ្នំពេញ)៖ នៅពេលដែលរដូវវស្សាបានឈានចូលមកដល់នៅទូទាំងប្រទេសកម្ពុជា ក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចាប់យកឱកាសដ៏អំណោយផលនៃរដូវវស្សានេះ ដោយចូលរួមក្នុងយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូត El Niño (អែលនីញ៉ូ) និងការប្រែប្រួលអាកាសធាតុ។
ក្រសួងបរិស្ថាន បានរៀបចំកូនឈើចំនួន ៥លានដើម សម្រាប់ចែកជូនសាធារណជនដោយឥតគិតថ្លៃនៅក្នុងឆ្នាំ២០២៦នេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងក្នុងការដាំដើមឈើឱ្យបានយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងពង្រីកគម្របបៃតងរបស់កម្ពុជា តាមរយៈការចូលរួមយ៉ាងទូលំទូលាយពីសំណាក់សាធារណជន។
សាធារណជនអាចទទួលយកកូនឈើដោយឥតគិតថ្លៃពីគ្រប់មន្ទីរបរិស្ថានរាជធានី-ខេត្តទូទាំងប្រទេស និងពីស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ទាំង ៥របស់ក្រសួង ដែលធ្វើឱ្យការដាំដើមឈើនេះកាន់តែខិតជិត និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លើសពីនេះទៅទៀត កូនឈើរាប់ពាន់ដើមនឹងត្រូវដាក់ជូនដោយឥតគិតថ្លៃនៅក្នុង «ពិព័រណ៍ពន្លកបៃតង» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា នៅទីស្តីការក្រសួងបរិស្ថាន ក្នុងរាជធានីភ្នំពេញ។ អ្នកចូលទស្សនានឹងមានឱកាសទទួលបានកូនឈើ ដើម្បីយកទៅដាំនៅតាមផ្ទះ សាលារៀន វត្តអារាម ចម្ការ កន្លែងធ្វើការ ភូមិឋាន និងទីសាធារណៈនានា។
យោងតាមក្រសួងបរិស្ថាន រដូវវស្សាផ្តល់នូវលក្ខខណ្ឌសមស្របបំផុតសម្រាប់ការដាំដុះ ព្រោះទឹកភ្លៀងគ្រប់គ្រាន់ជួយឱ្យកូនឈើតូចៗអាចចាក់ឫសបានរឹងមាំ និងមានអត្រារស់រានមានជីវិតខ្ពស់។
ក្រសួងបរិស្ថានបានឱ្យដឹងថា ការចែកជូនកូនឈើនៅទូទាំងប្រទេសនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួនក្នុងការបង្កើនគម្របព្រៃឈើ និងដើមឈើ ព្រមទាំងជំរុញឱ្យប្រជាជនកម្ពុជាគ្រប់រូប ក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាន។
ដើមឈើ គឺជាខែលការពារធម្មជាតិដ៏មានប្រសិទ្ធភាពបំផុតមួយរបស់ប្រទេស ប្រឆាំងនឹងផលប៉ះពាល់នៃបាតុភូត El Niño និងការប្រែប្រួលអាកាសធាតុ។ ពួកវាជួយកាត់បន្ថយកម្តៅ រក្សាសំណើមដី ការពារប្រភពទឹក កាត់បន្ថយការហូរច្រោះស្រទាប់ដី ចាប់យកឧស្ម័នកាបូនិច លើកកម្ពស់គុណភាពខ្យល់ ផលិតឧស្ម័នអុកស៊ីសែន និងផ្តល់ជាជម្រកសម្រាប់សត្វព្រៃ។ ការពង្រីកគម្របដើមឈើក៏ជួយឱ្យសហគមន៍នានាបង្កើនភាពធន់នឹងកម្តៅ និងការខ្វះខាតទឹកអូសបន្លាយពេលផងដែរ។
ក្រសួងក៏បានអំពាវនាវដល់ប្រជាជនកម្ពុជាគ្រប់រូប រួមមាន៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មាតាបិតា ព្រះសង្ឃ កសិករ មន្ត្រីរាជការ កងកម្លាំងប្រដា ប់អាវុធ អាជីវករ អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋានឱ្យមកចូលរួមទស្សនា «ពិព័រណ៍ពន្លកបៃតង» និងចូលរួមក្នុងចលនាដាំដើមឈើជាតិ។
ក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «ដើមឈើគ្រប់ដើមដែលបានដាំនៅថ្ងៃនេះនឹងជួយពង្រឹងកម្ពុជានៅថ្ងៃស្អែក។ យើងអាចរួមគ្នាកាត់បន្ថយផលប៉ះពាល់នៃបាតុភូត El Niño ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការពារធនធានទឹក បង្កើនជីវៈចម្រុះ និងរក្សាកម្ពុជាឱ្យមានភាពស្រស់បំព្រង បៃតង និងស្រស់ស្អាតសម្រាប់ជំនាន់ក្រោយ»។
ក្រសួងក៏បានលើកទឹកចិត្តដល់អ្នកទទួលបានកូនឈើទាំងអស់ឱ្យដាំ និងថែទាំវាឱ្យបានដិតដល់ដោយសង្កត់ធ្ងន់ថា ជោគជ័យនៃយុទ្ធនាការនេះ មិនមែនវាស់វែងត្រឹមតែចំនួនកូនឈើដែលបានចែកជូននោះទេ ប៉ុន្តែគឺស្ថិតនៅលើចំនួនដើមឈើដែលរស់រានមានជីវិត និងលូតលាស់ទៅជាដើមឈើដ៏រឹងមាំ។
តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងរាជរដ្ឋាភិបាល និងសាធារណជន ក្រសួងបរិស្ថាន មានគោលបំណងកសាងវប្បធម៌ដាំដើមឈើ និងការស្រឡាញ់ការពារបរិស្ថានឱ្យបានយូរអង្វែង ដើម្បីធានាថា កម្ពុជានៅតែជាប្រទេសដែលស្អាត បៃតង មានភាពធន់ និងមានចីរភាពសម្រាប់ជំនាន់ក្រោយៗទៀត៕



















