គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និង មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នាំយកអំណោយជូនជនភៀសសឹក នៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងស្វែងយល់ពីតម្រូវការជំនួយមនុស្សធម៌នៅខេត្តបាត់ដំបង
26-06-2026 11:24
(បន្ទាយមានជ័យ-បាត់ដំបង)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង និងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក គីម ជុងណាម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ជូនប្រជាជនភៀសសឹកមកពីស្រុកចុងកាល់ ស្រុកបន្ទាយអំពិល ស្រុកអន្លុងវែង ស្រុកត្រពាំងប្រាសាទ និងក្រុងសំរោង ចំនួន ៥០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាពរបស់ជនភៀសសឹក នៅវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
នៅក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោក បណ្ឌិត ធន វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន ក្មួយៗ និងចៅៗទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរៈយុទ្ធជននៅគ្រប់ទីកន្លែង។
ប្រធានគណៈកម្មការទី១០លោក ម៉ម ប៊ុននាង បានមានប្រសាសន៍បន្តថា នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ថ្នាក់ដឹកនាំប្រទេសជាតិរបស់យើង ក៏ដូចជាយើងខ្ញុំទាំងអស់គ្នា ពិតជាយល់ច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបង្ខំចិត្តចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់ដែលកើតចេញពីការបង្កសង្គ្រាមឈ្លានពានយ៉ាងគឃ្លើន និងសហាវព្រៃផ្សៃបំផុតរបស់កងទ័ពថៃមកលើមាតុភូមិកម្ពុជាយើង។ ឯកឧត្តមប្រធាន និងគណៈប្រតិភូ នឹងខិតខំកៀរគរជំនួយមនុស្សធម៌មកជួយឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែច្រើនថែមទៀត។
ក្នុងឳកាសនោះ លោក គីម ជុងណាម ក្នុងនាមប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានសម្តែងនូវក្តីរំជួលចិត្ត អាណិតអាសូរដល់ប្រជនភៀសសឹកទាំងអស់ ជាពិសេសក្មេងតូចៗដែលត្រូវការការថែរក្សានិងយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងទទួលបាននូវការអប់រំយ៉ាងល្អ ប្រែជាត្រូវភៀសសឹកពីលំនៅដ្ឋានដ៏កក់ក្តៅ។ លោកប្រធានមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានមកឃើញផ្ទាល់ភ្នែក និងស្វែងយល់យ៉ាងច្បាស់ពីតម្រូវការចាំបាច់ជាក់ស្តែងរបស់បងប្អូនប្រជាជនភៀសសឹក។ ពេលត្រឡប់ទៅប្រទេសកូរ៉េវិញ លោកប្រធាននឹងខិតខំរៀបចំជំនួយមនុស្សធម៌ដែលស្របនឹងតម្រូវការចាំបាច់របស់បងប្អូន ហើយផ្ញើជូនដល់បងប្អូនឱ្យលឿនតាមដែលអាចធ្វើបាន។
នារសៀលថ្ងៃដដែល គណៈប្រតិភូទាំងពីរ បានបន្តអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីតម្រូវការជំនួយមនុស្សធម៌ ដែលត្រូវប្រើប្រាស់ចាំបាច់ក្នុងការចូលរួមលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនខេត្តបាត់ដំបងឱ្យបានកាន់តែប្រសើរ។
សូមរំលឹកថា ព្រឹទ្ធសភា តាមរយៈគណៈកម្មការទី១០ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការផ្តល់ជំនួយមនុស្សធម៌ ក្នុងទំហំទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ជូនដល់រដ្ឋបាលខេត្តបាត់ដំបង សម្រាប់អនុវត្តរយៈពេល ៥ឆ្នាំ (២០២៦-២០៣១)។
តបតាមការអញ្ជើញរបស់លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា លោក គីម ជុងណាម ប្រធានមូលនិធិចែករំលែងសង្គ្រោះជីវិតសកលនៃសាធារណៈរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារមនុស្សធម៌រយៈពេល ៧ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពេលបំពេញទស្សនកិច្ច គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងទទួលការបំពាក់គ្រឿងឥស្សរិយយស, ចុះអនុស្សរណៈបន្ថែមជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភា ក្នុងទំហំទឹកប្រាក់ ១៥លានដុល្លាអាមេរិក ដើម្បីជួយដល់ប្រជាជនក្រីក្រ និងជនងាយគ្រោះនៅខេត្តកែប ខេត្តព្រៃវែង និងខេត្តបាត់ដំបង ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនដល់មណ្ឌលកុមារកំព្រានៅខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងប្រជានភៀសសឹកនៅខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ មូលនិធិចែករំលែកសង្គ្រោះជីវិតកលនៃសាធារណរដ្ឋកូរ៉េ បានប្រគល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដើម្បីចូលរួមលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជនក្រីក្រកម្ពុជា ចំនួន ២២លើក ក្នុងទំហំទឹកប្រាក់ប្រមាណជាង ៣៤លានដុល្លារអាមេរិក៕





























