បណ្ឌិត ញិល រដ្ឋា៖ ហេតុអ្វីបានជាកម្ពុជានៅតែ «ដកដង្ហើមតាមច្រមុះអ្នកជិតខាង» លើដង្ហើមសេដ្ឋកិច្ចទេសចរណ៍?

26-06-2026 12:45

(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា នៅក្នុងសតវត្សរ៍ទី ២១ វិស័យទេសចរណ៍លែងគ្រាន់តែជាការកម្សាន្តទៀតហើយ ប៉ុន្តែវាគឺជារណសិរ្សសេដ្ឋកិច្ច និងជាសមរភូមិ «អំណាចទន់» (Soft Power) យ៉ាងស្រួចស្រាវ។ ខណៈពេលដែលពិភពលោកកំពុងដើរចូលឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាហាក់ដូចជាកំពុងស្ថិតក្នុងស្ថានភាពដកដង្ហើមតាមច្រមុះអ្នកជិតខាងទាំងពីរ ពោលគឺ ថៃ និងវៀតណាម នៅក្នុងការទាញយកលំហូរមាសបៃតងនេះ។

លោកបណ្ឌិត បានចោទជាសំណួរថា ហេតុអ្វីបានជាយើងមានសម្បត្តិវប្បធម៌មហាសាល ប៉ុន្តែនៅតែមិនទាន់អាចបង្កើត «ដង្ហើមផ្ទាល់ខ្លួន» បានពេញលេញ?

១. ប្រវត្តិ និងឥរិយាបថខ្មែរ ថៃ និងយួន៖ ពីអតីតកាលដល់សមរភូមិអំណាចទន់ ឫសគល់នៃបញ្ហានេះ មិនមែនទើបតែដុះឡើងនៅថ្ងៃនេះទេ ប៉ុន្តែវាទាក់ទងនឹងឥរិយាបថប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រជាតិរបស់ប្រទេសនីមួយៗ៖

- ថៃ (សិល្បៈនៃការវេចខ្ចប់ និងពាណិជ្ជូបនីយកម្ម)៖ ថៃមានឥរិយាបថបត់បែនខាងការទូត និងពូកែខាង «កែច្នៃរបស់រឿងព្រេងឱ្យទៅជាលុយ»។ ពួកគេយកវប្បធម៌រួមគ្នានៅក្នុងតំបន់មកបង្កើតជាយុទ្ធសាស្ត្រអំណាចទន់ ៥Fs (Food, Film, Festival, Fashion, Fighting) យ៉ាងមានប្រសិទ្ធភាព (មានន័យថា អាហារ កុន បុណ្យ ម៉ូដ និងប្រដាល់)។ ពួកគេមិនត្រឹមតែលក់ឆ្នេរខ្សាច់ ឬប្រាសាទបុរាណនោះទេ ប៉ុន្តែពួកគេលក់ «បទពិសោធន៍ និងសេរីភាព»។

- វៀតណាម (មហិច្ឆតានៃការទម្លុះ និងភាពរហ័សរហួន)៖ ប្រជាជាតិវៀតណាមមានឥរិយាបថចចេស រហ័សរហួន និងមានមហិច្ឆតាខ្ពស់ (Aggressive Growth)។ ក្រោយវិបត្តិសកល ពួកគេបានកែប្រែគោលនយោបាយទិដ្ឋាការយ៉ាងលឿន បើកជើងហោះហើរត្រង់ពាសពេញពិភពលោក និងអភិវឌ្ឍតំបន់ទេសចរណ៍ថ្មីៗ (Secondary Destinations) ដូចជា មូយណេ (Mui Ne) រហូតជាប់ចំណាត់ថ្នាក់ជាទីក្រុងឆ្នេរពេញនិយមសកល។

- កម្ពុជា (ការជ្រមុជក្នុងមោទនភាព និងភាពអភិរក្សនិយមពេក)៖ ឥរិយាបថខ្មែរយើងគឺ ច្រើនតែផ្តោតលើមោទនភាពប្រវត្តិសាស្ត្រ (ទម្រង់អតីតកាល) ប៉ុន្តែខ្សោយខាងការ «វេចខ្ចប់» បង្កើតផលិតផលទេសចរណ៍ចម្រុះសម្រាប់បច្ចុប្បន្ន។ យើងនៅតែមើលឃើញអង្គរវត្តជាដង្ហើមតែមួយគត់ ដោយភ្លេចគិតថា ទេសចរជំនាន់ថ្មីត្រូវការលើសពីការមើលថ្មប្រាសាទ ពោលគឺពួកគេត្រូវការការកម្សាន្ត បច្ចេកវិទ្យាសម្របសម្រួល និងការធ្វើដំណើរដែលគ្មានការរំខាន។

២. ទេសចរណ៍បរទេស និងការមកដល់ប្រទេសខ្មែរ៖ អន្ទាក់ «ច្រកទ្វារបន្ទាប់បន្សំ» នៅពេលពិនិត្យមើលទិន្នន័យឆ្នាំ ២០២៦

- ថៃ គ្រាន់តែឆមាសទីមួយ ទាញភ្ញៀវបានជាង ១៥.៤លាននាក់។

- វៀតណាម គ្រហឹមជាមួយនឹងគោលដៅ ២៥លាននាក់ ដោយគ្រាន់តែ ៤ខែដំបូងវាយលុកបាន ៨.៨លាននាក់រួចស្រេច។

ចុះកម្ពុជា? ការមកដល់នៃទេសចរអន្តរជាតិភាគច្រើននៅតែជា «ភ្ញៀវចាយលុយសល់» ឬភ្ញៀវបន្តកន្ទុយពីថៃ និងវៀតណាម (Transit / Cross-border Tourists)។ មានន័យថា ភ្ញៀវចំណាយលុយទិញសំបុត្រយន្តហោះថ្លៃៗទៅចុះនៅបាងកក ឬសៃហ្គន ស្នាក់នៅទីនោះ ៧យប់ ហើយទើបឆ្លៀតហោះមកសៀមរាបតែ ១ ឬ ២យប់ រួចហោះត្រឡប់ទៅវិញ។ កម្ពុជាកំពុងដើរតួជា «បង្អែមលាងមាត់» លើតុអាហារ ខណៈដែលថៃ និងវៀតណាមជា «ម្ហូបអភិជន» ដែលប្រមូលយកលុយដុំធំៗទៅអស់។

៣. ទិន្នន័យកំពូលទាំង១០ ( Top 10) នៃទេសចរមកកម្ពុជា៖ តួលេខលាក់តថភាព

ជារឿយៗរបាយការណ៍ស្ថិតិបង្ហាញថា ចំនួនភ្ញៀវទេសចរមកកម្ពុជាមានការកើនឡើងរាប់លាននាក់ ដែលមើលទៅគួរឱ្យរីករាយ។ បច្ចុប្បន្នប្រទេសថៃ វៀតណាម និងចិន គឺជា «បងធំទាំងបី» (Big Three) ដែលក្តោបក្តាប់ចំណែកធំបំផុតនៃទីផ្សារទេសចរណ៍ចូលកម្ពុជា រួមដំណើរដោយឡាវ និងក្រុមបស្ចិមប្រទេស (អាមេរិក បារាំង អង់គ្លេស ជប៉ុន និងម៉ាឡេស៊ី) នៅក្នុងបញ្ជី Top 10។

ទោះជាយ៉ាងណា បើពិនិត្យឱ្យស៊ីជម្រៅទៅលើបញ្ជីនេះ យើងនឹងឃើញតថភាពគួរឱ្យព្រួយបារម្ភដែលលាក់បាំងនូវគម្លាតយ៉ាងធំធេងរវាង «បរិមាណមនុស្ស (Arrivals Volume)» និង «គុណតម្លៃសេដ្ឋកិច្ចពិតប្រាកដ (Economic Value)»

ក. បាតុភូត «តួលេខខ្ពស់ តែចំណាយទាប» នៃប្រទេសជិតខាង

ភ្ញៀវលំដាប់កំពូលៗក្នុងបញ្ជីដូចជា ថៃ វៀតណាម និងឡាវ ភាគច្រើនជាអ្នកទេសចរណ៍ព្រំដែន (Border Tourism) ឬអ្នកដំណើរអាជីវកម្មខ្នាតតូច (Day-Trippers)។ ពួកគេធ្វើដំណើរចូលតាមច្រកទ្វារដីគោក មកពិនិត្យសុខភាព ធ្វើការងារ ឬចូលកាស៊ីណូ រួចត្រឡប់ទៅវិញក្នុងថ្ងៃតែមួយ ឬស្នាក់នៅត្រឹម ១-២រាត្រីក្នុងសណ្ឋាគារធម្មតា។ ពួកគេមិនសូវប្រើប្រាស់សេវាកម្មកញ្ចប់ទស្សនកិច្ច (Tour Packages) ឬទិញសំបុត្រចូលទស្សនាប្រាសាទបុរាណនោះទេ ដែលធ្វើឱ្យកម្រិតចំណាយជាក់ស្តែង (Yield) មានទំហំតូច បើធៀបនឹងចំនួនមនុស្សដ៏ច្រើន។

ខ. អន្ទាក់ពួកស្ពាយកាបូប (Backpackers) នៃទីផ្សារបស្ចិមប្រទេស

ចំពោះភ្ញៀវមកពី សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស ទិន្នន័យបង្ហាញថាពួកគេមាន «រយៈពេលស្នាក់នៅវែង» (ចន្លោះពី ១ ទៅ ៣ សប្តាហ៍) ដែលមើលទៅហាក់ដូចជាល្អ។ ប៉ុន្តែតថភាពពិតប្រាកដ ភ្ញៀវក្រុមនេះមួយផ្នែកធំគឺជា Backpackers (អ្នកទេសចរកាតាបស្ពាយថវិកាទាប)។ ពួកគេស្នាក់នៅផ្ទះសំណាក់តម្លៃទាប (Hostels) ញ៉ាំអាហារតាមចិញ្ចើមផ្លូវ (Street Food) និងរឹតត្បិតការចំណាយប្រចាំថ្ងៃខ្ពស់។ ស្របពេលជាមួយគ្នា ភ្ញៀវពីម៉ាឡេស៊ី ឬកូរ៉េ ក៏ចាប់ផ្តើមប្តូរនិន្នាការទៅជាការដើរលេងលក្ខណៈឯករាជ្យ (FITs) ដោយកាត់បន្ថយការប្រើប្រាស់មគ្គុទ្ទេសក៍ ឬសណ្ឋាគារប្រណីតៗផងដែរ។

គ. ការផ្លាស់ប្តូរទម្រង់នៃទីផ្សារចិន

ទោះបីជាចិនស្ថិតក្នុងក្រុម Big Three ក៏ដោយ ប៉ុន្តែភ្ញៀវចិនជាង ៥០% នាពេលបច្ចុប្បន្ន គឺជាអ្នកដំណើរពាក់ព័ន្ធនឹងពាណិជ្ជកម្ម និងការវិនិយោគ (Business Travelers) មិនមែនជាអ្នកទេសចរលំហែកាយសុទ្ធសាធឡើយ។ ម្យ៉ាងវិញទៀត ផ្នែកខ្លះនៃលំហូរចំណូលពីទេសចរចិននៅតែធ្លាក់ទៅលើចរន្ត «សេដ្ឋកិច្ចបិទជិត» (Zero-Dollar Tourism) ដូចជាសណ្ឋាគារ ឬភោជនីយដ្ឋានជារបស់ខ្សែច្រវ៉ាក់ចិន ដែលធ្វើឱ្យសាច់ប្រាក់ធ្លាក់ដល់ដៃសហគមន៍មូលដ្ឋានខ្មែរនៅមានកម្រិត។

ការមើលតែតួលេខសរុប (Quantity) ដោយមិនបានវែកញែកពីគុណភាព និងកម្រិតចំណាយ (Quality & Spending Power) ធ្វើឱ្យយើងវាយតម្លៃគោលនយោបាយទេសចរណ៍ជាតិខុសធ្ងន់ធ្ងរ ព្រោះចំនួនមនុស្សច្រើន តែលុយហូរចូលសេដ្ឋកិច្ចជាក់ស្តែងមានទំហំតូច។

៤. ភ្ញៀវចិន ឥណ្ឌា និងស្រមោលនៃការភ័យខ្លាច «ស្កេមអនឡាញ» (Online Scams)

ទីផ្សារចិន និងឥណ្ឌា គឺជាអនាគតនៃទេសចរណ៍សកល ដោយសារចំនួនប្រជាជនដ៏ច្រើនលើសលប់ និងកម្លាំងទិញដែលកំពុងកើនឡើង។ ទោះជាយ៉ាងណា កម្ពុជានៅតែជួបឧបសគ្គធំធេងក្នុងការចាប់យកទីផ្សារទាំងពីរនេះ៖

- ស្រមោលអាក្រក់នៃព័ត៌មានស្កេម៖ ព័ត៌មានអវិជ្ជមាន និងការប្រឌិតហួសការពិតនៅលើបណ្តាញសង្គមចិន និងអន្តរជាតិ អំពោលគឺបញ្ហាបង្ខាំងមនុស្ស និងការឆបោកអនឡាញ (Online Scams/Cybercrime) នៅតាមតំបន់ព្រំដែន បានបង្កើតជា «ចិត្តសាស្ត្រភ័យខ្លាច» យ៉ាងជ្រៅក្នុងចំណោមភ្ញៀវចិន និងឥណ្ឌា។

- ផលប៉ះពាល់៖ ទោះបីជាកម្ពុជាព្យាយាមផ្សព្វផ្សាយពីភាពទាក់ទាញ និងសុវត្ថិភាពយ៉ាងណាក៏ដោយ ក៏ការស្ទាក់ស្ទើររបស់ភ្ញៀវនៅតែមានខ្ពស់។ ខណៈពេលដែលថៃប្រើប្រាស់អំណាចទន់ ដូចជា «Phuket City Pride» ឬពិធីបុណ្យតន្ត្រីដើម្បីបោសសម្អាតរូបភាពអវិជ្ជមាន យុទ្ធសាស្ត្រឆ្លើយតបព័ត៌មាន និងការធានាសន្តិសុខឌីជីថលរបស់កម្ពុជានៅមានភាពយឺតយ៉ាវនៅឡើយ។

៥. គណនេយ្យភាព និងសក្ដានុពលភ្ញៀវរុស្ស៊ី

ទីផ្សារសំខាន់ (ចាស់គេ ថ្មីខ្មែរ) ដែលកម្ពុជាមើលរំលង ខណៈពេលដែលយើងកំពុងឈឺក្បាលនឹងការធ្លាក់ចុះនៃទីផ្សារប្រពៃណី ទិន្នន័យទីផ្សាររុស្ស៊ីបានបង្ហាញពីឱកាសដ៏មហាសាល។ ទេសចររុស្ស៊ីកំពុងសម្រុកមកអាស៊ានរហូតដល់ ១១.២% (២.៣៤លាននាក់) ដោយសារពួកគេចង់គេចពីទណ្ឌកម្ម និងការបិទផ្លូវនៅអឺរ៉ុប។ ថៃក្តោបបាន ១.៣៧លាននាក់ វៀតណាមហក់ឡើង ១៩៧% (៦៩០K នាក់) តែខ្មែរទទួលបានត្រឹម ៤៥.៧ Kនាក់ ប៉ុណ្ណោះ (អកុសល)។

បើពិនិត្យលើ ការគណនាចំណាយ និងចម្ងាយផ្លូវ ទេសចររុស្ស៊ីម្នាក់ចំណាយជាមធ្យម 2,674 ដុល្លារ/សប្តាហ៍៖

- លំហូរសាច់ប្រាក់ផ្ទាល់៖ ពួកគេចាក់បញ្ចូល ១,២៥០ដុល្លារ ជាសាច់ប្រាក់រាវចូលក្នុងសេដ្ឋកិច្ចមូលដ្ឋាន ( F&B $420, ទិញទំនិញ $327, កម្សាន្ត $280)។ នេះគឺជាលុយស្អាតដែលហូរចូលទៅក្នុងដៃប្រជាពលរដ្ឋ និងកសិករខ្មែរភ្លាមៗ ដាច់ស្រឡះពីទម្រង់ Backpackers ឬ Zero-Dollar។

- តម្លៃសេដ្ឋកិច្ចឆ្លងកាត់ (Transit Value)៖ ក្នុងរចនាសម្ព័ន្ធចំណាយនេះ រុស្ស៊ីទទួលបាន 689.20 ដុល្លារ ចិនទទួលបាន ១៧៩.៣០ដុល្លារ (តាមរយៈខ្សែសង្វាក់យន្តហោះ និងបច្ចេកវិទ្យា) ប៉ុន្តែប្រទេសគោលដៅចុងក្រោយទទួលបានរហូតដល់ ១,៨០៥.៥០ដុល្លារ រួមទាំងចំណូលពន្ធដល់ទៅ ៤៣០ដុល្លារ។

ទេសចររុស្ស៊ីចូលចិត្តការស្នាក់នៅរយៈពេលវែង (Long stay) និងការចំណាយខ្ពស់ (High yield)។ ចម្ងាយផ្លូវឆ្ងាយមិនមែនជាឧបសគ្គសម្រាប់ពួកគេឡើយ ប្រសិនបើកម្ពុជាមានយន្តការសម្របសម្រួលទិដ្ឋាការ ជើងហោះហើរត្រង់ និងស្ថាបត្យកម្មហិរញ្ញវត្ថុជំនួស (ដូចជាការស្កេន QR កូដ ប្រព័ន្ធបាគង ឬកាត MIR) ដើម្បីឱ្យពួកគេអាចចាយលុយបានដោយមិនជាប់គាំងនឹងទណ្ឌកម្ម SWIFT។

សន្និដ្ឋាន៖ កម្ពុជាមិនអាចបន្តរស់នៅដោយការដកដង្ហើមតាមច្រមុះរបស់ថៃ ឬវៀតណាម រង់ចាំតែការបោះកម្ទេចកំទីទេសចរណ៍ពីពួកគេទៀតនោះទេ។ ដើម្បីរុះរើរចនាសម្ព័ន្ធចាស់ ហើយឈានទៅសម្រេចរូបមន្តមាសការទូតសេដ្ឋកិច្ច «៣០-២៥-២០-១៥-១០» កម្ពុជាត្រូវតែ៖

ក. លះបង់ការមើលតែតួលេខ Top 10 បែបបរិមាណ ហើយងាកមកពង្រឹងគុណភាព បំប្លែងពីទេសចរណ៍បរិមាណ ទៅជាទេសចរណ៍គុណតម្លៃ បង្កើតផលិតផលដែលទាក់ទាញភ្ញៀវឱ្យហោះត្រង់មកស្នាក់នៅរយៈពេលវែង និងចំណាយច្រើនជាជាងក្រុម Backpackers ថវិកាតិច។

ខ. បំបាត់ស្រមោលភ័យខ្លាចស្កេមអនឡាញ តាមរយៈការអនុវត្តច្បាប់ដ៏តឹងរ៉ឹង និងយុទ្ធនាការទូរគមនាគមន៍កម្រិតអន្តរជាតិ ដើម្បីស្តារកិត្តិនាម និងទំនុកចិត្តឡើងវិញសម្រាប់ទីផ្សារចិន និងឥណ្ឌា។

គ. បង្កើតខ្នើយសេដ្ឋកិច្ចមិនជាប់ទណ្ឌកម្ម ដោយបើកច្រកយុទ្ធសាស្ត្រទាក់ទាញទេសចរចំណាយខ្ពស់ដូចជារុស្ស៊ី រៀបចំប្រព័ន្ធទូទាត់ឌីជីថលជំនួស ដោះស្រាយបញ្ហាហោះហើរត្រង់ និងតភ្ជាប់ខ្សែសង្វាក់កសិកម្មក្នុងស្រុកឱ្យទៅជាផលិតផលទេសចរណ៍បដិសណ្ឋារកិច្ច។

ប្រទេសតូចមិនអាចរស់បានដោយការរង់ចាំជោគវាសនាដែលគេបែងចែកឱ្យនោះទេ វារស់បានដោយសារការបង្កើតតម្លៃយុទ្ធសាស្ត្រដាច់ដោយឡែក ដែលគ្រប់ភាគីទាំងអស់មិនអាចខ្វះបាន។ ដល់ពេលដែលកម្ពុជាត្រូវតែមានច្រមុះផ្ទាល់ខ្លួន ដើម្បីដកដង្ហើមដោយមោទនភាព និងឯករាជ្យភាពសេដ្ឋកិច្ចពិតប្រាកដនៅលើឆាកអន្តរជាតិ៕