ក្រសួងសាធារណការ ជូនដំណឹងពីការចុះបញ្ជីអាជ្ញាបណ្ណផ្លូវថ្នល់ សម្រាប់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ និងការត្រួតពិនិត្យសំណង់លើវិស័យផ្លូវថ្នល់

26-06-2026 13:59

(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងដល់ លោក លោកស្រី ជារូបវន្តបុគ្គល និងនីតិបុគ្គលដែលមានបំណងចង់ប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា ទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សូមដាក់ពាក្យស្នើសុំ«អាជ្ញាបណ្ណផ្លូវថ្នល់» ដោយបំពេញតាមលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ ប្រកបអាជីវកម្ម ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

នៅក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានក្រើនរំលឹកបន្ថែមថា ក្នុងករណីបុគ្គលដែលប្រកបអាជីវកម្មលើ វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ ការផ្តល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សា គម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ ដោយគ្មានអាជ្ញាបណ្ណផ្លូវថ្នល់ នឹងត្រូវទទួលពិន័យអន្តរការណ៍ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់។

ទន្ទឹមនឹងនេះក្រសួងក៏សូមលើកទឹកចិត្តដល់វិស័យឯកជន ដែលមានជំនាញ និងបទពិសោធន៍លើផ្នែកសេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ការសិក្សាគម្រោងប្លង់ ការត្រួតពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីចូលរួមក្នុងការកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ដូចជាការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភា ដែលមានកំណត់ក្នុងបញ្ចកោណយុទ្ធសាស្ត្រទី៣ «ការអភិវឌ្ឍវិស័យឯកជន និងការងារ»៕