មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញមន្ទីរអប់រំខេត្តសៀមរាប និងខេត្តពាក់ព័ន្ធ បន្តគាំទ្រការអនុវត្តកម្មវិធីសួនសិក្សា និងផ្ទះបាយសិក្សា ដើម្បីលើកកម្ពស់ការអប់រំដល់កុមារ
26-06-2026 14:39
(សៀមរាប)៖ លោកបណ្ឌិត ចាន់ សុភាព អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប និងខេត្តពាក់ព័ន្ធដទៃទៀត បន្តគាំទ្រការអនុវត្តកម្មវិធីសួនសិក្សា និងផ្ទះបាយសិក្សា តាមរយៈការប្រើប្រាស់ឯកសារជំនួយសម្រាប់ការដឹកនាំបង្រៀន ដែលបានអនុញ្ញាតដាក់ឱ្យប្រើប្រាស់នាពេលកន្លងមក ដើម្បីជាប្រយោជន៍ និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សានុសិស្ស។
ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត ចាន់ សុភាព នៅក្នុងសិក្ខាសាលាបិទគម្រោង និងប្រគល់ទទួលសមិទ្ធផលគម្រោងសួនសិក្សា និងផ្ទះបាយសិក្សា នៅខេត្តសៀមរាប នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប និងលោក រ័ត្ន តារាពិសួគ៌ ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
លោកបណ្ឌិត បានបន្តថា សមិទ្ធផលនេះ ជាការផ្តល់ធនធានសម្រាប់ដំណើរការសាលារៀន រួមចំណែកគាំទ្រការរៀន និងបង្រៀន ប្រកបដោយបរិយាបន្ន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ ស្របទៅតាមការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្សំគ្នាជាមួយផែនការយុទ្ធសាស្ត្រវិស័យអប់រំ។ ការចូលរួមចំណែកពីដៃគូរអភិវឌ្ឍ ជាពិសេសការចូលរួមរបស់អង្គការភ្លែន នាពេលនេះ ក៏ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ដែលបានចាត់ទុក «ភាពជាដៃគូរវាងរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ»។
លោកបណ្ឌិតបន្តថា គម្រោងបានផ្តល់ផលប្រយោជន៍ជាច្រើន ដល់ការរួមចំណែកធ្វើឱ្យប្រសើរឡើង នៃលទ្ធផលសិក្សារបស់សិស្ស និងផ្តល់បរិយាកាសអំណោយផលសម្រាប់កុមារ ដើម្បីបង្ហាញការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយា ប្រកបដោយសមធម៌យេនឌ័រ។ បន្ថែមពីនេះ គម្រោងក៏បានប្រែក្លាយសួនច្បារសាលារៀន និងកន្លែងផ្ទះបាយ ទៅជាផ្នែកបន្ថែមនៃថ្នាក់រៀន និងគាំទ្រគ្រូបង្រៀន ឱ្យប្រើបច្ចេកទេសសិក្សាផ្អែកតាមបទពិសោធ និងការអនុវត្តផ្ទាល់របស់សិស្សនៅក្នុងសួនបន្លែ និងផ្ទះបាយ។
លោកបណ្ឌិត ចាន់ សុភាព បានបញ្ជាក់ថា កម្មវិធីនៅថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងអប់រំ ក្នុងការធានាគុណភាពអប់រំ និងធានាថា មិនឱ្យកុមារណាម្នាក់ស្ថិតនៅក្រៅប្រព័ន្ធអប់រំប៉ុណ្ណោះទេ តែវាជាការបង្ហាញឱ្យឃើញពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចរបស់រដ្ឋ លើសេចក្តីថ្លែងការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស អនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិកុមារ កតិកាសញ្ញា និងពិធីសារនានា ដែលធានាផ្តល់សេវា អប់រំប្រកបដោយគុណភាព ដល់អ្នកសិក្សាប្រកបដោយបរិយាបន្ននិងគ្មានការរើសអើង។
ជាមួយគ្នានេះ លោក តោ គឹមស៊ាន បានលើកឡើងថា តាមរយៈការចូលរួមវិនិយោគយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន សហគមន៍ សប្បុរសជនជាតិ អន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍលើវិស័យអប់រំ ពិសេសនៅកម្រិតបឋមសិក្សា ជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍប្រទេស ដូច្នេះយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់លើកកម្ពស់វិស័យអប់រំទាំងអស់គ្នា។ រយៈពេលជិត៩ឆ្នាំនេះ គម្រោងសួនសិក្សា និងផ្ទះបាយសិក្សា បានផ្ដល់ប្រយោជន៍ជាច្រើនដល់សាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។
លោកបន្តថា តាមរយៈលទ្ធផលនៃការស្វ័យវាយតម្លៃពីសមត្ថភាព និងទំនុកចិត្តលើការអនុវត្តគម្រោងនេះ ក្នុងខែមិនា ឆ្នាំ២០២៦កន្លងទៅ បង្ហាញថាសាលារៀនគោលដៅចំនួន ១៧.៤% វាយតម្លៃថាមានសមត្ថភាព និងទំនុកចិត្តខ្លាំងបំផុត និង ៧៩.១% វាយតម្លៃថាមានសមត្ថភាព និងទំនុកចិត្តខ្លាំង និង ៣.៥% វាយតម្លៃថាមានសមត្ថភាព និងទំនុកចិត្តមធ្យម។
លោក តោ គឹមស៊ាន បានបញ្ជាក់ថា គម្រោងនេះ បាន និងកំពុងអនុវត្តនៅក្នុងសាលាបឋមសិក្សាគោលដៅចំនួន៨៦ ក្នុងក្រុងស្រុកចំនួន៥ នៃខេត្តសៀមរាប ក្នុងនោះស្រុកស្រីស្នំ ២៥សាលា, ស្រុកអង្គរជុំ ៣៩សាលា, ស្រុកបន្ទាយស្រី ១៣សាលា, ស្រុកអង្គរធំ ៥សាលា និង ក្រុងរុនតាឯកតេជោសែន ៤សាលា និងមានសិស្សានុសិស្សជាង ២ម៉ឺននាក់ និងលោកគ្រូអ្នកគ្រូជិត ១ពាន់នាក់ កំពុងទទួលផលដោយផ្ទាល់ និងប្រយោល។
លោក រ័ត្ន តារាពិសួគ៌ បានឱ្យដឹងថា បច្ចុប្បន្នអង្គការភ្លែនអន្តរជាតិកម្ពុជា កំពុងអនុវត្តកម្មវិធីយុទ្ធសាស្ត្រចំនួន៤ រួមមាន៖ កម្មវិធីចាប់ផ្ដើមជាមួយសុខភាពល្អ កម្មវិធីកិច្ចការពារជំនាន់ថ្មី កម្មវិធីរៀនពេញមួយជីវិត និងកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដែលកំពុងនឹងអនុវត្តនៅក្នុងខេត្តសៀមរាប រតនគីរី និងខេត្តស្ទឹងត្រែង។ ក្រោមកិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រសួងអប់រំ មន្ទីរអម់រំ គម្រោងបានផ្ដល់ចំណេះដឹង ជំនាញ និងទំនុកចិត្តដល់សិស្សានុសិស្ស ជាពិសេសក្មេងស្រីជំទង់ និងក្មេងស្រីវ័យក្មេង។
លោកបញ្ជាក់ថា ទោះគម្រោងយើងបានបញ្ចប់ តែក៏សូមឱ្យភាគីពាក់ព័ន្ធ បន្តចូលរួមគាំទ្រដល់គំនិតផ្តួចផ្តើមសួនសិក្សា និងផ្ទះបាយសិក្សា ដើម្បីឧត្តមប្រយោជន៍របស់ប្អូនៗសិស្សានុសិស្ស តាមរយៈការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តគំនិតផ្តួចផ្តើមនេះ, ការវិនិយោគបន្តពីដៃគូអភិវឌ្ឍន៍, ការចូលរួមពីគ្រប់ដៃគូប្រកបដោយនវានុវត្តន៍រួមទាំងវិស័យឯកជន។ ជាពិសេស ការសហការបន្តដើម្បីធានាគុណភាព សមធម៌ និងផលប៉ះពាល់នៅកម្រិតទូទាំងប្រទេស ដើម្បីចូលរួមចំណែកកាត់បន្ថយអត្រាកង្វះអាហារូបត្ថម្ភ និងធ្វើឱ្យលទ្ធផល នៃការរៀនសូត្ររបស់សិស្សានុសិស្សមានភាពប្រសើរឡើង៕


















