តុលាការខេត្តកណ្ដាល ឃុំខ្លួនក្មេងទំនើងដាក់ពន្ធនាគារ ចំនួន១៩នាក់ លើករណី២ផ្សេងគ្នា ដែលបានអុកឡុកនៅស្រុកអង្គស្នួល

26-06-2026 15:16

(កណ្ដាល)៖ ករណីក្រុមក្មេងទំនើងកាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចបង្អើលអ្នកភូមិ ត្រូវនគរបាលស្រុកអង្គស្នួលចាប់ក្របួចបានយកទៅចាត់ការតាមច្បាប់នោះ ត្រូវបានចៅក្រម ហោ ពិសី បានសម្រេចឃុំខ្លួនក្រោយលោក លាង អ៊ូ ព្រះរាជអាជ្ញារងបានធ្វើការចោទប្រកាន់ពីបទ «កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» តាមបញ្ញត្តិមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

ករណីមួយទៀត គឺក្រុមក្មេងទំនើង១៤នាក់រហ័សនាម «ក្រុមប្លុកតាន់» កាប់ប្រហារយុវជន៦នាក់ឲ្យរងរបួស ត្រូវបានសមត្ថកិច្ចស្រុកអង្គស្នួល សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ ក្របួចបាន៧នាក់ និងតាមចាប់បក្ខពួកនៅសល់, ត្រូវបានចៅក្រមលោក ម៉ាង ណុល សម្រេចឃុំខ្លួនអ្នកមានខ្លួនទាំងអស់ និងកាត់ទោសកំបាំងមុខចំពោះអ្នកពាក់ព័ន្ធដែលគេចខ្លួនដាក់ពន្ធនាគារ ក្រោយលោកស្រី ផាត់ សគន្ធថង តំណាងអយ្យការបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» តាមបញ្ញតមាត្រា២១៨ ,៤១០ នៃក្រមព្រហ្មទណ្ឌ។

នេះបើតាមការឲ្យដឹងពីលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ដែលបានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

សូមបញ្ជាក់ ករណីក្រុមក្មេងទំនើងចំនួន៥នា ក់បំពាក់ដោយកាំបិតផ្គាក់ ដំបង និងចំពាមកៅស៊ូ ជិះម៉ូតូប្រសាចពេញផ្លូវ បណ្ដាលឲ្យអ្នកភូមិមានការភិតភ័យ ហើយប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយត្រូវបានចាប់ក្របួចយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាល ដើម្បីចាត់ការតាមនីតិវិធី បានកើតឡើងកាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ក្រុមក្មេងទំនើង១៤នាក់រហ័សនាម «ក្រុមប្លុកតាន់» កាប់ប្រហារយុវជន៦នាក់ឲ្យរងរបួស, សមត្ថកិច្ចស្រុកអង្គស្នួល សហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ ក្របួចបាន៧នាក់ និងតាមចាប់បក្ខពួកនៅសល់ បានកើតហេតុកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល៕