៥ខែ ឆ្នាំ២០២៦ តំបន់ឆ្នេរសមុទ្រកម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង១៨ម៉ឺននាក់ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ខ្នាតយក្សលំដាប់អន្តរជាតិជាច្រើន (Video inside)

26-06-2026 15:25

(ភ្នំពេញ)៖ យោងតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាដែលត្រូវបានល្បីល្បាញពេញពិភពលោក តាមរយៈបេះដូងដ៏ធំទូលាយ និងសប្បុរសធម៌របស់ខ្លួនដោយបានអនុញ្ញាតឲ្យនាវាចរណ៍ដ៏ធំ Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីត្រូវបានបដិសេធមិនឲ្យចូលចតនៅប្រទេស និងកោះជាច្រើន ដោយការបារម្ពពីការឆ្លងរីករាលដាលពីជំងឺកូវីដ១៩។

បច្ចុប្បន្ននេះ កិត្តិនាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា បានទាក់ទាញឱ្យពិភពលោក បានដឹងលឺម្តងទៀត តាមរយៈចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលមកដល់តាមផ្លូវសមុទ្រពីគ្រប់ទិសទីនៃពិភពលោក។

គិតត្រឹមរយៈពេល នៃ៥ខែ ដើមឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៃពិភពលោកដែលធ្វើដំណើរ តាមនាវាចរណ៍របស់ក្រុមហ៊ុនពហុជាតិធំៗ ជាង១៨៤,០០០នាក់ បានមកទស្សនា និងកោតសរសើរមិនដាច់ពីមាត់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលត្រូវបានចាត់ទុកជាឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដោយក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដែលមានសមាជិកចំនួន២៦ប្រទេស ក្នុងនោះមានឆ្នេរស្អាតជាងគេចំនួន៤៣កន្លែង ជុំវិញពិភពលោក៕