ក្រុមហ៊ុនតម្លើងគ្រឿងចក្រសំណង់របស់វៀតណាម គ្រោងបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារអាមេរិក

26-06-2026 16:01

(កំពង់ស្ពឺ)៖ ក្រុមហ៊ុនតម្លើងគ្រឿងចក្រសំណង់ដ៏ធំរបស់ធុរជន នៃប្រទេសវៀតណាម បានបង្ហាញមហិច្ឆតាបើករោងចក្រតម្លើងគ្រឿងចក្រសំណង់ នៅក្នុងខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគរាប់លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមការគូសបញ្ជាក់របស់លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តាធីផាត ខូអិលធីឌី (TA THI PHAT Co.,LTD) ក្នុងជំនួបជាមួយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុន តា ធី ផាត ខូអិលធីឌី(TA THI PHAT Co.,LTD) ប្រចាំកម្ពុជា បាននិយាយថា ធុរជនរបស់ប្រទេសវៀតណាម គឺមានរោងចក្រតម្លើងគ្រឿងចក្រសំណង់ដ៏ធំ នៅក្នុងទីក្រុងហានូយ ក្រោមទុនវិនិយោគប្រមាណ៧៥០លានដុល្លាសហរដ្ឋអាមេរិក។ ក្រោយដំណើរបានជោគជ័យលើជំនួញនេះ ធុរជនវៀតណាម មានមហិច្ឆតាពង្រីករោងចក្របន្ថែម ដោយជ្រើសយកប្រទេសកម្ពុជា ជាបុត្រសម្ព័ន្ធ ពិសេសគឺខេត្តកំពង់ស្ពឺជាខេត្តគោលដៅ ហើយសម្រាប់រោងចក្របុត្រសម្ព័ន្ធនេះ ក្រុមហ៊ុនបានគ្រោងទុនវិនិយោគរាប់លានដុល្លារផងដែរ។

លោក ចាន់ ហ៊ុន ក៏បានលើកឡើងផងដែរថា ការជ្រើសយកប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺជាខេត្តគោលដៅ គឺដោយសារតែមើលឃើញកត្តានៃសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងដោយមើលឃើញពីសក្តានុពលនៃខេត្តនេះក្នុងការតម្លើងរោងចក្រ។

ក្នុងជំនួបនោះ លោក ចាន់ ហ៊ុន អគ្គនាយកក្រុមហ៊ុនប្រចាំកម្ពុជា ក៏បានបញ្ជាក់ថា គម្រោងរបស់ក្រុមហ៊ុន និងចាប់ដំណើរការនៅដើមឆ្នាំ២០២៧ លើផ្ទៃដីប្រមាណជាង២ហិកតាជាជំហ៊ានដំបូង ដោយការដាក់តាំងលក់គ្រឿងចក្រ ដែលមានស្រាប់តម្លើងនៅប្រទេសវៀតណាម ដោយអតិថិជនអាចរំលោះ ឬជួល ហើយក្រោយមកក្រុមហ៊ុន និងដាក់រោងចក្រដើម្បីតម្លើងគ្រឿងចក្រទាំងនេះ នៅក្នុងខេត្តកំពង់ស្ពឺ ជាជំហ៊ានទី២ ដែលអាចផ្តល់ឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្តែងនូវការត្រេកអរ និងស្វាគមន៍វត្តមានក្រុមហ៊ុន តា ធី ផាត ខូអិលធីឌី (TA THI PHAT Co.,LTD)នៅលើទឹកដីខេត្តកំពង់ស្ពឺ។ ក្នុងនាមអាជ្ញាធរ ពិសេសរដ្ឋបាលខេត្ត និងចូលរួមសម្របសម្រួលយ៉ាងពេញទំហឹង ដល់ដំណើរការរបស់ក្រុមហ៊ុន ដែលមកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងខេត្តនេះ ជាងនេះគឺបានចូលរួមចំណែក ក្នុងការអភិវឌ្ឍខេត្តកំពង់ស្ពឺ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕