សញ្ញាណវិជ្ជមាន! ការនាំចូលអង្ករកម្ពុជា ទៅកាន់ទីផ្សារហ្វីលីពីន រំពឹងកើនឡើងដល់ ៥០ដង ក្នុងឆ្នាំ២០២៦នេះ
26-06-2026 16:39
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅ កាសែត MANILA BULLETIN របស់ប្រទេសហ្វីលីពីន បានចេញផ្សាយថា ហ្វីលីពីនបាននាំចូលអង្ករពីកម្ពុជាកាន់តែច្រើននៅឆ្នាំនេះ ពោលគឺកើនដល់ ៥០ដង ដោយយោងទៅតាមរបាយការណ៍របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA)។
ដោយផ្អែកលើការប៉ាន់ប្រមាណពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ក្រសួងកសិកម្មអាមេរិក បានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន កំពុងស្ថិតនៅលើគន្លងផ្លូវមួយដែលអាចនឹងហក់ឡើងដល់ ២០០,០០០តោននៅត្រឹមចុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួនត្រឹមតែ ៣,៥១០តោន ប៉ុណ្ណោះក្នុងឆ្នាំ២០២៥។
នៅក្រោមការព្យាករណ៍នេះ ប្រទេសហ្វីលីពីននឹងស្រូបយកប្រហែល ២០ភាគរយ នៃការនាំចេញអង្ករសរុបរបស់កម្ពុជានៅឆ្នាំនេះ ដែលត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើងលើសពី ១លានតោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានសន្និដ្ឋានថា កំណើននៃការដឹកជញ្ជូននេះ គឺដោយសារតែការកំណត់ទំហំកូតានាំចូលរបស់ហ្វីលីពីន ក៏ដូចជាអត្ថប្រយោជន៍នៃតម្លៃធៀបនឹងគុណភាពនៃអង្ករកម្ពុជា។
ជាពិសេស ក្រសួងកសិកម្មអាមេរិក បានកត់សម្គាល់ពីតម្រូវការដ៏ខ្លាំងក្លារបស់ហ្វីលីពីនលើប្រភេទអង្ករសគ្រាប់វែង (Commodity-grade, long-grain white rice) ដែលតម្លៃរបស់កម្ពុជាមានភាពប្រកួតប្រជែងជាង បើធៀបនឹងប្រទេសផ្គត់ផ្គង់ផ្សេងទៀត។
នាយកដ្ឋានស្រាវជ្រាវគោលនយោបាយ និងថវិការបស់ហ្វីលីពីន (CPBRD) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ហ្វីលីពីន អាចទទួលបានកិច្ចព្រមព្រៀងកាន់តែល្អប្រសើរជាមួយកម្ពុជា បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកសិកម្មកាលពីខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ។
ជាមួយនឹងវឌ្ឍនភាពដ៏ល្អនេះ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការហក់ឡើងដ៏ឆាប់រហ័សនៃការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីន គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា-ហ្វីលីពីន តាមរយៈការសម្របសម្រួលយ៉ាងសកម្ម ដើម្បីភ្ជាប់ទំនាក់ទំនងទិញលក់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ។
លោក បានបន្ថែមថា «ជោគជ័យនេះបានផ្តល់ប្រយោជន៍ទៅវិញទៅមក ដោយជួយកម្ពុជាក្នុងការបើកទីផ្សារថ្មី បង្កើនចំណូល និងលើកស្ទួយជីវភាពកសិករខ្មែរ ស្របពេលដែលហ្វីលីពីនទទួលបានប្រភពផ្គត់ផ្គង់អង្ករដ៏គួរឱ្យជឿទុកចិត្តបាន ដើម្បីធានាសន្តិសុខស្បៀងជូនប្រជាជនរបស់ខ្លួន»។
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel បានលើកឡើងកាលពីឆ្នាំមុនថា លោកនៅតែបើកចំហក្នុងការនាំចូលកសិផលបន្ថែមទៀតពីកម្ពុជា ដើម្បីជួយបំពេញតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេស។
ទន្ទឹមនឹងនេះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានបង្ហាញក្តីសង្ឃឹម និងគាំទ្រយ៉ាងខ្លាំងចំពោះឱកាសរំកិលខ្លួនទៅមុខនៃកំណើនអង្ករក្រអូបប្រណីត (Premium aromatic rice) ដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងទីក្រុងម៉ានីល និងតំបន់ទីប្រជុំជននានា។
យោងតាមកាសែត MANILA BULLETIN, ការិយាល័យឧស្សាហកម្មរុក្ខជាតិ (BPI) បានបញ្ជាក់ថា ការនាំចូលអង្ករពីកម្ពុជាសម្រេចបានត្រឹមតែ ៦០,៨៦០តោនប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១១ ខែមិថុនា ពោលគឺនៅខ្វះប្រហែល ៧០ភាគរយទៀត ដើម្បីសម្រេចបានតាមគោលដៅប្រចាំឆ្នាំទាំងមូល។
អង្ករកម្ពុជា មានចំណែកត្រឹមតែ ២.៥១ភាគរយប៉ុណ្ណោះនៃការនាំចូលសរុបរបស់ហ្វីលីពីន ខណៈដែលប្រទេសវៀតណាមនៅតែបន្តគ្រប់គ្រងទីផ្សារនេះ ដោយមានទំហំនាំចេញជិត ៨៥ភាគរយ។ ទិន្នន័យពី BPI បង្ហាញថា ការនាំចូលពីវៀតណាមបានឈានដល់ ២.០៦ លានតោនរួចទៅហើយ ដែលទាបជាងចំនួនសរុបកាលពីឆ្នាំមុន (២.៧៦ លានតោន) ត្រឹមតែជាង១/៤ប៉ុណ្ណោះ។
សរុបមក ការនាំចូលអង្ករសរុបរបស់ហ្វីលីពីនបានកើនឡើង ២០ ភាគរយ ដល់ ២.៣១លានតោន ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ បើធៀបនឹងចំនួន ១.៩៣លានតោន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថាប័នស្រាវជ្រាវ CPBRD នៃហ្វីលីពីន បានកត់សម្គាល់ថា ការធ្លាក់ចុះនៃការផលិតស្រូវក្នុងស្រុកដែលត្រូវបានព្យាករណ៍ គឺជាមូលហេតុដែលជម្រុញឱ្យមានការកើនឡើងនៃការនាំចូលនេះ៕











