អាជ្ញាធរខេត្តព្រះវិហារ នឹងធ្វើការដកហូតផ្ទះវិញ ក្នុងករណីបងប្អូនប្រជាពលរដ្ឋភៀសសឹកចាប់ឆ្នោតបាន តែមិនបានមកស្នាក់នៅជាប្រចាំ
26-06-2026 17:25
(ព្រះវិហារ)៖ លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលចាប់ឆ្នោតទទួលបានផ្ទះស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែបែជាពុំមកស្នាក់នៅជាប្រចាំ នោះអាជ្ញាធរនឹងធ្វើការដកហូតផ្ទះមកវិញ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋផ្សេងទៀតដែលមានតម្រូវការចាំបាច់។
ការថ្លែងលើកឡើងរបស់លោក មិន សុីថា ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីចាប់ឆ្នោតប្រគល់ផ្ទះ និងដីធ្លីជូនប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ជាជំហានទី៣ នៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងឱកាសនេះ លោក មិន ស៊ីថា បានថ្លែងបញ្ជាក់ថា ការផ្តល់ផ្ទះជូនប្រជាពលរដ្ឋ ភៀសសឹក ត្រូវបានអនុវត្តជាបន្តបន្ទាប់ចំនួន ៣ជំហាន រួមមាន៖ ជំហានទី១ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ផ្តល់ជូន ៣១១ គ្រួសារ, ជំហានទី២ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ផ្តល់ជូន ២៣២ គ្រួសារ និងជំហានទី៣ នាពេលនេះ ផ្តល់ជូនបន្ថែម ១០២ គ្រួសារទៀត។
អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋដែលទទួលបានផ្ទះ ត្រូវចូលទៅស្នាក់នៅជាប្រចាំ និងប្រើប្រាស់ផ្ទះឱ្យស្របតាមគោលបំណង។លោកក៏បញ្ជាក់ថា៖ «បើសិនម្ចាស់ផ្ទះដែលចាប់ឆ្នោតបាន មិនមកស្នាក់នៅជាប្រចាំ រដ្ឋបាលខេត្តនឹងដកហូតផ្ទះត្រឡប់មកវិញ ដើម្បីផ្តល់ជូនគ្រួសារផ្សេងទៀតដែលមានតម្រូវការពិតប្រាកដ»។
លោក មិន ស៊ីថា បានថ្លែងលើកឡើងថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅប្រកបដោយចីរភាព។ ក្នុងនោះមានការផ្គត់ផ្គង់ទឹកស្អាត តាមរយៈម៉ាស៊ីនផលិតទឹកបរិសុទ្ធដែលមានសមត្ថភាពផលិតបាន ៥,០០០ លីត្រក្នុងមួយម៉ោង ខណៈស្ថានីយប្រព្រឹត្តកម្មទឹកស្អាតថ្មីក៏កំពុងដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត បានសម្របសម្រួលផ្តល់ការប្រើប្រាស់អគ្គិសនីដោយឥតគិតថ្លៃចំនួន ៣០ គីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយខែ សម្រាប់គ្រួសារដែលទើបផ្លាស់មករស់នៅថ្មី ព្រមទាំងសហការជាមួយដៃគូអភិវឌ្ឍន៍ RADB និងមន្ទីរកសិកម្ម ជ្រើសរើសតំណាងប្រជាពលរដ្ឋចំនួន ៣៨ នាក់ ទៅទទួលការបណ្តុះបណ្តាលបច្ចេកទេសដាំដុះ និងចិញ្ចឹមសត្វនៅខេត្តបាត់ដំបង រយៈពេល ១ ខែ ដោយទទួលបានប្រាក់ឧបត្ថម្ភ ៥ ដុល្លារក្នុងមួយថ្ងៃ និងការផ្គត់ផ្គង់អាហារ ៣ ពេល។
លោក មិន ស៊ីថា ក៏បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋខិតខំបង្កបង្កើនផល ដាំដុះដំណាំរួមផ្សំ ដូចជា ចេក ខ្នុរ និងស្វាយ ដើម្បីបង្កើនប្រាក់ចំណូលគ្រួសារ ព្រមទាំងរួមគ្នាថែរក្សាបរិស្ថាន អនាម័យភូមិ និងប្រើប្រាស់ទឹក ភ្លើងដោយសន្សំសំចៃ។
ទន្ទឹមនឹងនេះលោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងសំណូមពរដល់ប្រជាពលរដ្ឋ កុំផ្សព្វផ្សាយបញ្ហាប្រឈម ឬការខ្វះខាតតូចតាចនៅលើបណ្តាញសង្គម ព្រោះមិនអាចជួយដោះស្រាយបញ្ហាបានភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ប្រសិនបើមានបញ្ហាពាក់ព័ន្ធនឹងទឹក ភ្លើង ឬបញ្ហាផ្សេងៗ សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន ឬទាក់ទងតាមលេខ Hotline 4333 ដើម្បីឱ្យអាជ្ញាធរចុះអន្តរាគមន៍ និងដោះស្រាយបានទាន់ពេលវេលា៕

































