សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្រើនរម្លឹកដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តបង្ក្រាប Scam Online ដោយមិនត្រូវបន្ធូរដៃ និងដាច់ខាតមិនឱ្យមាន​ នៅលើទឹកដីកម្ពុជាទៀតឡើយ

26-06-2026 18:09

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរម្លឹកឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «សម្តេចធិបតី បានក្រើនរម្លឹកឱ្យអាជ្ញាធរ ពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបន្តបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Scam Online) ដោយមិនត្រូវបន្ធូរដៃឡើយ»

បើទោះបីជាសម្តេច​បានកត់សម្គាល់ពីលទ្ធផល គួរឱ្យពេញចិត្តចំពោះប្រតិបត្តិការនេះ ដែលធ្វើឱ្យអន្តរជាតិទទួលស្គាល់ថា កម្ពុជាបាន និងកំពុងបង្ក្រាប Scam Online យ៉ាងសកម្មក៏ដោយ សម្តេចធិបតី នៅតែចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឱ្យបន្ត បេសកកម្មនេះជានិច្ច ដោយដាច់ខាតមិនអនុញ្ញាតឱ្យបញ្ហានេះ កើតមាននៅលើទឹកដីកម្ពុជាទៀតឡើយ។

សូមរំលឹកថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ ដោយមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រធាន៕