ការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសធ្លាក់ចុះ ក្រោយមានការវាយប្រហារលើនាវារបស់តៃវ៉ាន់ (Video inside)
26-06-2026 19:23
(ឡុងដ៍)៖ ទិន្នន័យនាវាចរណ៍បានបង្ហាញថា ចំនួននាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅថ្ងៃសុក្រ បានធ្លាក់ចុះ បន្ទាប់ពីនាវាពាណិជ្ជកម្មរបស់តៃវ៉ាន់មួយគ្រឿងត្រូវបានវាយប្រហារ ដែលមន្ត្រីអាមេរិកចោទប្រកាន់ថាជាស្នាដៃរបស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ភ្នាក់ងារនាវាចរណ៍របស់អង្គការសហប្រជាជាតិ បានសម្រេចផ្អាកគម្រោងជម្លៀសនាវា និងនាវិកដែលជាប់គាំងរាប់ពាន់នាក់ជាបណ្តោះអាសន្ន ក្រោយនាវារបស់ក្រុមហ៊ុនតៃវ៉ាន់ Evergreen Marine រងការខូចខាត។ សមាគមនាវាចរណ៍អន្តរជាតិ (BIMCO) បានលើកឡើងថា ការវាយប្រហារនេះគឺជាការរារាំងដល់ផែនការស្តារនាវាចរណ៍ឡើងវិញ និងបានសង្កត់ធ្ងន់ថា អាមេរិក និងអ៊ីរ៉ង់ ចាំបាច់ត្រូវមានកិច្ចព្រមព្រៀងច្បាស់លាស់។ ជាការឆ្លើយតប អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានព្រមានថា សុវត្ថិភាពនៅច្រកសមុទ្រនេះ មិនអាចធានាបានឡើយ ប្រសិនបើគ្មានការអនុញ្ញាតពីទីក្រុងតេហេរ៉ង់។
ទោះបីជាមានភាពតានតឹងក្តី ក៏នៅតែមាននាវាដឹកប្រេងយក្សចំនួន ៤គ្រឿង ហ៊ានចូលទៅក្នុងឈូងសមុទ្រដើម្បីដឹកប្រេង ខណៈនាវា ២គ្រឿងផ្សេងទៀតបានចូលទៅដឹកប្រេងរបស់អ៊ីរ៉ង់ផ្ទាល់តែម្តង។ យោងតាមទិន្នន័យពី Kpler ចរាចរណ៍នាវាដឹកប្រេងបានធ្លាក់ចុះមកត្រឹម ១៣គ្រឿងនៅថ្ងៃសុក្រ ធៀបនឹង ២៤គ្រឿងកាលពីថ្ងៃព្រហស្បតិ៍។
ដោយសារក្តីសង្ឃឹមនៃការបន្ធូរបន្ថយការផ្គត់ផ្គង់ និងការចាប់ផ្តើមនាំចេញប្រេងឡើងវិញរបស់អារ៉ាប៊ីសាអូឌីត តម្លៃប្រេងឆៅសកលបានធ្លាក់ចុះជាង ៣ភាគរយនៅថ្ងៃសុក្រនេះ។ យ៉ាងណាមិញ ស្ថានភាពនាវាចរណ៍ទូទៅនៅច្រកសមុទ្រហ័រមូស នៅមិនទាន់ត្រឡប់មករកភាពប្រក្រតីវិញនៅឡើយទេ ដោយបច្ចុប្បន្នមាននាវាឆ្លងកាត់ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ បើធៀបនឹងពេលមុនសង្គ្រាមផ្ទុះឡើងកាលពីចុងខែកុម្ភៈ៕




