KOICA សមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ រៀបចំពិព័រណ៍រូបថត ដើម្បីលើកកម្ពស់ការកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងសាលារៀន

27-06-2026 11:04

(ភ្នំពេញ)៖ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា សហការជាមួយសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ (ស.អ.ក.ក-CAMKAA) និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ(PPDE) បានរៀបចំដោយជោគជ័យនូវ សកម្មភាពការយល់ដឹងអំពីបរិស្ថានឆ្នាំ២០២៦ ការប្រកួតប្រជែង និងការតាំងពិព័រណ៍រូបថតស្តីពីការកាត់បន្ថយសំណល់ប្លាស្ទិកតាមសាលារៀននៅវិទ្យាល័យ ជា ស៊ីម សាមគ្គី គំនិតផ្តួចផ្តើមនេះត្រូវបានអនុវត្ត ជាកម្មវិធីពហុដំណាក់កាល ដែលដឹកនាំដោយសមាគមអតីតកម្មសិក្សាកម្ពុជា-កូរ៉េ ក្រោមភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានការគាំទ្រពីការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា។

កម្មវិធីនេះមានគោលបំណងពង្រឹងការយល់ដឹងអំពីបរិស្ថានក្នុងចំណោមយុវជន និងលើកកម្ពស់ការកាត់បន្ថយសំណល់ប្លាស្ទិក តាមរយៈការអប់រំបរិស្ថាន និងការថតរូបប្រកបដោយភាពច្នៃប្រឌិត។ កម្មវិធីនេះបានចាប់ផ្តើមជាមួយនឹងវគ្គបណ្តុះបណ្តាលស្តីពី ការអប់រំបរិស្ថាន និងជំនាញថតរូបមូលដ្ឋានរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការចូលរួមពីសិស្សានុសិស្សនៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន ២០០នាក់ មកពីសាលាគោលដៅចំនួន៥ ក្នុងរាជធានីភ្នំពេញ រួមមាន៖ អនុវិទ្យាល័យត្រពាំងសាលា, វិទ្យាល័យ ហ៊ុន សែន ជំពូវ័ន្ត, វិទ្យាល័យបឹងប្រីយ៍, វិទ្យាល័យព្រះស៊ីសុវត្ថិ និងវិទ្យាល័យ ជា ស៊ីម សាមគ្គី។

បន្ទាប់ពីវគ្គបណ្តុះបណ្តាល សិស្សានុសិស្សបានចុះអនុវត្តការចងក្រងឯកសារតាមសហគមន៍ និងបានដាក់ស្នើប្រកួតរូបថតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តិតយកទិដ្ឋភាពបញ្ហាបរិស្ថានពាក់ព័ន្ធនឹងសំណល់ប្លាស្ទិកនៅក្នុងសហគមន៍របស់ពួកគេ។ គណៈកម្មការវាយតម្លៃរួមគ្នារវាង សមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានធ្វើការពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់លើរូបថតដែលបានដាក់ស្នើ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្អែកលើភាពពាក់ព័ន្ធទៅនឹងប្រធានបទ បច្ចេកទេសថតរូប និងគំនិតច្នៃប្រឌិតផ្ទាល់ខ្លួន។ ដំណើរការនេះបានឈានដល់ការប្រកាសលទ្ធផលចុងក្រោយ ព្រមទាំងការរៀបចំពិព័រណ៍រូបថត និងពិធីប្រគល់រង្វាន់នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក អ៉ឹម សួរ ប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងជាអគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី លី សេជីន-Lee Sejin អនុប្រធានការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា និងលោក សេង គ្រី អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានអ្នកចូលរួមប្រមាណ ២៥០នាក់ បានមកចូលរួមក្នុងពិធីនេះដែលរួមមានសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ គណៈគ្រប់គ្រងសាលា តំណាងរាជរដ្ឋាភិបាល ភាគីពាក់ព័ន្ធក្នុងវិស័យបរិស្ថាន ព្រមទាំងតំណាងមកពីស្ថាប័នដៃគូ និងសាលារៀនដែលបានចូលរួម។

កម្មវិធីបានចាប់ផ្តើមដោយមតិស្វាគមន៍ និងបើកកម្មវិធីពីសំណាក់តំណាងប្រធានសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការការពារបរិស្ថាន និងការលើកកម្ពស់យុទ្ធសាស្ត្រ ៤ក ឬ 4R របស់កម្ពុជា គឺ៖ ការបដិសេធមិនប្រើប្រាស់ (Refuse), ការកាត់បន្ថយ (Reduce), ការប្រើប្រាស់ឡើងវិញ (Reuse) និងការកែច្នៃឡើងវិញ។ មតិចាប់អារម្មណ៍ទាំងនោះបានសង្កត់ធ្ងន់លើតួនាទី ដ៏សំខាន់របស់យុវជនក្នុងការជំរុញការយល់ដឹងអំពីបរិស្ថាន និងការអនុវត្តប្រកបដោយនិរន្តរភាពនៅក្នុងសាលារៀន និងសហគមន៍របស់ពួកគេ។

លក្ខណៈពិសេសមួយនៃព្រឹត្តិការណ៍នេះគឺ ការតាំងពិព័រណ៍រូបថតដែលស្នាដៃជ្រើសរើសរបស់សិស្សានុសិស្សត្រូវបានដាក់បង្ហាញ ដោយបង្ហាញពីបញ្ហាប្រឈមផ្នែកបរិស្ថាន និងសកម្មភាពឆ្លើយតបរបស់សហគមន៍ចំពោះសំណល់ប្លាស្ទិក។ ការតាំងពិព័រណ៍នេះបានផ្តល់នូវវេទិកាមួយសម្រាប់និស្សិតដើម្បីបង្ហាញពីការព្រួយបារម្ភអំពីបរិស្ថាន និងតស៊ូមតិសម្រាប់ការផ្លាស់ប្តូរអាកប្បកិរិយាតាមរយៈការប្រាស្រ័យទាក់ទងប្រកបដោយភាពច្នៃប្រឌិត។

ពិធីប្រគល់ពានរង្វាន់ក៏ត្រូវបានធ្វើឡើងដើម្បីទទួលស្គាល់និស្សិតថតរូបឆ្នើមសម្រាប់ភាពច្នៃប្រឌិត ភាពដើម និងការយល់ដឹងអំពីបរិស្ថាន។ អ្នកឈ្នះទទួលបានវិញ្ញាបនបត្រទទួលស្គាល់ រួមជាមួយនឹងសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន រួមមានធុងទឹកចំណុះ ១០០០លីត្រ ពាងទឹកចំណុះ ៦០០លីត្រ និងធុងសម្រាមចំណុះ ១២០លីត្រ ដើម្បីគាំទ្រដល់ការកែលម្អការអនុវត្តការគ្រប់គ្រងកាកសំណល់ និងទឹកនៅក្នុងសាលារៀន។

នៅក្នុងមតិយោបល់របស់លោកស្រី លី សេជីន-Lee Sejin បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ KOICA ក្នុងការគាំទ្រដល់ការលើកស្ទួយយុវជន និងការអប់រំបរិស្ថាននៅក្នុងប្រទេសកម្ពុជា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបំពាក់បំប៉នយុវជនទាំងចំណេះដឹង និងជំនាញជាក់ស្តែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងបរិស្ថាន។ តំណាងមកពីសមាគមអតីតម្មសិក្សាការីកម្ពុជា-កូរ៉េ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ ក៏បានសម្តែងនូវការកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់សិស្សានុសិស្ស និងកិច្ចសហការយ៉ាងរឹងមាំក្នុងចំណោមដៃគូទាំងអស់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានតាមរយៈការអប់រំ និងការច្នៃប្រឌិតផងដែរ៕