ជ្រុងមួយនៃផ្លែផ្កាទស្សនកិច្ចជាប្រវត្តិសាស្ត្រ៖ ការពង្រឹងមហាមិត្តភាពដែកថែប កម្ពុជា-ចិន តាមរយៈ «ភាពជាដៃគូសន្តិសុខ» ដើម្បីរួមគ្នាកម្ចាត់បទល្មើស Scam
27-06-2026 11:31
(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី២៧ ខែមិថុនានេះថា ភាពរឹងមាំ និងភាពរុងរឿងនៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិននាពេលបច្ចុប្បន្ន មិនមែនជាការលើកឡើងដោយបំផ្លើស ឬជាការសរសើរដោយគ្មាន មូលដ្ឋានច្បាស់លាស់នោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការស្តែងឱ្យឃើញយ៉ាងប្រាកដពីតថភាពពិតនៃ កម្រិតទំនាក់ទំនងការទូតខ្ពស់បំផុត ដែលរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរបានរួមសហការ គ្នាកសាងយ៉ាងម៉ត់ចត់ និងស៊ីជម្រៅជាប្រវត្តិសាស្ត្រ។
លោកបណ្ឌិតបានបញ្ជាក់ថា សក្ខីកម្មដ៏រស់រវើកនិងថ្មីៗបំផុតនៃតថភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ តាមរយៈលទ្ធផល ផ្លែផ្កាដ៏សំខាន់ នៃដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ នៅក្នុងជំនួបកំពូលនេះ ប្រធានរដ្ឋចិន លោក ស៊ី ជិនពីង បានប្រកាសជាចំហពីឆន្ទៈដ៏មោះមុតរបស់ប្រទេសចិន ក្នុងការបង្កើត «ភាពជាដៃគូសន្តិសុខ» ដ៏រឹងមាំជាមួយកម្ពុជា ដែលនេះជាការបោះជំហានទៅមុខមួយកម្រិត ទៀត ក្នុងការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ។
របៀបវារៈដ៏ក្តៅគគុក និងជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការសន្តិសុខថ្មីនេះ គឺការប្តេជ្ញាចិត្តរួមគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬដែលគេស្គាល់ជាទូទៅ ថា «Scam» ដែលជាបញ្ហារ៉ាំរ៉ៃប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ តាមរយៈការដកស្រង់ សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Xinhua ប្រមុខរដ្ឋចិនបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការប្ដេជ្ញាចិត្ត និងសកម្មភាពជាក់ស្តែងរបស់កម្ពុជានាពេលកន្លងមក ក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានេះ។
ការបង្កើតភាពជាដៃគូសន្តិសុខលើការបង្ក្រាបបទល្មើស Scam នេះ មិនត្រឹមតែឆ្លើយតបទៅនឹងការព្រួយបារម្ភរួមរបស់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពារដ៏មានប្រសិទ្ធភាព ក្នុងការធានាដល់បរិយាកាសវិនិយោគ និងទេសចរណ៍ប្រកបដោយសុវត្ថិភាព។ ជារួមដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានបង្ហាញឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មិនត្រឹមតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែបានរីកលូតលាស់ទៅ ជាកិច្ចសហប្រតិបត្តិការសន្តិសុខដ៏ទូលំទូលាយ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ។
ឆ្លងតាមរយៈចំណាត់ការក្តៅគគុក និងការបង្កើតភាពជាដៃគូសន្តិសុខនាពេលនេះ បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានមើលឃើញនូវផលចំណេញជាយុទ្ធសាស្ត្រចំនួន ៣ធំៗ សម្រាប់រូបភាពអន្តរជាតិរបស់កម្ពុជា៖
១. ការលាងជម្រះការចោទប្រកាន់ និងស្តារកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ
កន្លងមក ព្រះរាជាណាចក្រកម្ពុជាជារឿយៗបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារ តាមរយៈការលាបពណ៌ និងការផ្សព្វផ្សាយរបាយការណ៍ខ្វះតុល្យភាពពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការអន្តរជាតិមួយចំនួនដែលបានព្យាយាមទម្លាក់កំហុស និងធ្វើឱ្យពិភពលោកមានការយល់ច្រឡំថា កម្ពុជា ជាជម្រកប្រមូលផ្តុំនៃក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាឆ្លងដែន។ ការវាយតម្លៃជាឯកតោភាគីទាំងនោះមិនត្រឹម តែបំភ្លៃតថភាពពិតនៅលើដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានមើលរំលងដោយចេតនានូវកិច្ចខិតខំប្រឹង ប្រែង និងការលះបង់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា នាពេលកន្លងមក។
នៅក្នុងបរិបទនេះ ការប្ដេជ្ញាចិត្តបង្ក្រាបយ៉ាងម៉ឺងម៉ាត់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា រួមផ្សំនឹងការទទួលស្គាល់ជាចំហ និងការវាយតម្លៃខ្ពស់ពីប្រមុខរដ្ឋនៃមហាអំណាចចិន លោក ស៊ី ជិនភីង គឺជាសក្ខីកម្មនយោបាយដ៏មានទម្ងន់បំផុត ដែលមិនអាចប្រកែកបាន។ ការប្រកាសគាំទ្រជាយុទ្ធសាស្ត្រពី ទីក្រុងប៉េកាំង បានក្លាយជាកម្លាំងចលករក្នុងការបំបែកការឡោមព័ទ្ធព័ត៌មានអវិជ្ជមាន និងបង្ហាញទៅ កាន់សហគមន៍អន្តរជាតិយ៉ាងច្បាស់ថា៖ កម្ពុជាមិនមែនជាប្រភព ឬជាជម្រកប្រព្រឹត្តបទល្មើសនោះឡើយ ប៉ុន្តែគឺជា «ជនរងគ្រោះ» នៃឧក្រិដ្ឋកម្មឆ្លងដែនរៀបចំទុកមុន ដែលត្រូវក្រុមឧក្រិដ្ឋជនបរទេស លួចប្រើប្រាស់ទឹកដីធ្វើជាឈ្នាន់ និងជា «ដៃគូសកម្ម ប្រយុទ្ធប្រឆាំង» យ៉ាងប្តូរផ្តាច់នៅលើសមរភូមិ សន្តិសុខបច្ចេកវិទ្យានេះ។
ការឈានឡើងដល់កម្រិត «ភាពជាដៃគូសន្តិសុខ» នេះ គឺជាខ្នងបង្អែកផ្នែកការទូតដ៏រឹងមាំមួយ ជួយឱ្យកម្ពុជាមានលទ្ធភាពកាន់តែខ្ពស់ក្នុងការតតាំងមតិ និងលាងជម្រះនូវរាល់ការចោទប្រកាន់ដោយ អគតិទាំងឡាយ ព្រមទាំងស្តារនិងលើកកម្ពស់កេរ្តិ៍ឈ្មោះ និងកិត្តិយសជាតិឡើងវិញនៅលើឆាកអន្តរជាតិ ឱ្យស្របតាមតថភាពពិតនៃកិច្ចប្រឹងប្រែងរបស់ខ្លួន។
២. ការបង្កើនទំនុកចិត្តលើបរិយាកាសវិនិយោគនិងទេសចរណ៍
សន្តិសុខ និងសុវត្ថិភាព គឺជាខ្នងបង្អែកយុទ្ធសាស្ត្រដ៏សំខាន់បំផុត និងជាលក្ខខណ្ឌអាទិភាព ដែលមិនអាចខ្វះបាន សម្រាប់ការទ្រទ្រង់ដង្ហើមសេដ្ឋកិច្ច និងការទាក់ទាញលំហូរទុនពីបរទេស។ ក្នុងបរិបទនៃយុគសម័យសេដ្ឋកិច្ចឌីជីថល វត្តមាននៃបទល្មើសឆបោកអនឡាញ ឬ Scam មិនត្រឹមតែ បង្កការគំរាមកំហែងដល់បុគ្គលម្នាក់ៗប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាមេរោគមហារីកដែលយាយីដល់ស្ថិរភាព ហិរញ្ញវត្ថុ និងបង្កើតជា «សេដ្ឋកិច្ចខ្មៅ» ដែលធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីអាជីវកម្មស្របច្បាប់។
ការប្រកាសបង្កើតភាពជាដៃគូសន្តិសុខកម្រិតខ្ពស់រវាងកម្ពុជានិងចិន ក្នុងការបោសសម្អាតឫសគល់នៃបទល្មើសនេះ គឺជាសញ្ញាវិជ្ជមានដ៏មានឥទ្ធិពលមួយ ផ្ញើទៅកាន់ទីផ្សារអន្តរជាតិ។ វិធានការក្តៅ និងម៉ឺងម៉ាត់នេះ នឹងជួយកាត់បន្ថយ «ថ្លៃដើមនៃហានិភ័យ» សម្រាប់ធុរជន និងអ្នកវិនិយោគធំៗ ដែលតែងតែរារែកចិត្តក្នុងការបោះទុន។ តាមរយៈការកម្ចាត់សកម្មភាពខុសច្បាប់ទាំងនេះ កម្ពុជាកំពុងពង្រឹងយុត្តាធិការ និងការអនុវត្តច្បាប់របស់ខ្លួនឱ្យកាន់តែមានតម្លាភាព និងភាពជឿជាក់ខ្ពស់។
ទន្ទឹមនឹងនេះ សម្រាប់វិស័យទេសចរណ៍ ដែលជាសសរស្តម្ភសេដ្ឋកិច្ចជាតិដ៏សំខាន់ ការបោសសម្អាតបទល្មើស Scam គឺជាសោភ័ណភាពថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវទេសចរចិនឱ្យត្រឡប់មកវិញប្រកបដោយទំនុកចិត្ត។ រូបភាពស្រពិស្រពិលដែលធ្លាប់តែលាបពណ៌ កម្ពុជាថាជាតំបន់ប្រឈមនឹងហានិភ័យ នឹងត្រូវជំនួសមកវិញនូវអត្តសញ្ញាណថ្មី ជាគោលដៅទេសចរណ៍ និងវិនិយោគប្រកបដោយ «ភាពសុចរិត សុវត្ថិភាពខ្ពស់ និងមានច្បាប់ទម្លាប់តឹងរ៉ឹង» ដែលធានាបានទាំងស្រុងនូវសុវត្ថិភាព សហគ្រិនភាព និងការការពារសិទ្ធិស្របច្បាប់របស់ជនបរទេសគ្រប់រូប។
៣. ការពង្រឹងតួនាទីកម្ពុជាជាដៃគូសន្តិសុខតំបន់ដ៏គួរឱ្យទុកចិត្ត
បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន ឬ "Scam" មិនមែនជាបញ្ហានៃប្រទេសទោលណាមួយនោះឡើយ ប៉ុន្តែវាបានវិវឌ្ឍទៅជាការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី (Non-Traditional Security Threat) ដ៏ស្មុគស្មាញកម្រិតសកល ដែលមានបណ្តាញចាក់ស្រេះយ៉ាងជ្រៅ និងទាមទារដាច់ខាតនូវដំណោះស្រាយពហុភាគី។ ក្នុងបរិបទនេះ សកម្មភាពការទូតសន្តិសុខយ៉ាងបុរេសកម្មរបស់កម្ពុជា តាមរយៈការចាប់ដៃគ្នាបង្កើតភាពជាដៃគូសន្តិសុខកម្រិតខ្ពស់ជាមួយប្រទេសមហាអំណាចចិន គឺជាសារនយោបាយដ៏ច្បាស់លាស់មួយបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កម្ពុជា ចំពោះសន្តិសុខតំបន់។
ការបោះជំហាននេះ បានកែប្រែទស្សនៈរបស់អន្តរជាតិមកលើកម្ពុជា ដោយផ្លាស់ប្តូរពីការមើល ឃើញកម្ពុជាត្រឹមតែជា «រដ្ឋទទួលរងឥទ្ធិពលនៃបញ្ហា» មកជា «រដ្ឋនាំមុខក្នុងការផ្តល់ដំណោះស្រាយ» វិញ។ កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការកម្ចាត់ឫសគល់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានេះ មិនត្រឹមតែ ការពារផលប្រយោជន៍ទ្វេភាគីកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកយ៉ាងសំខាន់ដល់ យន្តការសន្តិសុខរួមរបស់អាស៊ាន ជាពិសេសក្នុងការអនុវត្តស្មារតីនៃ «សហគមន៍នយោបាយ-សន្តិសុខ អាស៊ាន» (APSC) ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
តាមរយៈការបង្ហាញនូវឆន្ទៈនយោបាយដ៏ម៉ឺងម៉ាត់ និងសកម្មភាពជាក់ស្តែងឥតរារែកលើសមរ- ភូមិនេះ កម្ពុជានឹងពង្រឹងនូវឋានៈនិងតួនាទីរបស់ខ្លួនជា ដៃគូសន្តិសុខយុទ្ធសាស្ត្រដ៏គួរឱ្យទុកចិត្ត និងមិនអាចខ្វះបាន ដែលតែងតែតម្កល់ខ្ពស់នូវស្មារតីទទួលខុសត្រូវ អភិបាលកិច្ចសន្តិសុខ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
ជារួមដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំង នាពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតទូទៅនោះឡើយ ប៉ុន្តែវាបានគូសបញ្ជាក់យ៉ាងច្បាស់នូវរបត់ថ្មីមួយនៃការធ្វើបរិវត្តកម្មយុទ្ធសាស្ត្រ (Strategic Transformation) ប្រកបដោយថាមពលនៃទំនាក់ទំនងកម្ពុជា-ចិន បានឈានហួសពីក្របខ័ណ្ឌប្រពៃណីនៃការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទៅជា «កិច្ចសហប្រតិបត្តិការសន្តិសុខដ៏ទូលំទូលាយ និងស៊ីជម្រៅ»។
ការប្រែក្លាយស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ឱ្យទៅជាខែលការពារសន្តិសុខឌីជីថលរួមគ្នា បានបង្ហាញពីភាពបត់បែន និងការវិវឌ្ឍឆ្លើយតបភ្លាមៗទៅនឹងការប្រែប្រួលនៃបរិបទសន្តិសុខសកល។ ម្យ៉ាងទៀត ការវិវឌ្ឍដ៏មានសារៈសំខាន់នេះ មានតម្លៃស្នូលពីរទិដ្ឋភាព គឺទីមួយ ក្នុងទិដ្ឋភាពចំពោះមុខ គឺជាឱសថសក្តិសិទ្ធិ និងជាខ្នងបង្អែកការទូតដ៏រឹងមាំក្នុងការការពារមុខមាត់ ស្តារកេរ្តិ៍ឈ្មោះ និងរក្សាស្ថិរភាពផ្ទៃក្នុងរបស់ប្រទេសទាំងពីរ តាមរយៈការវាយលុកកម្ទេចឫសគល់នៃឧក្រិដ្ឋកម្មឆ្លងដែន។ ទីពីរ ក្នុងទិដ្ឋភាពអនាគត គឺជាការចាក់គ្រឹះយុទ្ធសាស្ត្រយ៉ាងរឹងមាំក្នុងការធានាបាននូវសន្តិភាព វិបុលភាព និងសន្តិសុខយូរអង្វែង សម្រាប់ប្រជាជាតិទាំងពីរនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដែលជាយុគសម័យដែលសន្តិសុខបច្ចេកវិទ្យា និងសន្តិសុខជាតិ គឺជារឿងតែមួយ។
វឌ្ឍនភាពនៃការបង្កើត «ភាពជាដៃគូសន្តិសុខ» នេះ គឺជាសារនយោបាយបញ្ជាក់ទៅកាន់ពិភព លោកថា «មហាមិត្តភាពដែកថែប» កម្ពុជា-ចិន មិនមែនជាពាក្យស្លោកនយោបាយឡើយ ប៉ុន្តែជាតថភាពរស់រវើកដែលអាចបត់បែន ឆ្លើយតបនិងការពារផលប្រយោជន៍គ្នាទៅវិញទៅមកបានគ្រប់កាលៈទេសៈ។ ក្នុងន័យនេះ ផ្លែផ្កានៃដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាពេលនេះ នឹងក្លាយជាត្រីវិស័យ និងជាគំរូឈានមុខមួយសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិសុខមិនមែនប្រពៃណីនៅក្នុងតំបន់ ដែលសបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំនិងស្មោះត្រង់ គឺជាខែលការពារដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការគំរាមកំហែងសកលក្នុងសតវត្សរ៍ទី២១នេះ៕







