* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច​នៅចិនរយៈពេល៣ថ្ងៃ

27-06-2026 12:09

(ភ្នំពេញ)៖ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្ស​ប្រជា​ជន​​កម្ពុជាវិញហើយ ក្រោយបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរយៈពេល៣ថ្ងៃនៅ​រដ្ឋ​ធានី​ប៉េកាំង ប្រទេសចិន។

តបតាមការអញ្ជើញរបស់បក្សកុម្មុយនីស្តចិន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០​២៦​​​កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិ​ភូជាន់​ខ្ពស់របស់កម្ពុជា ដែលមានការអមដំណើរដោយមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល​កម្ពុជាផងនោះ បំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន។

ក្នុងដំណើរទស្សនកិច្ចលើកទី២នៅចិន ក្នុងឋានៈជាប្រធានព្រឹទ្ធសភាកម្ពុជា និង​ជាលើកទី១៧ រាប់ចាប់តាំងពីឆ្នាំ១៩៩៩មកនោះ សម្តេចតេជោ ហ៊ុន សែន ទទួល​បានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីមេដឹកនាំកំពូលៗរបស់ចិន រួមមាន លោក ស៊ី ជីនពីង អគ្គលេខាធិការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានា​ធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក ចាវ ឡឺជី ប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និងលោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈ​ទាក់​ទងការបរទេសរបស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលបានបន្តព្រះរាជតម្រិះ​របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការពូនជ្រុំទំនាក់ទំនង​កម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ និងរឹងមាំ ព្រមទាំងពង្រីកនូវកិច្ចសហប្រតិ​បត្តិការ​ជា​ច្រើន​​ជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេស​ចិននាពេលនេះ ត្រូវបានមេដឹកនាំចិនចាត់ទុកជាដំណើរទស្សនកិច្ច​របស់​មិត្តចាស់​ប្រកបដោយភាពស្មោះត្រង់ និងជឿទុកចិត្ត និងជាដំណើរទស្ស​ន​កិច្ច​ប្រៀបដូច​កម្លាំងចលករជំរុញបន្ថែមនូវជំនឿទុកចិត្តរវាងកម្ពុជា និងចិន។

គ្រប់ជំនួប មេដឹកនាំចិន សុទ្ធតែបានបង្ហាញនូវការពេញចិត្តចំពោះភាពល្អប្រសើរ​នៃចំណងមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន។ លោក ស៊ី ជីនពីង បានបង្ហាញនូវក្តីរីករាយបានជួបស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ជាថ្មី។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ស៊ី ជីនពីង បានថ្លែងថា ចិន ចាត់​តុកកម្ពុជា ជាប្រទេសអាទិភាពសំខាន់នៃការទូតជិតខាងរបស់ចិន ហើយគាំ​ទ្រ​យ៉ាងមុតមាំចំពោះប្រទេសកម្ពុជាក្នុងការការពារអធិបតេយ្យ និងសន្តិសុខ។ ចិន នឹងបន្តគាំទ្រមាគ៌ាអភិវឌ្ឍន៍ដែលសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់​ចិន។

លោក ស៊ី ជីនពីង បន្តថា ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយកងកម្លាំង​ការពារជាតិកម្ពុជា ដើម្បីរួមគ្នាការពារសន្តិភាព ស្វែងរកការអភិវឌ្ឍរួម និងបង្កើត​វិបុលភាព។ លើសពីនេះ ការលើកកម្ពស់ការកសាងសហគមន៍ចិន-កម្ពុជា ដែល​មានអនាគតរួម និងជំរុញការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា​សម្រាប់​មនុស្សជាតិ និងធ្វើជាគំរូ។

នៅចំពោះមុខប្រធានាធិបតីចិន សម្ដេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ជំហរ​នយោ​បាយរបស់កម្ពុជា ចំពោះចិន គឺនៅតែរឹងមាំដូចដែកថែប បើទោះបីជាពិភព​លោកមានការប្រែប្រួល និងអាកាសធាតុមានការប្រែប្រួលបែបណាក្តី តែមិត្តភាព​រវាងកម្ពុជា-ចិន មិនប្រែប្រួលនោះឡើយ។

សម្តេចតេជោ បានគូសរំលេចទៀតថា កម្ពុជា ចាត់ទុកចិន ជាមិត្តចាស់ ជាមិត្ត​ពិត និងជាទីទុកចិត្តរបស់ប្រជាជនកម្ពុជា។

សម្តេចតេជោ និងលោក ស៊ី ជីនពីង ក៏បានជជែកគ្នាបន្ថែមទៀតលើការពង្រីក​កិច្ចសហប្រតិបត្តិការទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​។ ជាពិសេសសម្ដេចតេជោ បានស្នើចិន ឱ្យបន្តគាំទ្រដល់ការកសាង​ហេដ្ឋា​រចនាសម្ព័ន្ធបន្តទៀត។ សម្ដេចតេជោ បានលើកឡើងថា ការកសាងហេដ្ឋាចនា​សម្ព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទី​របស់​ចិននោះឡើយ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការ​នៅ​ក្នុងក្របខណ្ឌពង្រឹងសន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងការផ្លាស់ប្ដូរ​នៃដំណើរ​ទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានជជែក​គ្នា​ទៅលើកិច្ច​សហប្រតិបត្តិការក្នុងក្របខណ្ឌគណបក្សនៃប្រទេសទាំងពីរ ដែលក្នុង​ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលនេះ ក៏មានការចុះហត្ថលេខាលើ​អនុស្សរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្ត​ចិន។ អនុស្សារណៈនេះ ជាផ្នែកដ៏សំខាន់ក្នុងការរុញច្រានទំនាក់ទំនង នៃកិច្ច​សន្ទ​នានយោបាយនៅក្នុងក្របខណ្ឌគណបក្ស ការបណ្ដុះបណ្ដាលយុវជនរបស់​គណបក្សនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពសកម្មបន្ថែមទៀត។

ភាគីទាំងពីរ ក៏បានជជែកទៅលើបញ្ហាអន្តរជាតិមួយចំនួន ដែលបានកើតឡើង នាពេលបច្ចុប្បន្ន ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនេះ តម្រូវឱ្យកម្ពុជា និងចិន ពួតដៃគ្នាបន្ថែមទៀត ក្នុងការសហការ និងការគាំទ្រគ្នាទៅវិញទៅមក​នៅក្នុងឆាកអន្តរជាតិ។

ក្រៅពីជួបជាមួយមេដឹកនាំកំពូលៗរបស់ចិនហើយនោះ ក្នុងដំណើរទស្សនកិច្ច​នេះ សម្ដេចតេជោ ហ៊ុន សែន បានជួបជាមួយលោក សុង ហៃឡាង ប្រធាន​ក្រុមហ៊ុន China Communications Construction Company Ltd. (CCCC)។

ក្នុងជំនួបនោះ លោក សុង ហៃឡាង ក៏បានជម្រាបសម្ដេចតេជោ អំពីវឌ្ឍនភាព​របស់ក្រុមហ៊ុននៅទូទាំងសកលលោក ជាពិសេសវឌ្ឍនភាពរបស់​ក្រុមហ៊ុន​នៅ​កម្ពុជា ដែលមានសាខារហូតដល់ទៅ២៣សាខា ហើយកម្មករច្រើន​ជាង៧០ភាគ​រយ ជាជនជាតិខ្មែរ។ រយៈពេលជាង២០ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុន CCCC ​មាន​គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណជា ៧០គម្រោង​នៅ​កម្ពុជា ដែល​ជា​ផ្នែកមួយជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក សុង ហៃឡាង ក៏បានប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនា​សម្ព័ន្ធ​ក្នុងប្រទេសកម្ពុជា ជាពិសេស គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយដល់កម្ពុជាទៅលើ​ការ​​ផ្លាស់ប្ដូរទម្រង់អភិវឌ្ឍបៃតង។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន​ដែលបាន​ជួយ​ជ្រោម​ជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជានាពេលកន្លងមក។ សម្ដេចតេ​ជោ បានស្នើឱ្យក្រុមហ៊ុនបន្តយកចិត្តទុកដាក់ទៅលើ​គម្រោងនានា​ដែលក្រុម​ហ៊ុន​កំពុងតែអនុវត្តនៅកម្ពុជា ដូចជាការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវ​ល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០ស៊ី ពីកំពង់ឆ្នាំងទៅកំពង់ធំ ជាដើម។

សម្ដេចតេជោ បានជំរុញឱ្យមានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀត ទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋា​រច​នា​សម្ព័ន្ធនៅកម្ពុជា។

សូមបញ្ជាក់ថា ក្នុងកំលុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន និងកូនប្រុសពីររូប (លោក ហ៊ុន ម៉ានិត និងលោក ហ៊ុន ម៉ានី) បាន​អញ្ជើញ​ចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត នៅឯព្រះរាជដំណាក់ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិនដែរ៕