សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៥ខែ កម្ពុជាបានបង្ហាញពិភពលោកពីការប្ដេជ្ញាចិត្តបង្ក្រាបបទល្មើស Onilne Scams កាសែតក្នុងពិភពលោក បានចេញមកទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់កម្ពុជា (Video inside)
27-06-2026 12:43
(ភ្នំពេញ)៖ សម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ កាសែតបរទេសភាគច្រើនលើសលប់ បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onilne Scams)។ ដោយក្នុងរយៈពេល ៥ខែមកនេះ កម្ពុជាបានបង្ហាញពិភពលោក ពីការប្ដេជ្ញាចិត្តរបស់ខ្លួនប្រឆាំងឧក្រិដ្ឋកម្មឆបោកអនឡាញ ហើយកាសែតក្នុងពិភពលោក ជាបន្តបន្ទាប់បានចេញមកទទួលស្គាល់នូវយុទ្ធនាការក្តៅរបស់កម្ពុជា។
ការថ្លែងបែបនេះ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេលជាង២ឆ្នាំមកនេះ រាជរដ្ឋាភិបាលបានជួបនូវវិញ្ញាសារ ចំនួន៣ រួមមាន៖ ១៖ បញ្ហាសង្គ្រាមឈ្លានពាន ទី២៖ ឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី (Online Scams) និងទី៣៖ បញ្ហាសេដ្ឋកិច្ច។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា បញ្ហា Online Scams វាបានប៉ះពាល់ដល់សេដ្ឋកិច្ចប្រផេះមួយចំនួនដែលមានការពាក់ព័ន្ធ។ ក៏ប៉ុន្តែកម្ពុជា គ្មានជម្រើសដើម្បីសម្អាតកេរ្តិ៍ឈ្មោះកម្ពុជាយើង។ យើងមិនត្រូវទុកឱ្យជនបរទេសចោទជាសំណួរថា តើទៅកម្ពុជា មានសុវត្ថិភាព ឬអត់ ទៅគេចាប់ជម្រិត ឬអត់? ថ្នាក់ដឹកនាំរបស់កម្ពុជា បានខិតខំប្រឹងប្រែងបិទបញ្ចប់សង្គ្រាមស៉ីវិលតាំងពីឆ្នាំ១៩៩៨ ដោយបានកសាងប្រទេសមានសុខសន្តិភាព មានសុវត្ថិភាព និងការអភិវឌ្ឍរបស់ដល់បច្ចុបន្ននេះ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា តាមរយៈសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមអ្នកវិនិយោគិន បរទេសមកបណ្តាក់ទុនរកស៉ីនៅកម្ពុជា ពោលគឺរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ពេលវេលាយ៉ាងយូរ ដើម្បីកែប្រែពីប្រទេសធ្លាក់មានសង្គ្រាម ឱ្យក្លាយជាប្រទេសមានសុខសន្តិភាព។
ជាមួយគ្នានេះដែរ សម្ដេចបរធិបតី ហ៊ុន ម៉ាណែត សោកស្ដាយដែលបរទេសមើលឃើញកេរ្ដិ៍ឈ្មោះមិនល្អរបស់កម្ពុជា ដោយចោទសួរថា «តើខ្ញុំទៅស្រុកខ្មែរសុវត្ថិភាពអត់ មានគេចាប់ជម្រិត ឬអត់?» ដែលនេះជាអ្វីដែលត្រូវរួមគ្នាស្ដារកេរ្ដិ៍ឈ្មោះកម្ពុជាឡើងវិញ នៅលើឆាកអន្ដរជាតិ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងរយៈពេលប៉ុន្មានខែនេះ នៃយុទ្ធនាការរបស់យើង [...] ឥឡូវនេះមើលកាសែត ៤ ឬ៥ខែមុន ឱ្យតែនិយាយរឿង Online Scams គេចោទកម្ពុជា ជាប្រទេសនៃការប្រមូលផ្តុំ និងជាប្រទេសរស់សុខស្រួលបណ្តុំ Scams ឥឡូវកាសែតភាគច្រើនលើសលប់ទាំងអស់ បានចេញមកទទួលស្គាល់ សរសេរថា កម្ពុជាបានកម្ទេចសម្បុក Scams ហើយឧក្រិដ្ឋជនបានរត់ទៅប្រទេសផ្សេង»។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈព័ត៌មានពិតចេញពីកម្ពុជា នៅលើទំព័រកាសែតនេះហើយ គឺបានផ្តល់ភាពយុត្តិធម៌ជូនប្រទេសកម្ពុជា ខណៈបណ្តាប្រទេសនានានៅលើពិភពលោក ក៏ចាប់ផ្តើមចេញមកទទួលការពិតថាបទល្មើសឆបោកតាមប្រព័ន្ធបបច្ចេកវិទ្យានេះ មិនមែនកើតមានតែក្នុងប្រទេសកម្ពុជាមួយនោះទេ ប៉ុន្តែ ប្រទេសរបស់ពួកគេក៏មានដែរ។ បើក្រឡេកទៅមើល ៥ខែមុនកម្ពុជា ជាប្រទេសដែលទទួលបន្ទុកតែម្នាក់ឯងលើបណ្តាញព័ត៌មានពាក់ព័ន្ធនឹងបទល្មើស Online Scams នេះ។
ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជា មិនចាត់វិធានការក្តៅនោះទេ សួរថាតើកម្ពុជា អាចស្តារមុខមាត់ និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិបានដែរ ឬទេ? ច្បាស់ណាស់មកដល់ម៉ោងនេះ កេរ្តិ៍ឈ្មោះរបស់កម្ពុជា ចំពោះក្រសែភ្នែកបរទេស នៅតែជាជម្រករបស់ក្រុមឧក្រិដ្ឋជន Online Scams តែម្នាក់ឯងដដែល។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ដោយចាត់ទុកបញ្ហាបទល្មើស Online Scams គឺជាសង្គ្រាមការពារកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្ដរជាតិ និងប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីប្រទេសកម្ពុជា។
«យើងត្រូវទទួលស្គាល់ការពិតពីឧក្រិដ្ឋកម្មឆបោកបោកអនឡាញនៅកម្ពុជា ហើយត្រូវដោះស្រាយដើម្បីការពារកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ជាតិ។ ក្នុងរយៈពេល៥ខែមកនេះ កម្ពុជាបង្ហាញពិភពលោកថាខ្លួនអាចធ្វើបាន»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។
បន្ថែមលើនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា ពេលនេះរាល់ពេលមានជំនួបជាមួយភ្ញៀវបរទេសមួយចំនួន គឺពួកគាត់បានសរសើរកម្ពុជា ដោយសុំកម្ពុជាធ្វើជាគំរូ និងសុំឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការធ្វើវេទិកាសន្និសីទប្រឆាំង Online Scams នៅកម្ពុជាផងដែរ៕












































