សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ SMEs ដេីរតួនាទីយ៉ាងសំខាន់ជាអ្នកបង្កើតការងារនិងចំណូលយ៉ាងច្រើន ដូច្នេះការជួយទៅដល់SMEs គឺជាអទិភាពចម្បងរបស់រដ្ឋាភិបាល
27-06-2026 12:52
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (SMEs) បានដេីរតួនាទីយ៉ាងសំខាន់ ដែលនៅលើពិភពលោក ភាគច្រើនលើសលុប គឺ SMEs ជាអ្នកបង្កើតការងារនិងចំណូលច្រើនសម្រាប់ប្រជាពលរដ្ឋ ដូច្នេះហេីយការជួយទៅដល់SMEs គឺជាអទិភាពចម្បងរបស់រាជរដ្ឋាភិបាល។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បែបនេះ ធ្វើឡេីងក្នុងឱកាសដែលសម្តេចអញ្ជេីញជួបសំណេះសំណាលមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
សម្តេចបវរធិបតីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម ជាតួអង្គសំខាន់ នៅលេីពិភពលោក ភាគច្រេីនលេីសលប់ក៏SMEs ដូចគ្នា ដែលបង្កេីតការងារច្រេីនបង្កើតចំណូលច្រេីន។ នៅកម្ពុជា ក៏ដូចគ្នា»។
ទន្ទឹមគ្នានេះ សម្តេចបវរធិបតី បានណែនាំឱ្យSMEs ត្រូវពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងនិងរួមគ្នាកសាងសមត្ថភាព ផលិតផលិតផលដែលមានគុណភាព និងសុវត្ថិភាព ព្រមទាំងមានតម្លៃសមរម្យ ដែលជាការថែរក្សាទីផ្សារឱ្យមានចីរភាព និងកាន់កាប់ទីផ្សារ ក៏ដូចជាប្រកួតប្រជែងជាមួយនឹងទំនិញរបស់ប្រទេសដ៏ទៃ។ តែយ៉ាងណា SMEs រឹងមាំទៅបានលុះត្រាតែទទួលបានការគាំទ្រពីអ្នកប្រេីប្រាស់ក្នុងស្រុក។
សម្តេចបវរធិបតីបានគូសបញ្ជាក់ទៀតថា ប្រទេសកម្ពុជាតូច មិនរំពឹងថា នឹងមានក្រុមហ៊ុនយក្សវិនិយោគដូចប្រទេសធំៗនោះទេ ប៉ុន្តែត្រូវពឹងផ្អែកលេីSMEs ដែលមានជំនាញផលិត ទោះបីជាមិនទាំងស្រុង ក៏ផលិតក្នុងផ្នែកមួយនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ដូច្នេះហេីយ ទេីបត្រូវជួយ SMEs ព្រោះSMEsជួយបង្កេីតការងារ បង្កេីតផលិតភាពនៃផលិតផល បម្រើដល់ទីផ្សារផលិតកម្មនៅលេីពិភពលោក។ ជាក់ស្តែងដូចជាការផលិតគ្រឿងបង្គុំ គ្រឿងបន្លាស់រថយន្ត នាំចេញទៅទីផ្សារអន្តរជាតិជាដេីម។
សម្តេចបានសង្កត់ធ្ងន់ថាអទិភាពរបស់រាជរដ្ឋាភិបាល ទាំងអាណត្តិមុន និងអាណត្តិនេះ គឺនៅតែផ្តល់អទិភាពដល់វិស័យឯកជន ហេីយក្នុងនោះគឺការជួយទៅដល់ សហគ្រាសខ្នាតមីក្រូ តូច និងមធម្យ។ ការជួយនេះ ធ្វេីឡេីងតាមរយ: ការដាក់ចេញនូវគោលនយោបាយពន្ធ ការអនុគ្រោះ ការលេីកទឹកចិត្ត ជាពិសេសផ្តោតទៅលេី SMEs ដែលស្ថិតនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មជាចម្បង៕












































