សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ និងភាពតានតឹងភូមិសាស្ត្រនយោបាយ បាននិងកំពុងមានផលជះអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា (Video inside)
27-06-2026 13:17
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងភាពមិនច្បាស់លាស់, ការប្រែប្រួលនៃខ្សែច្រវាក់ផ្គត់ផ្គង់, ការកើនឡើងនៃវិធានការការពារពាណិជ្ជកម្ម, ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា, និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដែលបាននិងកំពុងមានផលជះអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ខណៈដែលកម្ពុជា បន្តទទួលរងនូវការឈ្លានពានពីប្រទេសថៃ និងកម្មវិបាកសេដ្ឋកិច្ច នៃការបង្ក្រាប ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សេដ្ឋកិច្ចបៃតង, បច្ចេកវិទ្យាឌីជីថល, និងបញ្ញាសិប្បនិម្មិត កំពុងកំណត់ឡើងវិញនូវស្តង់ដារ និងរបៀបប្រកួតប្រជែងនៅលើទីផ្សារតំបន់ និងសកល។ កម្ពុជានឹងចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ខាងមុខដែលនឹងនាំមកនូវការផ្លាស់ប្តូរលើលក្ខខណ្ឌពាណិជ្ជកម្ម ជំនួយអភិវឌ្ឍន៍ផ្លូវការ និងភាពអនុគ្រោះដែលបណ្តាប្រទេសជាមិត្ត និង ដៃគូអភិវឌ្ឍ។ ស្ដង់ដាផលិតផល, ស្តង់ដាប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ស្តង់ដាប្រព័ន្ធគ្រប់គ្រងគុណភាព, ស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ, និង លក្ខខណ្ឌតម្រូវនៃទីផ្សារ កំពុងក្លាយជារបាំងពាណិជ្ជកម្មស្របច្បាប់
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាក់ស្ដែង ក្នុងក្របខ័ណ្ឌអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មស្ដង់ដាអាស៊ាន, ប្រព័ន្ធសុខដុមនីយកម្មបទបញ្ញត្តិបច្ចេកទេសអាស៊ាន និង នីតិវិធីវាយតម្លៃអនុលោមភាព កំពុងក្លាយជាវិញ្ញាសា និងតេស្តសមត្ថភាពប្រកួតប្រជែងរបស់ MSME កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ាន និង ដៃគូពាណិជ្ជកម្មអាស៊ាន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រ ដូចជា ទីតាំងភូមិសាស្ត្រស្ថិតនៅចំកណ្តាលតំបន់អាស៊ាន, កម្លាំងពលកម្មវ័យក្មេង, ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ចខ្ពស់ និងរឹងមាំ, ព្រមទាំងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង សកល តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និង យន្តការពាណិជ្ជកម្មនានា។ បញ្ហាប្រឈមទាំងនេះ គឺជាកត្តាជំរុញឱ្យមានការកែទម្រង់កាន់តែស៊ីជម្រៅ និងឆាប់រហ័សនៅកម្ពុជា ស្របតាមទិសស្លោក «កែទម្រង់រស់ មិនកែទម្រង់ស្លាប់» ដើម្បីប្រែក្លាយបញ្ហាប្រឈមទាំងនេះ ឱ្យក្លាយជាកាលានុវត្តភាព។
សម្តេចបានបញ្ជាក់បន្ថែមថា៖ «ពេលខ្លះ ការលំបាក គឺជាឱសថមួយ ដែលជំរុញឱ្យយើងអាចព្យាបាលលឿន ហើយរួមគ្នាព្យាបាលឱ្យលឿន ពេលជួបបញ្ហាប្រឈម យើងមានជម្រើស២ ជម្រើសទី១ ដេកដួល យំស្រែក បាក់ទឹកចិត្ត ហើយបន់ព្រះ ឱ្យពេលលំបាកនេះឆ្លងផុត ដើម្បីយើងអាចទៅសកម្មភាពដូចដើម ជម្រើសមួយទៀត យើងត្រូវប្រឈមវាផ្ទាល់តែម្តង កុំរំពឹងថា វាទៅពេលណាផុត បើវាទៅក៏ទៅបើវាមិនទៅ យើងត្រូវយកឱកាសនេះ ដើម្បីពង្រឹងខ្លួនឯង»៕












































