លោក ជា ធីរិទ្ធ៖ ចិនចង់ឃើញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមកិច្ចព្រមព្រៀងដែលមានស្រាប់ (Video inside)
27-06-2026 13:46
(ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានបង្ហាញឆន្ទះចង់ឃើញកម្ពុជា-ថៃ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមកិច្ចព្រមព្រៀងដែលមានស្រាប់។ នេះជាការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានឲ្យដឹងថា ពេលដែលសម្តេចតេជោ ហ៊ុន សែន មានជំនួបជាមួយ លោក ស៉ី ជិនពីង មានការលើកឡើងពីបញ្ហាព្រំដែនកម្ពុជានិងថៃ។
លោក ជា ធីរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះ «ចិនបានប្រើពាក្យទៅកាន់សម្តេចតេជោ ថា ភាគីចិនតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះស្ថានការណ៍ព្រំដែនកម្ពុជានិងថៃ ចិនចង់ឃើញភាគីទាំងពីរដោះស្រាយបញ្ហាជាមួយគ្នាដោយសន្តិវិធី ដោយគោរពតាមកិច្ចព្រមព្រៀងភាគីទាំងពីរដែលមានស្រាប់ ដូចច្នេះ ជាឆន្ទះរបស់ចិនចង់ឲ្យភាគីទាំងពីរដោះស្រាយបញ្ហាបញ្ហាព្រំដែន ដែលកម្ពុជាមានជម្លោះ ដែលថៃបានកាន់កាប់មកលើទឹកដីកម្ពុជានាពេលកន្លងមក ដោយខុសច្បាប់...»។
ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រើប្រាស់យន្តការចម្រុះជាច្រើនកម្រិត ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍សន្តិវិធី រួមមាន៖
*ការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)៖ សម្រាប់ព្រំដែនគោក បន្ទាប់ពីការប្រឈមមុខដាក់គ្នានៅតំបន់ព្រំដែន កម្ពុជាបានត្រៀមលក្ខណៈ និងប្រកាសប្ដឹងទៅតុលាការ ICJ ដើម្បីដោះស្រាយបញ្ចប់វិវាទលើចំណុចស្រពិចស្រពិលនានា (ដូចជា តំបន់មុំបី ប្រាសាទតាមាន់ និងប្រាសាទតាក្របី) ជាជាងទុកឱ្យមានការប៉ះទង្គិចប្រដាប់អាវុធ។
*យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS៖ សម្រាប់ព្រំដែនទឹក បន្ទាប់ពីភាគីថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001 ឬ MOU 44) ឯកតោភាគី កម្ពុជាបានបើកដំណើរការ យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីបង្កើតគណៈកម្មការចម្រុះដោះស្រាយបញ្ហាតំបន់ទាមទារត្រួតគ្នានៅឈូងសមុទ្រថៃ (OCA)៕










