លោក កែវ រតនៈ៖ «សន្តិភាពជាកត្តាស្នូលនាំឱ្យពោធិ៍សាត់មានរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធទំនើប»
27-06-2026 14:30
(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយសក្លឹបគ្រូបង្រៀនបាកាន នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំក្នុងស្រុកបាកាន សរុបប្រមាណជាង១ពាន់នាក់ ព្រមទាំងអញ្ជើញបិទសន្និបាត លើកទី១ របស់ក្លឹបគ្រូបង្រៀនបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណវិទ្យាល័យ ហ៊ុន សែន បាកាន ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន ដោយមានការអញ្ជើញចូលរួមពី លោក បណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកាន, លោក បណ្ឌិត ទី ថានី តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកបាកាន, លោក ងួន ប៉ោសេង អភិបាលរងខេត្ត, ក្រុមការងារចុះជួយតាមបណ្តាឃុំទាំង៩ ក្នុងស្រុកបាកាន ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីលោក រី ណាក់ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងជាប្រធានក្លឹបគ្រូបង្រៀនបាកាន បានជម្រាបជូនអំពីលទ្ធផលសម្រេចបាន នៃអង្គសន្និតបាទ លើកទី១ របស់ក្លឹបគ្រូបង្រៀនស្រុក នោះរួចមក, លោក កែវ រតនៈ បានគូសបញ្ជាក់ពីគុណតម្លៃនៃការបង្កើត «ក្លឹបគ្រូបង្រៀន» ដែលជាវេទិកាមួយដ៏សំខាន់ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងសាមគ្គីភាពក្នុងវិស័យអប់រំ។
លោកបានជំរុញឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ បន្តបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងការ «សាបព្រោះ និងបណ្តុះនូវគ្រាប់ពូជដ៏ល្អ» ដល់សិស្សានុសិស្ស និងយុវជន ដើម្បីឱ្យពួកគេក្លាយជាធនធានមនុស្សដែលមានចំណេះដឹង និងសីលធម៌ សម្រាប់សង្គមជាតិ។ ជាការលើកទឹកចិត្តដល់បេសកកម្មនេះ លោកបានប្រកាសឧបត្ថម្ភ អង្ករ២០តោន និងថវិកា ៤០លានរៀល ជូនដល់ក្លឹបគ្រូបង្រៀន ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងក្របខណ្ឌឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានផ្តល់ការយល់ដឹងដល់លោកគ្រូ អ្នកគ្រូ អំពីស្ថានភាពបច្ចុប្បន្នភាពនៃការវិវឌ្ឍនយោបាយ និងសេដ្ឋកិច្ចពិភពលោក រួមទាំងបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា និងបញ្ហាព្រំដែនក្នុងតំបន់។ លោកបញ្ជាក់ថា៖ «ក្នុងឆ្នាំ២០២៦ បញ្ហាសង្គ្រាម និងសេដ្ឋកិច្ចសកល បានជះឥទ្ធិពលដល់កម្ពុជាយើងខ្លះៗ ប៉ុន្តែដោយសារតែកត្តាសន្តិភាព ដែលជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោត កម្ពុជានៅតែរក្សាបាននូវភាពរឹងមាំ។ ការដែលវិនិយោគិនបរទេសនៅតែបន្តចូលមកវិនិយោគនៅកម្ពុជា មិនមែនដោយសារតែតម្លៃពលកម្មទាបនោះទេ ប៉ុន្តែគឺដោយសារស្ថេរភាពនយោបាយដ៏ល្អប្រសើររបស់យើង»។
លោក កែវ រតនៈ បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការផ្លាស់ប្តូរមុខមាត់ខេត្តពោធិ៍សាត់ ពីតំបន់ធ្លាប់ជួបវិបត្តិសង្គ្រាម និងជាខេត្តដែលគេឆ្លងកាត់ (ទៅផុតមកផុត) មកជាខេត្តដែលមានការអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធ នានាដល់មូលដ្ឋាន, ជម្រុញការខិតខំដាំដើមឈើ, អភិរក្សការពារព្រៃឈើ និងបរិស្ថានដែលមានស្រាប់ និងការរៀបចំច្រាំងស្ទឹងឱ្យក្លាយជាសួនច្បារដ៏ស្រស់ស្អាត ដើម្បីទាក់ទាញអ្នកទេសចរ, ការគៀរគរវិនិយោគិន មកបណ្តាក់ទុនវិនិយោគក្នុងខេត្ត ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដើម្បីបង្កើតទីផ្សារការងារ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងក្នុងតំបន់ បង្កើតសេដ្ឋកិច្ចគ្រួសារ និងមិនធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។
លោកបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះនឹងមិនកើតមានឡើងដោយឯងៗនោះទេ ប្រសិនបើគ្មានសន្តិភាព និងការរួបរួមសាមគ្គីឯកភាពជាតិ។ ដូច្នេះ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ត្រូវតែបន្តរួមចំណែកអប់រំយុវជនឱ្យយល់ដឹង ពីតម្លៃនៃសន្តិភាព ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យកាន់តែរីកចម្រើនថែមទៀត៕






















































