រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ
27-06-2026 15:07
(កំពង់អំ)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានបន្តដឹកនាំក្រុមការងារអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារគណបក្សចំនួនជាង ៤ពាន់គ្រួសារ នៅក្នុងមូលដ្ឋានឃុំពពក និងឃុំប្រឡាយ នៃស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងកិច្ចសំណេះសំណាល លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ជូនដល់សមាជិកសមាជិកាជាមេគ្រួសារគណបក្ស និងអង្គពិធីទាំងមូល។
លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រុមការងារឃុំពពក និងឃុំប្រឡាយសម្រេចបានទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដូចជាការកសាងនិងជួសជុលប្រឡាយទឹក ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងការសាងសង់អគារស្នាក់ការគណបក្សឃុំដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលថ្មីៗនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារត្រូវបន្តចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ជាពិសេសការចុះជួយដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋដែលជួបការលំបាក ជនចាស់ជរា គ្រួសារមរណភាព គ្រួសារកូនខ្ចី គ្រួសារវីរកងទ័ពជួរមុខ គ្រួសារភៀសសឹក គ្រួសារពលករចំណាកស្រុកជាដើម។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំងសរុប ជាតួអង្គតែមួយ និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ត្រៀមសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតតំណាងរាស្ត្រ ឆ្នាំ២០២៨ ខាងមុខនេះ។
សូមបញ្ជាក់ថា គិតត្រឹមដើមខែមិថុនា ឆ្នាំ២០២៦ ក្នុងមូលដ្ឋានឃុំពពក មានប្រជាជនសរុបចំនួន ១០ ៣៥០ នាក់ និងមានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៤,៤៨៣នាក់ ស្មើនឹង ១,៥៧១ គ្រួសារបក្ស។ ដោយឡែកនៅក្នុងមូលដ្ឋានឃុំប្រឡាយមានប្រជាជនសរុបចំនួន ១៥,៧២០នាក់ និងសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៦,៥៤១នាក់ ស្មើនឹង ២,៥២១គ្រួសារបក្ស៕
















































