មិនសន្យាចោលនោះឡើយ! ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោងនៅភូមិគេន្ទាក ចំណងដៃលោកអ្នកឧកញ៉ា ទ្រី ភាព ចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ (Video inside)
27-06-2026 15:57
(កំពង់ធំ)៖ ២០ថ្ងៃក្រោយសន្យា ការដ្ឋានសាងសង់ស្ពានបាឡេឆ្លងស្ទឹងស្ទោង ស្ថិតនៅក្នុងភូមិគេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានចាប់ផ្តើមបុកគ្រឹះសាងសង់ហើយ។ ពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងស្ទោង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ទ្រី ដាលុច តំណាងដ៏ខ្ពង់ខ្ពស់លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក។
ប្រជាពលរដ្ឋរស់នៅឃុំសាគ្រាមជួបការលំបាកជាច្រើនក្នុងការធ្វើដំណើរឆ្លងស្ទឹងស្ទោងទាំងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលនានា។ បច្ចុប្បន្នមធ្យោបាយក្នុងការឆ្លងស្ទឹងស្ទោងនេះ គឺដើរនៅលើស្ពានយោលមួយខ្សែ ដែលត្រូវបានធ្វើយូរឆ្នាំមកហើយ។ ស្ពានយោលនេះ អាចឆ្លងបានតែថ្មើរជើង កង់ ម៉ូតូ ឬគោយន្តប៉ុណ្ណោះ។ ការដឹកធ្ងន់ៗមិនអាចឆ្លងកាត់លើស្ពានយោលនេះបានឡើយ។
ដោយមើលឃើញការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងឃុំនេះ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានោះ លោកអ្នកឧកញ៉ា ទ្រី ភាព បានប្រកាសសាងសង់ស្ពានដែកបាឡេនេះជាចំណងដៃជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំសាគ្រាមនេះ។
ស្ពាននេះមានបណ្ដោយប្រវែង ១១៣ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលអាចទ្រទម្ងន់បាន ២៥តោន គ្រោងចំណាយថវិកាអស់ ២២០ ០០០ដុល្លារអាមេរិក។ គ្មានស្ពានឆ្លងស្ទឹងបានក្លាយជាការលំបាកសម្រាប់ប្រជាពលរដ្ឋនៅឃុំសាគ្រាមយូរឆ្នាំណាស់មកហើយ។ ការចាប់ផ្តើមសាងសង់ស្ពានដែកបាឡេឆ្លងស្ទឹងនេះ បាននាំមកនូវក្តីរីករាយឥតឧបមាសម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋ។ គ្រប់គ្នាសុទ្ធតែបង្ហាញក្តីរំពឹងថា ក្តីលំបាកទាំងឡាយដែលពួកគេបានជួបក្នុងការឆ្លងស្ទឹងនឹងត្រូវបញ្ចប់នាពេលខាងមុខដ៏ខ្លី។
សូមបញ្ជាក់ថា នៅក្នុងពិធីនាព្រឹកមិញនេះ លោក ទ្រី ដាលុច បាននាំយកអំណោយរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ចែកជូនគណបក្សស្រុក គណបក្សឃុំ កងកម្លាំងប្រដាប់អាវុធ និងលោកយាយជីលោកតាជីជាង ១០០ នាក់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដោយចំណាយថវិកាអស់ប្រមាណ ៣០.០០០.០០០រៀល៕









































