អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ជំរុញឱ្យក្រុមការងារយកចិត្តទុកដាក់ទុកដាក់បម្រើពលរដ្ឋ និងពង្រឹងស្មារតីទទួលខុសត្រូវ
27-06-2026 16:30
(កំពង់ធំ)៖ លោក ទុយ សុធារិទ្ធ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទួលគ្រើល ជំរុញឱ្យក្រុមការងារយកចិត្តទុកដាក់ទុកដាក់បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យមានភាពនឹងន។
លោក ទុយ សុធារិទ្ធ បានថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងារចុះភូមិក្រពើ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
លោកបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញការងារ បម្រើប្រជាពលរដ្ឋ ក្នុងន័យពង្រឹងស្មារតី និងសតិអារម្មណ៍ប្រជាពលរដ្ឋឱ្យមានភាពនឹងន និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត។
លោក ទុយ សុធារិទ្ធ បានបញ្ជាក់ថា នាពេលដ៏ខ្លីខាងមុខនេះ នឹងមានការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៨ នៅឆ្នាំ២០២៨ខាងមុខ។
លោក ទុយ សុធារិទ្ធ បានបន្តថា ការរៀបចំក្រុមការងារគណបក្សចុះមូលដ្ឋាន គឺជាយន្តការបន្តពង្រឹងស្មារតីទទួលខុសត្រូវ ការចុះជាប់ជាមួយប្រជាពលរដ្ឋ និងការអនុវត្តទិសដៅរបស់គណបក្ស ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ក្រុមការងារគណបក្សនៅមូលដ្ឋានមានតួនាទីសំខាន់ណាស់ ក្នុងនាមជាសរសៃ ឈាមតភ្ជាប់រវាងគណបក្ស និងប្រជាពលរដ្ឋ។
លោក ទុយ សុធារិទ្ធ បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយ ការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលឆ្លើយតបបានទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍សកលលោក បន្ដពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យ «កម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០»៕


















