ដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅចិន ជាការផ្តល់តម្លៃខ្ពស់របស់​មេដឹក​នាំចិន មិនមែនទស្សនកិច្ចបែបសាមញ្ញដូចការយល់របស់លោក អានុទីន នោះឡើយ (Video inside)

27-06-2026 16:37

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៣ថ្ងៃ​ក្នុង​​ប្រទេសចិន ជាដំណើរការទូតមួយដែលទទួលបានការចាប់អារម្មណ៍មិនត្រឹម​មជ្ឈ​ដ្ឋានកម្ពុជា ចិន ឬតំបន់នោះទេ នៅឯប្រទេសថៃ ក៏បានដាក់ភ្នែកគយគន់ ដាក់​​​ចិត្តចាប់អារម្មណ៍យ៉ាងសម្បើមណាស់ដែរ។

ហេតុអ្វីបានជាមជ្ឈដ្ឋានពលរដ្ឋ និងអ្នកនយោបាយថៃចាប់អារម្មណ៍ចំពោះ​ដំ​ណើរ ដំណើរ​ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រទេសចិន?

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលមជ្ឈដ្ឋានសង្គមរបស់​ថៃ ចាត់ទុកជា​អ្នកនយោបាយដ៏មានឥទ្ធិពល និងមានគ្រោះថ្នាក់ចំពោះ​នយោ​បាយ​​ថៃ​។ មិនថា​នយោបាយការទូតបរទេសនោះទេ រាល់ប្រសាសន៍ រាល់សារ​របស់​សម្តេច​តេជោ ហ៊ុន សែន ក៏តែងត្រូវបានលើកមកជជែកវែកញែកក្នុង​មជ្ឈ​ដ្ឋាន​​របស់​ថៃ​ដែរ។

ដំណើរបំពេញទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិន​នា​ពេលនេះ ក៏ត្រូវបានសង្គមថៃលើកយកមកជជែកដែរ ដោយពួកគេយល់​ថា ដំណើរ​ទស្សនកិច្ចនឹងជះឥទ្ធិពលដល់បញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នា​ពេល​បច្ចុប្បន្ន ព្រោះប្រទេសចិន ជាតួអង្គដ៏មានឥទ្ធិពលមួយក្នុងតំបន់ ព្រមទាំង​កម្ពុជា និងថៃ។

មិនត្រឹមមជ្ឈដ្ឋានពលរដ្ឋសាមញ្ញទូទៅ និងអ្នកលេងបណ្តាញសង្គមនោះទេ អ្នកសារព័ត៌មានថៃ បានចោទជាសំណួរទៅកាន់លោក អានុទីន នាយករដ្ឋមន្ត្រី​ថៃជុំវិញដំណើរទស្សនកិច្ចរបស់សម្តេចតេជោ តើនឹងជះឥទ្ធិពលបែបណាទៅលើ​ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នាពេលបច្ចុប្បន្ន?

ចម្លើយគេចពីបញ្ហាដែលជាទម្លាប់របស់លោក អានុទីន នោះ គេបានហៅដំណើរ​ទស្សន​កិច្ចរបស់សម្តេចតេជោនៅចិន ជាដំណើរទស្សនកិច្ចបែបសាមញ្ញធម្មតា ហើយនៅខែកក្កដាខាងមុខនេះ រូបលោកក៏នឹងទៅកាន់ប្រទេសចិនដែរ។

តើដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ពិត​ជា​សាមញ្ញដូចលោក អានុទីន លើកឡើងមែនឬ?

សម្តីលោក អានុទីន អាចលួងចិត្តខ្លួនឯង តែមិនអាចបោកអ្នកនយោបាយ​ អ្នក​វិភាគ ឬអ្នកតាមដានព្រឹត្តិការណ៍នយោបាយរបស់ថៃបាននោះឡើយ។

ជារឿងកម្រណាស់ ដែលមេដឹកនាំនៃប្រទេសមួយ ត្រូវបានអញ្ជើញ​ទស្សន​កិច្ច​ជាញឹកញាប់នៅក្នុងប្រទេសមួយក្រោយពេលអស់តំណែងជាអ្នកកាន់ការងារទូទៅរបស់រាជរដ្ឋាភិបាល។ ផ្ទុយទៅវិញ សម្រាប់សម្តេចតេជោ ហ៊ុន សែន ក្រោយ​បញ្ចប់តំណែងជានាយករដ្ឋមន្ត្រីរបស់កម្ពុជា សម្តេចត្រូវបានអញ្ជើញបំពេញ​ទស្សន​កិច្ចចំនួនពីរលើកហើយនៅក្នុងប្រទេសចិន លើកទី១ ធ្វើឡើងនៅ​ឆ្នាំ​២០២៤ និងលើកទី២ នៅក្នុងឆ្នាំ២០២៦នេះ។

សម្រាប់លើកទី២នេះ គេអាចមើលឃើញពីការផ្តល់តម្លៃយ៉ាងខ្ពង់ខ្ពស់ចំពោះ​ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ពីសំណាក់មេដឹកនាំរបស់ចិន។ ក្នុងនោះ ការអញ្ជើញ គឺត្រូវបានធ្វើឡើងផ្ទាល់ដោយលោក ស៊ី ជីនពីង ក្នុងឋានៈជាអគ្គ​លេខា​ធិការ​បក្សកុម្មុយនីស្តចិន។

បន្ថែមពីលើនោះ ដំណើរទស្សនកិច្ចនេះទៀតសោត ត្រូវបានរៀបចំជំនួបដោយ​មេដឹកនាំកំពូលកម្រិតទាំង៣របស់ប្រទេស រួមមាន៖ លោក ស៊ី ជីនពីង អគ្គ​លេ​ខា​ធិ​ការ នៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានា​ធិបតីចិន, លោក លី ឈាង នាយករដ្ឋមន្ត្រីចិន, លោក ចាវ ឡឺជី ប្រធានគណៈ​កម្មាធិការ​អចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនចិន និងលោក លូ ហៃស៊ីង រដ្ឋមន្ត្រីនៃគណៈ​ទាក់​ទងការប​រ​ទេស​​របស់គណៈកម្មការកណ្តាលនៃបក្សកុម្មុយនីស្តចិន។

តាមរយៈជំនួបនេះ បង្ហាញពីពិធីការកម្រិតកំពូល មិនខុសពីការទទួលមេដឹកនាំ​ប្រទេសនានា ដែលអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំកម្ពុជាមួយរូប ដែលបានបន្តព្រះរាជតម្រិះ​របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការពូនជ្រុំទំនាក់ទំនង​កម្ពុជា និងចិន ឱ្យកាន់តែល្អប្រសើរ និងរឹងមាំ ព្រមទាំងពង្រីកនូវកិច្ចសហប្រតិ​បត្តិការ​ជា​ច្រើន​​ជាមួយគ្នា។ ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេស​ចិននាពេលនេះ ត្រូវបានមេដឹកនាំចិនចាត់ទុកជាដំណើរទស្សនកិច្ច​របស់​មិត្តចាស់​ប្រកបដោយភាពស្មោះត្រង់ និងជឿទុកចិត្ត និងជាដំណើរទស្ស​ន​កិច្ច​ប្រៀបដូច​កម្លាំងចលករជំរុញបន្ថែមនូវជំនឿទុកចិត្តរវាងកម្ពុជា និងចិន ឱ្យរឹងរិតតែរឹងមាំថែមទៀត។ ដូច្នេះមិនចម្លែកនោះឡើយ ដែលមេដឹកនាំចិន បានរៀបចំពិធីការកម្រិតខ្ពស់ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន។

សម្រាប់ដំណើររបស់លោក អានុទីន ទៅកាន់ប្រទេសចិននាខែកក្កដាខាងមុខ​វិញ គ្រាន់តែជាដំណើរមួយចូលរួមក្នុងវេទិកាស្តីពីកម្មវិធីបញ្ញាសិប្បនិម្មិត AI ប៉ុណ្ណោះ ដែលមានមេដឹកនាំជាច្រើនត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានេះ។ ដូច្នេះគេមិនអាចយកដំណើរនេះ មកប្រៀបធៀបនឹងដំណើរទស្សនកិច្ចរបស់​សម្តេច​តេជោ ហ៊ុន សែន ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់មួយបាន​នោះ​ឡើយ៕