ផ្លែផ្កានៃដំណើរទស្សនកិច្ចសម្តេចតេជោ៖ កម្ពុជា-ចិន ពង្រឹងយុទ្ធសាស្ត្រនយោបាយ ជំរុញភាគលាភសេដ្ឋកិច្ច និងកសាងដៃគូសន្តិសុខថ្មី
27-06-2026 17:51
(ភ្នំពេញ)៖ បណ្ឌិត កៅ មុយថង អ្នកជំនាញសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជា-ចិន បានលើកឡើងថានៅក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយសកលលោក ដែលពោរពេញទៅដោយភាព មិនប្រាកដប្រជា ការប្រកួតប្រជែងអំណាចរវាងមហាអំណាច និងការលេចឡើងនូវការគំរាមកំហែង សន្តិសុខទម្រង់ថ្មី ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នាពេលថ្មីៗនេះ មិនមែនជាព្រឹត្តិការណ៍ការទូតតាមទម្លាប់ធម្មតានោះឡើយ។ ផ្ទុយទៅវិញ ដំណើរទស្សនកិច្ចនេះគឺជា «សារនយោបាយដ៏មានឥទ្ធិពល» មួយដែលបញ្ជាក់ជាថ្មីអំពីភាពចាស់ទុំ និងភាពរឹងមាំនៃទំនាក់ទំនងទ្វេភាគី ដែលបានឈានដល់កម្រិត «សហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី»។
លោកបណ្ឌិតបានកត់សម្គាល់ថា សរស្តម្ភគន្លឹះទាំង៣ ដែលជាលទ្ធផលផ្លែផ្កា នៃដំណើរទស្សនកិច្ចនេះ រួមមាន៖ ទិសដៅយុទ្ធសាស្ត្រនយោបាយ ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការបង្កើតខែលសន្តិសុខរួមទម្រង់ថ្មី។
១. យុទ្ធសាស្ត្រនយោបាយ៖ ពីវោហាសាស្រ្តនយោបាយ ទៅជា «ការពិតជាក់ស្តែង» នៃការដឹកនាំ
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រុមអ្នកវិភាគបស្ចិមប្រទេស ជារឿយៗតែងតែវាយ តម្លៃទំនាក់ទំនងកម្ពុជា-ចិន ថាជាទំនាក់ទំនងផ្អែកលើផលប្រយោជន៍បណ្តោះអាសន្ន ឬគ្រាន់តែជាវោហាសាស្រ្តនយោបាយ។ ទោះជាយ៉ាងណា លទ្ធផលនៃជំនួបកំពូលនាពេលនេះ បានផ្តល់នូវចម្លើយ តបយ៉ាងច្បាស់លាស់ និងជាឯកច្ឆ័ន្ទពីប្រមុខដឹកនាំនៃប្រទេសទាំងពីរថា៖ «មហាមិត្តភាពដែកថែប» គឺជារចនាសម្ព័ន្ធពិត និងជាតថភាពរស់រវើក ដែលអាចបត់បែន ឆ្លើយតប និងការពារផលប្រយោជន៍គ្នា ទៅវិញទៅមកបានគ្រប់កាលៈទេសៈ។
ភាពស៊ីជម្រៅនៃសសរស្តម្ភនយោបាយក្នុងដំណើរទស្សនកិច្ចនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈចំណុចយុទ្ធសាស្ត្រពីរ៖
- ស្ថាប័នូបនីយកម្មនៃទំនាក់ទំនង «បក្សនិងបក្ស» ជាក្បាលម៉ាស៊ីនរុញ ច្រានទំនាក់ទំនងរដ្ឋនិងរដ្ឋ នៅក្នុងប្រព័ន្ធទំនាក់ទំនងអន្តរជាតិ សសរស្តម្ភដែលរឹងមាំ និងមាននិរន្តរ ភាពបំផុត មិនមែនកើតឡើងត្រឹមមានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលនោះទេ ប៉ុន្តែវាត្រូវ បានចាក់គ្រឹះយ៉ាងជ្រៅនៅក្នុងទំនុកចិត្តយុទ្ធសាស្ត្ររវាងស្ថាប័នដឹកនាំនយោបាយកំពូល។ ក្នុងន័យនេះ ការព្រមព្រៀងគ្នាយ៉ាងឱឡារិកក្នុងការពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់ អំណាចទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សកុម្មុយនីស្តចិន (CPC) ក្នុងដំណើរ ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះគឺជាការបង្ហាញពី «ទំនុកចិត្តនយោបាយកម្រិត កំពូល» ដែលមិនអាចកាត់ថ្លៃបាន ក្នុងការធានាថា មហាមិត្តភាពដែកថែបកម្ពុជា-ចិន នឹងបន្តឈរជើង យ៉ាងរឹងមាំ ប្រកបដោយភាពរស់រវើក និង មិនអាចបំបែកបំបាក់បានក្នុងសតវត្សរ៍ទី២១នេះ។
- ការរៀនសូត្រពីបទពិសោធន៍អភិបាលកិច្ច៖ នេះជាចំណុចពិសេសស៊ីជម្រៅ។ ចិនដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២លើលោក មានបទពិសោធន៍ដ៏សម្បូរបែបក្នុងការលុបបំបាត់ភាព ក្រីក្រ និងការអភិវឌ្ឍបច្ចេកវិទ្យា ខណៈកម្ពុជាមានភាពវៃឆ្លាតក្នុងការរក្សាសន្តិភាព និងការផ្សះផ្សាជាតិ។ ការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចនេះ ជួយឱ្យកម្ពុជាអាចទាញយកគំរូជោគជ័យរបស់ចិន មកកែច្នៃស្របតាមបរិបទជាតិ ដើម្បពង្រឹងសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋ។
២. ផ្លែផ្កានៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖ ការបើកចំហរចនាសម្ព័ន្ធ និងការតភ្ជាប់ខ្សែច្រវាក់តម្លៃ
លទ្ធផលផ្នែកសេដ្ឋកិច្ចនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ នឹងជំរុញឱ្យកម្ពុជាចូលទៅក្នុងខ្សែច្រវាក់តម្លៃសកលនិងតំបន់ តាមរយៈយន្តការគន្លឹះពីរ៖
- ការពន្លឿនរចនាសម្ព័ន្ធ «ច្រក របៀងទ្វេ» គឺច្រករបៀងការអភិវឌ្ឍន៍ឧស្សាហកម្ម៖ ផ្តោតលើការប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ នេះជាយុទ្ធសាស្ត្រទាញយកឧស្សាហកម្មកម្រិតខ្ពស់ និងបច្ចេកវិទ្យាពីប្រទេសចិន មកបង្កើតមូលដ្ឋានផលិតកម្មនៅកម្ពុជា មិនមែនត្រឹមតែរោងចក្រកាត់ដេរកម្រិតទាបនោះឡើយ។
- ច្រករបៀងមច្ឆានិងអង្ករ៖ គឺជាការបើកទ្វារវិស័យកសិកម្មខ្មែរទៅកាន់ទីផ្សារដ៏ធំធេងរបស់ចិន។ ជំនួបនានាក្នុងទស្សនកិច្ចនេះ បានជំរុញការកសាងព្រែកជីកហ្វូណនតេជោ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, គម្រោងផ្លូវជាតិលេខ៥០C ពីកំពង់ឆ្នាំងទៅកំពង់ធំជាដើម ដើម្បីឱ្យចេញជារូបរាងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។
៣. ការដោះលែងភាគលាភនៃពាណិជ្ជកម្មសេរី
ការបញ្ជាក់ជាថ្មីអំពីការតភ្ជាប់គ្នារវាងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់កម្ពុជា និងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) របស់ចិន គឺជាសញ្ញាណវិជ្ជមានសម្រាប់វិនិយោគិន។ ការព្រមព្រៀងគ្នាជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការតំបន់ពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងធ្វើឱ្យកម្ពុជាក្លាយជា «ចំណុចតភ្ជាប់យុទ្ធសាស្ត្រ»។ កម្ពុជានឹងទទួលបានផលចំណេញពីការផ្ទេរបច្ចេកវិទ្យា ការបង្កើតការងារជំនាញខ្ពស់ និងការបង្កើនចំណូលពន្ធគយពីការធ្វើពាណិជ្ជកម្មឆ្លងដែន។
៤. ខែលការពារសន្តិសុខទម្រង់ថ្មី៖ គំរូឈានមុខសម្រាប់សតវត្សរ៍ទី២១
ចំណុចដែលជា «របត់ថ្មីស្រឡាង» និងមានទម្ងន់យុទ្ធសាស្ត្រធ្ងន់ជាងគេនៅក្នុងការវិភាគនេះគឺ ការឯកភាពគ្នាក្នុងការកសាង «ភាពជាដៃគូសន្តិសុខ»។ នេះជាការវិវត្តន័យកម្រិតខ្ពស់ ដែលបង្ហាញថា មិត្តភាព កម្ពុជា-ចិន បានឈានហួសពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការទូតទន់ភ្លន់ ទៅដល់ការប្តេជ្ញាចិត្តការពារស្ថិរភាពយុទ្ធសាស្ត្ររួមគ្នាជាអាទិ៍៖
- ការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងសន្តិសុខមិនមែនប្រពៃណី៖ ការលើកឡើងចំៗអំពីការរួមគ្នា «លុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឆ្លងដែន» (Cyber Scams) និងល្បែងស៊ីសងខុសច្បាប់ គឺជាការឆ្លើយតបប្រកបដោយភាពវៃឆ្លាត និងទាន់ពេលវេលាបំផុត។ បញ្ហានេះបានក្លាយជាដំបៅមហារីកសន្តិសុខនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបង្កផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ វិស័យទេសចរណ៍ និងបរិយាកាសវិនិយោគរបស់កម្ពុជា។
ការចាប់ដៃគ្នាកម្រិតកំពូលរវាងកម្ពុជា និងចិន ក្នុងការបង្ក្រាបបទល្មើសនេះ បង្ហាញថា ប្រទេសទាំងពីរមិនលាក់បាំង ឬបដិសេធបញ្ហានោះទេ ប៉ុន្តែប្រឈមមុខនិងដោះស្រាយវាដោយតម្លាភាព។ ក្នុងនោះ ចិននឹងផ្តល់ការគាំទ្រផ្នែកបច្ចេកវិទ្យាស៊ើបការណ៍សម្ងាត់ (Cyber Intelligence) ខណៈកម្ពុជា អនុវត្តច្បាប់ផ្ទៃក្នុងយ៉ាងម៉ឺងម៉ាត់ ដើម្បីបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មទាំងនេះឱ្យអស់ពីទឹកដីកម្ពុជា។
- ត្រីវិស័យ និងខែលការពារភូមិសាស្ត្រនយោបាយ៖ នៅក្នុងសតវត្សរ៍នេះ ការគំរាមកំហែងសន្តិសុខមិនមែនមានតែសង្គ្រាមប្រពៃណី ឬការប្រើប្រាស់ កងទ័ពនោះទេ ប៉ុន្តែវាស្តែងឡើងតាមរយៈបដិវត្តន៍ពណ៌ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសង្គ្រាមព័ត៌មាន។ ក្នុងន័យនេះ ផ្លែផ្កានៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នឹងក្លាយជាត្រីវិស័យ និងជាគំរូឈានមុខមួយសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខមិនមែនប្រពៃណីនៅក្នុងតំបន់។
វាបញ្ជាក់ឱ្យឃើញថា នៅពេលដែលប្រទេសទាំងពីរមានភាពស្មោះត្រង់ និងទំនុកចិត្តពិតប្រាកដ ទំនាក់ទំនងនោះនឹងប្រែក្លាយទៅជាខែលការពារដ៏មានប្រសិទ្ធភាពបំផុត ប្រឆាំងនឹងការប៉ុនប៉ងបង្ក ចលាចល បំបែកបំបាក់ និងការដាក់សម្ពាធភូមិសាស្ត្រនយោបាយពីសំណាក់មហាអំណាចខាងក្រៅ។
* និន្នាការទៅអនាគត និងសន្និដ្ឋាន៖
តាមរយៈការវះកាត់វិភាគគ្រប់ជ្រុងជ្រោយខាងលើ យើងអាចសន្និដ្ឋានបានថា ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន គឺជាការកំណត់ទិសដៅយុទ្ធសាស្ត្ររយៈពេលវែង សម្រាប់ទសវត្សរ៍ខាងមុខ។ នេះមិនមែនជាការខិតទៅជិតចិនដោយខ្វាក់ភ្នែកដូចការចោទប្រកាន់នោះ ទេ ប៉ុន្តែជាការគណនាផលប្រយោជន៍ជាតិយ៉ាងល្អិតល្អន់របស់កម្ពុជា។
ស្ថាបត្យកម្មនៃមិត្តភាពនេះ បានផ្គុំឡើងដោយជោគជ័យនូវធាតុគន្លឹះចំនួនបី៖ គឺយុទ្ធសាស្ត្រនយោបាយជាខ្នងបង្អែក ភាគលាភសេដ្ឋកិច្ចជាឈាមរត់ និងភាពជាដៃគូសន្តិសុខជាអាវក្រោះ។ ឈរលើគ្រឹះស្ថានដ៏រឹងមាំនេះ កម្ពុជានិងចិន មិនត្រឹមតែអាចធានាបាននូវការអភិវឌ្ឍ និងស្ថិរភាពផ្ទៃក្នុងនៃប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សា និងដំឡើងតម្លៃនៃសន្តិភាព ស្ថិរភាព និងវិបុលភាពរួមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទាំងមូល ប្រឆាំងនឹងរលកបោកបក់ នៃនយោបាយសកលលោកក្នុងសតវត្សរ៍ទី២១ នេះយ៉ាងពិតប្រាកដ៕






