រដ្ឋមន្រ្តីអធិការកិច្ចចូលរួម «កិច្ចពិភាក្សា ដែលជាវេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ក្រោមប្រធានបទ៖ «បរិវត្តន៍របស់អាស៊ីក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)»
27-06-2026 18:33
(ម៉ុងហ្គោលី)៖ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានវេទិកាយុវជន នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងពិធីបើក «កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥»។
កិច្ចប្រជុំនេះ រៀបចំឡើងដោយអង្គការICAPP និងគណបក្សប្រជាជនម៉ុងហ្គោលី ក្រោមអធិបតីភាព ឯកឧត្តម Chung Eui-yong ប្រធានអង្គការ ICAPP និងឯកឧត្តម Sodbaatar Yangug អគ្គលេខាធិការនៃគណបក្សប្រជាជនម៉ុងហ្គោលី ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលសមាជិក និងសមាជិកានៃគណៈកម្មាធិការអចិន្រ្តៃយ៍នៃអង្គការ ICAPP នៅទីស្ដីការក្រសួងការបរទេស នៃប្រទេសម៉ុងហ្គោលី។
លោក សុខ សូកេន ក៏បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុង «កិច្ចពិភាក្សា ដែលជាវេទិកាពិសេស នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ICAPP លើកទី៤៥» ក្រោមប្រធានបទ៖ «បរិវត្តន៍របស់អាស៊ីក្នុងយុគសម័យឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)» នៅសារមន្ទីរជាតិ Chinggis Khan ប្រទេសម៉ុងហ្គោលី។
ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នោះ លោករដ្ឋមន្ត្រី បានលើកឡើងថា AI បានក្លាយជាកម្លាំងចលករយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការកែប្រែ និងធ្វើឱ្យសើរឡើងនូវប្រព័ន្ធសេដ្ឋកិច្ច សង្វាក់ផលិតកម្ម អភិបាលកិច្ច និងសង្គម នៅទូទាំងពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា AI ក៏អាចនាំមកនូវបញ្ហាប្រឈមដូចជា គម្លាតសេដ្ឋកិច្ច ការរំខានដល់ទីផ្សារការងារ និងក្តីបារម្ភទៅលើសីលធម៌ ឯកជនភាព និងសន្តិសុខជាដើម ដែលទាមទារឱ្យមានក្របខ័ណ្ឌអភិបាលកិច្ចច្បាស់លាស់ដើម្បីការពារផលប្រយោជន៍ប្រជាជន។
បន្ថែមលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងជាក់ស្តែងនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការធ្វើបរិវត្តកម្មឌីជីថលគឺជាសសរស្តម្ភគន្លឹះនៃរបៀបវារៈអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ដែលត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយកម្ពុជាកំពុងប្រើប្រាស់ AI ដើម្បីបង្កើននវានុវត្តន៍ ផលិតភាព ភាពប្រកួតប្រជែង និងពង្រឹងសេវាសាធារណៈ ក្នុងគោលដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ជាទីបញ្ចប់ លោកបានចែករំលែកនូវទស្សនទានគន្លឹះមួយចំនួន ដើម្បីធានាថា AI នឹងដើរតួនាទីសំខាន់សម្រាប់វិបុលភាពរួមនៅអាស៊ី រួមមាន៖ (១) ការវិនិយោគលើធនធានមនុស្ស និងចំណេះដឹងឌីជីថល (២) ការជំរុញការស្រាវជ្រាវ និងនវានុវត្តន៍ (៣) ការលើកកម្ពស់អភិបាលកិច្ច AI ប្រកបដោយការទទួលខុសត្រូវ និងសីលធម៌ខ្ពស់ (៤) ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និង (៥) ការធានាឱ្យមានបរិយាបន្នលើការអភិវឌ្ឍន៍បច្ចេកវិទ្យា AI។
គួរជម្រាបផងដែរថា មុនពេលអញ្ជើញចូលរួមក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយគណៈប្រតិភូ ICAPP ក៏បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ Chinggis Khan ផងដែរ៕





















