គណបក្សប្រជាជនកម្ពុជា ឃុំក្បាលរមាស ស្រុកសេសាន ប្រកាសបញ្ចូលសមាជិកថ្មីជាង១,០០០នាក់
27-06-2026 21:13
(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំក្បាលរមាស ស្រុកសេសាន បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកថ្មី ចំនួន ១,១៨៤នាក់ ក្រោមអធិបតីភាពរបស់លោក សរ សុពុត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសេសាន លោក លោកស្រី ប្រធាន អនុក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកសេសាន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាបក្សជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក សុវណ្ណ ពិសេដ្ឋ ប្រធានគណៈកម្មាធិការគណបក្សស្រុកសេសាន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្បាលរមាស បានឡើងមានមតិស្វាគមន៍ និងរបាយការណ៍ដោយបានលើកឡើងថា ការកើនឡើងយ៉ាងគំហកនៃសមាជិកបក្ស ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាសក្ខីភាពមួយយ៉ាងច្បាស់ក្រឡែត បង្ហាញពីជំនឿទុកចិត្តយ៉ាងមុតមាំរបស់បងប្អូនប្រជាពលរដ្ឋ និងស្រទាប់យុវជនមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថែមទៀតថា សមាជិក សមាជិកា ដែលបានប្រកាសបញ្ចូលនាពេលនេះ គឺសុទ្ធសឹងជាប្រជាពលរដ្ឋ និងយុវជនដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការរួចរាល់ហើយផងដែរ។
ថ្លែងសំណេះសំណាល និងនាំនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានបក្ស ទៅកាន់សមាជិកបក្សថ្មីនាឱកាសនោះ លោក សរ សុពុត្រា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់។ លោកបានថ្លែងថា ការស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាចំណែកដ៏រឹងមាំបន្ថែមទៀត សម្រាប់កម្លាំងនយោបាយរបស់គណបក្ស ដែលនេះជាវឌ្ឍនភាពថ្មីមួយទៀត គួរឲ្យមោទនៈសម្រាប់គណបក្សឃុំ គណបក្សស្រុក ក៏ដូចជាគណបក្សខេត្តទាំងមូល។
លោកប្រធានគណៈកម្មាធិការបក្សខេត្ត បានគូសបញ្ជាក់ថា តាមរយៈការពិនិត្យលើពាក្យសុំចូលជាសមាជិកបក្ស សុទ្ធតែបានមើលឃើញយ៉ាងច្បាស់ពីការដឹកនាំនាវាកម្ពុជាដ៏ត្រឹមត្រូវ ចំទិសដៅ ប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំគ្រប់គ្រងផ្ទាល់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងស្មារតីនេះ លោក សរ សុពុត្រា បានរំលឹកដល់សមាជិកថ្មីទាំងអស់អំពីប្រវត្តិសាស្ត្រ និងគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ដោយលោកក៏បានលើកឡើងថា «គណបក្សប្រជាជនកម្ពុជា ចាប់បដិសន្ធិឡើងពីចលនាតស៊ូរបស់ប្រជាជន និងដើម្បីប្រជាជន។ ក្នុងដំណាក់កាលដែលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយ គឺគណបក្សប្រជាជនកម្ពុជានេះហើយ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ធ្វើការតស៊ូរំដោះជាតិ មាតុភូមិ និងអាយុជីវិតប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ក្រោយថ្ងៃរំដោះ ៧មករា គណបក្សបានចាប់ផ្តើមស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិចេញពីបាតដៃទទេ ពីគំនរផេះផង់ រហូតមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។ ទីណាមានទុក្ខលំបាក ទីនោះតែងតែមានមុខគណបក្សប្រជាជនកម្ពុជា ចុះជួយដោះស្រាយភ្លាមៗ ពោលគឺគណបក្សតែងតែរួមរស់ ឆ្លងកាត់រាល់គ្រប់ការលំបាក និងគ្រប់កាលៈទេសៈជាមួយប្រជាពលរដ្ឋកម្ពុជាជានិច្ច»។
នាឱកាសដ៏វិសេសវិសាលនោះ លោក សរ សុពុត្រា ក៏បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា មកពីគ្រប់គណបក្សនយោបាយទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណបក្សនយោបាយដែលកំពុងធ្វើសកម្មភាពនៅក្នុងខេត្តស្ទឹងត្រែង ដែលមានបំណងចង់ផ្លាស់ប្តូរមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យកាន់តែសម្បូរសប្បាយរុងរឿងបន្ថែមទៀត ក្រោមដំបូលនៃសុខសន្តិភាព៕




















