ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រៀបចំពិធីជប់លៀងជូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា
28-06-2026 11:21
(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដឹកនាំដោយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា រួមទាំងមានមន្ត្រីស្ថាទូតជាច្រើននាក់ នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីជប់លៀងមួយនៅលើទូត ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងថ្លែងអំណរគុណចំពោះការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការជួយផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពរបស់ស្ថានទូត និងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា។
ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅរវាងមន្ត្រីស្ថានទូត និងអ្នកសារព័ត៌មានមកពីបណ្តាស្ថាប័នព័ត៌មានជាច្រើន, កម្មវិធីនេះមិនត្រឹមតែជាការជួបជុំទទួលទានអាហាររួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាមួយសម្រាប់ការផ្លាស់ប្តូរទស្សនៈ និងពង្រឹងទំនាក់ទំនងវិជ្ជាជីវៈរវាងស្ថានទូត និងអ្នកសារព័ត៌មានផងដែរ។
ក្នុងឱកាសនោះលោក Vanlalvawna Bawitlung បានថ្លែងអំណរគុណចំពោះស្ថាប័នសារព័ត៌មានទាំងអស់ ដែលបានចូលរួមផ្សព្វផ្សាយព័ត៌មាន អំពីសកម្មភាពរបស់ស្ថានទូតឥណ្ឌានៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងបានរួមចំណែកជំរុញការយល់ដឹងរបស់សាធារណជនអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឥណ្ឌា។
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលបានចូលរួមកម្មវិធីនេះ បានសម្តែងនូវការកោតសរសើរចំពោះការរៀបចំពិធីនេះ ដោយចាត់ទុកថា វាជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងទំនាក់ទំនងការងារ បង្កើនការយល់ដឹងទៅវិញទៅមក និងបង្កើតកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងស្ថានទូត និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
ពិធីជប់លៀងនេះបានបញ្ចប់ទៅដោយភាពជោគជ័យ និងបរិយាកាសរីករាយ ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន និងរួមចំណែកលើកកម្ពស់ចំណងមិត្តភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌា ឱ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគតផងដែរ៕













