រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញសិស្សជ្រើសរើសមុខវិជ្ជាសិក្សាតាមចំណង់ចំណូលចិត្តខ្លួន និងព្យាយាមកសាងចំណេះដឹង និងជំនាញ

28-06-2026 13:10

(ភ្នំពេញ)៖ ដើម្បីបន្តភាពជោគជ័យនៅលើវិថីអប់រំដ៏វែងឆ្ងាយនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្ដាំផ្ញើដល់សិស្សានុសិស្សជ័យលាភីទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតក្នុងកម្រិតឧត្ដមសិក្សា ហើយត្រូវជ្រើសរើសមុខវិជ្ជាសិក្សាតាមចំណង់ចំណូលចិត្តរបស់ខ្លួន និងព្យាយាមកសាងចំណេះដឹង និងជំនាញសំខាន់ៗដូចជា ជំនាញដោះស្រាយបញ្ហា ជំនាញបច្ចេកវិទ្យា ជំនាញគិតស៊ីជម្រៅ ភាពជាអ្នកដឹកនាំ និងជំនាញធ្វើការជាក្រុមជាដើម។

ការថ្លែងនេះធ្វើឡើងនៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រៀបចំឡើងនៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែ មិថុនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀរ សេនធ័រ សែនសុខ ក្រោមអធីបតីភាពលោកបណ្ឌិតសភាចារ្យ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានអបអរសាទរប្អូនៗសិស្សានុសិស្សជ័យលាភីទាំងអស់ ដែល បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិអន្តរជាតិដោយជោគជ័យយ៉ាងត្រចះត្រចង់។ លោកបណ្ឌិតសភាចារ្យ បានថ្លែងការកោតសរសើរដល់ប្អូនៗសិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្នុងរយៈពេល ១២ឆ្នាំរហូតទទួលបានជោគជ័យនៅថ្ងៃនេះ។ លោកបានបន្តថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និង ពង្រីកឱកាសសិក្សាកម្រិតឧត្ដមសិក្សាដល់យុវជនកម្ពុជាជាច្រើននាក់ តាមរយៈកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ ដែល មានការទទួលស្គាល់កម្រិតពិភពលោក។

ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាលសាលា អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ ដែលបានចំណាយពេល វេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សជ័យលាភីចំនួន ២៨១នាក់។

ឧកញ៉ាបណ្ឌិតប្រធានក្រុមប្រឹក្សាភិបាល ក៏បានគូសបញ្ជាក់ជូនថាសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានសម្រិតសម្រាំងកម្មវិធីសិក្សាប្រកបដោយគុណវុឌ្ឍិចំនួន ៣ នោះគឺកម្មវិធីអន្តរជាតិ កម្មវិធីចំណេះ ទូទៅខ្មែរ និងកម្មវិធីវប្បធម៌ និងភាសាខ្មែរ ដោយក្នុងនោះ សាលាបានបញ្ចូលកិច្ចការស្រាវជ្រាវនៅគ្រប់ភូមិសិក្សាទាំងអស់ ហើយក៏បានផ្ដល់ជូននូវមុខវិជ្ជាត្រៀមមហាវិទ្យាល័យ AP និង AP Capstone Diploma ជាច្រើនមុខវិជ្ជា ដែលអនុញ្ញាតឱ្យសិស្សបានទទួលបទពិសោធន៍សិក្សានៅមហាវិទ្យាល័យ និងអាចជួយសម្រួលដល់ការដាក់ពាក្យ ចូលរៀនក្នុងមហាវិទ្យាល័យល្បីៗក្នុងពិភពលោក ដោយមិនខាតពេលរៀនត្រៀម ១ឆ្នាំសិក្សា។

ជាលទ្ធផល សិស្សានុសិស្សបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សានេះ ចំនួន ៨នាក់ បានទទួលអាហារូបករណ៍ ពេញលេញទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យល្បីៗ នៅសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ហូឡង់ និងប្រទេសចិន។

ជាងនេះទៅទៀត សិស្សានុសិស្សទទួលបានឱកាសសិក្សាពីបណ្ដាសាកលវិទ្យាល័យនានាជុំវិញ ពិភពលោក ចំនួនជាង ១៥០ កន្លែង រួមមាន៖ សាកលវិទ្យាល័យ Harvard, Yale, Princeton និងសាកលវិទ្យា ល័យល្បីៗជាច្រើនទៀត ក្នុងប្រទេសកាណាដា ចិន អូស្ត្រាលី ចក្រភពអង់គ្លេស អឺរ៉ុប ជប៉ុន និងនៅក្នុងរាជធានីភ្នំពេញ ដែលអាហារូបករណ៍គិតជាប្រាក់សរុប ១លានប្រាំសែនប្រាំបួនម៉ឺនដុល្លារអាមេរិក(1.590.000US$)។

ក្នុងថ្ងៃនេះទៀតសោត ក្នុងពេលកំពុងប្រារព្ធពិធី ដំណឹងល្អបានធ្លាក់មកដល់ គឺសិស្សានុសិស្សសាលាអន្តរ ជាតិ ស៊ី អាយ អេ ហ្វឺសត៍ចំនួន ៦ នាក់ ដែលចេញទៅប្រកួតកម្មវិធី Young Master Challenge Global 2026 នៅទីក្រុងឡុង ចក្រភពអង់គ្លេស ទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ បានទទួលពានមួយតែ១ក្រុមសិស្ស ស៊ី អាយ អេ ហ្វឺសត៍ ហើយទន្ទឹមគ្នានេះ ពួកគេក៏ទទួលបានមេដាយមាស ២ មេដាយប្រាក់ ២ និងមេដាយសំរិទ្ធ ១៤ គ្រឿង។

ស្របតាមគុណតម្លៃរួមដែលជាចក្ខុវិស័យដ៏វែងឆ្ងាយ និងច្បាស់លាស់របស់សាលា «គ្រឹះអប់រំក្នុងស្រុកដ៏ ប្រសើរ ផ្ដល់ផ្លែផ្កាជាសកល - Local Excellence, Global Impact.» ឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់ជូន មាតាបិតា និងប្អូនៗសិស្សានុសិស្សថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ផ្ដល់ការអប់រំដែលមានគុណភាពដល់ សិស្សានុសិស្សកម្ពុជាបន្តទៀត ដើម្បីរួមចំណែកកសាងធនធានមនុស្ស ដែលមានទាំងវិជ្ជា សម្បទា បំណិនសម្បទា និងចរិយាសម្បទាគ្រប់ជ្រុងជ្រោយ។

យុវសិស្ស សេង សិទ្ធត្ថ សិស្សបញ្ចប់ការសិក្សាទទួលបានពិន្ទុខ្ពស់ជាងគេនៅសាខាសែនសុខបានសង្កត់ ធ្ងន់លើឃ្លាដ៏ខ្លីប្រកបដោយអត្ថន័យថា «ការទទួលសញ្ញាបត្រមិនមែនមានន័យថា យើងត្រូវបញ្ឈប់ការសិក្សារៀន សូត្ររបស់យើងឡើយ ប៉ុន្តែគឺជាការបើកទ្វារឱ្យយើងបោះជំហានទៅកាន់ការធ្វើស្វ័យសិក្សា និងរីកដុះដាលដោយ ខ្លួនឯង»។

យុវសិស្ស គា ឆរីតា សិស្សបញ្ចប់ការសិក្សាទទួលបានពិន្ទុខ្ពស់ជាងគេនៅសាខាច្បារអំពៅវិញបានបង្ហាញ ក្ដីរំភើបរីករាយ ដែលបានទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅពេលនេះ ហើយប្អូនបានថ្លែងអំណរគុណឪពុកម្ដាយ លោកគ្រូ អ្នកគ្រូ និងសាលារៀន ដែលតែងតែផ្ដល់ការគាំទ្រគ្រប់បែបយ៉ាង ព្រមទាំងជំរុញ និងលើកទឹកចិត្តឱ្យប្អូន ទទួលបានជោគជ័យយ៉ាងគាប់ចិត្តនៅពេលនេះ។

ចំណែកឯយុវសិស្ស Anbiya Fathima ដែលជាប្រធានក្រុមប្រឹក្សាសិស្សនៅសាខាច្បារអំពៅវិញបាន បង្ហាញអំពីមោទនភាពចំពោះមិត្តរួមជំនាន់ដែលបានបញ្ចប់ការសិក្សានៅពេលនេះ ដែលជោគជ័យទាំងនេះ ច្បាស់ ណាស់បានកើតចេញពីការខិតខំប្រឹងប្រែង និងការតស៊ូជម្នះរាល់គ្រប់ឧបសគ្គ ទាំងនៅក្នុងការសិក្សា និងនៅក្នុង ជីវិតរស់នៅរបស់យើង។

ដូចគ្នានេះដែរ យុវសិស្ស តាំង នរិន្ទវិភូ ប្រធានក្រុមប្រឹក្សាសិស្សនៅសាខាសែនសុខ បានបង្ហាញចំណាប់ អារម្មណ៍ផ្ដាំផ្ញើដល់មិត្តរួមជំនាន់ថា ការចាកចេញពីសាលារៀននៅពេលនេះ យើងមិនគួរនាំទៅជាមួយតែចំណេះ ដឹងមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគួរតែនាំទៅជាមួយទាំងគុណតម្លៃ មិត្តភាព និងការចងចាំល្អៗជាមួយគ្នាផងដែរ។

សូមបញ្ជាក់ថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអន្តរជាតិ ដែលប្អូនៗសិស្សានុសិស្សទទួលបាននៅពេល នេះជាសញ្ញាបត្រដែលមានការទទួលស្គាល់គុណភាពអប់រំដោយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈ កម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Association for Schools and Colleges) ហើយសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បន្តចូលរួមជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាព សមានចិត្ត និងការចេះគិតគូរគ្រប់ជ្រុងជ្រោយ ហើយ ស៊ី អាយ អេ ហ្វឺសត៍ ប្តេជ្ញារួមចំណែកដោយឥតងាករេ ដើម្បីកសាងគ្រឹះអប់រំដ៏រឹងមាំសម្រាប់កូនខ្មែរតាំងពីកុមារដ្ឋានរហូតដល់អនាគតដ៏ភ្លឺស្វាង៕