* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦ ក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» (Video inside)

28-06-2026 13:28

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ ២០២៦ ក្រោមប្រធានបទ «អាជីពក្នុងអន្តរកាល» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ រៀបចំឡើងដោយសមាគមអតីតនិស្សិតអាហារូបករណ៍ហ្វ៊ុយប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ដើម្បីផ្តល់ឱកាសឱ្យសិស្ស-និស្សិត និងយុវជនបានស្វែងយល់ ពិគ្រោះ និងតម្រង់ទិសដៅសិក្សា ក៏ដូចជាអាជីពទៅថ្ងៃអនាគត។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងថាការតាំងពិព័រណ៍ក្នុងឆ្នាំនេះ បង្ហាញឱ្យឃើញពីការរីកចម្រើនយ៉ាងខ្លាំងនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដែលឆ្លុះបញ្ចាំងពីតម្រូវការជាក់ស្តែងនាសម័យបច្ចុប្បន្ន និងទៅអនាគត។ នេះគឺជាឱកាសមាសសម្រាប់យុវជនជំនាន់ក្រោយ ក្នុងការស្វែងយល់សាកសួរ និងប្រៀបធៀបដើម្បីស្វែងរកអាជីពមួយដែលសមស្របទៅនឹងសមត្ថភាព ចំណង់ចំណូលចិត្តខ្លួនឯង និងឆ្លើយតបទៅនឹងតម្រូវការសង្គម។

លោកជំទាវបណ្ឌិតបានបន្តថា «កាលពី៣០ឆ្នាំមុន ដែលពុំសូវមានឱកាស គ្មានការរៀបចំពិព័រណ៍ការងារ ឬការណែនាំតម្រង់ទិសច្បាស់លាស់ ដោយភាគច្រើនត្រូវរៀនតាមការបង្ខំ ឬតាមសុបិនរបស់ឪពុកម្តាយ ខុសប្លែកស្រឡះពីយុវជនជំនាន់នេះដែលមានសំណាងខ្លាំង មានឱកាសជ្រើសរើសអ្វីដែលខ្លួនស្រឡាញ់ ព្រមទាំងមានវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់។ ដូច្នេះយុវជនត្រូវចេះមើលឃើញ និងចេះចាប់យកឱកាសដែលមានក្នុងដៃឱ្យបានល្អបំផុត។ អ្វីដែលរឹតតែវិសេសវិសាលជាងនេះទៅទៀតនោះ គឺការបណ្តុះស្មារតី «ដឹងគុណ និងការចែករំលែក» ពោលគឺនៅពេលដែលខ្លួនយើងទទួលបានជោគជ័យ ឬទទួលបានឱកាសល្អៗហើយ ត្រូវចេះនាំផ្លូវ បើកទ្វារ និងផ្តល់ឱកាសទាំងនោះត្រឡប់ទៅកាន់យុវជនជំនាន់ក្រោយវិញ ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិទាំងមូល»។

លោកជំទាវទី១នៃកម្ពុជា បានបន្ថែមថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧បានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគន្លឹះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដើម្បីកសាងកម្លាំងមនុស្សដែលមានទាំងចំណេះដឹង ជំនាញ សុខភាពល្អ សមត្ថភាពប្រកួតប្រជែង និងគុណធម៌។ ជាក់ស្តែងការអភិវឌ្ឍធនធានមនុស្ស មិនមែនចាប់ផ្តើមនៅពេលចូលធ្វើការនោះទេ ប៉ុន្តែចាប់ផ្តើមតាំងពីយុវជនចេះសួរដេញដោលខ្លួនឯងអំពីគោលដៅសិក្សា សមត្ថភាព និងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ។ មួយវិញទៀតប្រទេសជាតិមិនអាចរីកចម្រើនបាន ដោយពឹងផ្អែកតែលើអ្នកមានសញ្ញាបត្រសាកលវិទ្យាល័យនោះទេ ពោលគឺត្រូវការអ្នកមានជំនាញគ្រប់វិស័យ (វិស្វករ គ្រូពេទ្យ គ្រូបង្រៀន កម្មករជំនាញ សហគ្រិន ។ល។) ដែលធ្វើការដោយភាពស្មោះត្រង់ និងមានមោទនភាពលើអាជីពរបស់ខ្លួន។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្តទៀតថា «ការទទួលបានសញ្ញាបត្រពីសាលា មិនមែនជាទីបញ្ចប់នៃការរៀនសូត្រនោះឡើយ។ ពិភពការងារ និងបច្ចេកវិទ្យាតែងតែផ្លាស់ប្ដូររាល់ថ្ងៃ ដូចនេះយើងត្រូវតែ អាប់ដេត (Update) ចំណេះដឹងខ្លួនឯងជានិច្ច។ អ្នកជោគជ័យក្នុងសម័យនេះ គឺជាអ្នកដែលចេះសម្របខ្លួន ចេះស្វែងរកចំណេះដឹងថ្មី ចេះប្រើបច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងបើកចិត្តទូលាយទទួលមតិយោបល់ពីអ្នកដទៃ»។

រាល់ការទទួលបានការអប់រំ អាហារូបករណ៍ ការងារធ្វើ ឬជោគជ័យនានា មិនមែនកើតឡើងពីការប្រឹងប្រែងរបស់បុគ្គលម្នាក់ឯងនោះទេ តែវាជាផ្លែផ្កាដែលកើតចេញពីការគាំទ្ររបស់ឪពុកម្តាយ គ្រួសារ លោកគ្រូអ្នកគ្រូ (តាំងពីកម្រិតមត្តេយ្យរហូតដល់មហាវិទ្យាល័យ) និងកត្តាសន្តិភាពនៅក្នុងសង្គមជាតិ។ ហើយនៅពេលខ្លួនមានសមត្ថភាព យុវជនគ្រប់រូបត្រូវរំលឹក និងសួរខ្លួនឯងថា តើត្រូវចូលរួមចំណែកតបស្នងអ្វីខ្លះត្រឡប់ទៅកាន់គ្រួសារ សហគមន៍ និងប្រទេសជាតិវិញ។

ជាមួយគ្នានោះលោកជំទាវបណ្ឌិត បានផ្តល់ការណែនាំយុវជនមិនត្រូវជ្រើសរើសមុខជំនាញគ្រាន់តែដើម្បីតាមមិត្តភក្តិ ឬតាមការរត់រក «ហាងឆេង» បណ្តោះអាសន្ននោះទេ ព្រោះអ្វីៗតែងតែប្រែប្រួលជានិច្ច (ដូចជាការវិវត្តនៃប្រាក់ចំណូលរវាងគ្រូពេទ្យ និងអ្នកធ្វើការងារឌីជីថល/TikToker នាពេលបច្ចុប្បន្ន)។ ត្រូវប្រាកដថាខ្លួនឯងពិតជាស្រឡាញ់ មានសមត្ថភាព និងអាចប្រើជំនាញនោះដើម្បីជួយសង្គមបាន ព្រោះវាជាការងារដែលយើងត្រូវចំណាយពេលរៀនសូត្រច្រើនឆ្នាំ និងត្រូវប្រកបរបរមួយជីវិត។

ចំណេះដឹង និងសញ្ញាបត្រអាចជួយឱ្យយើងរកការងារធ្វើបាន ប៉ុន្តែ «សីលធម៌ និងគុណធម៌» គឺជារបស់តែមួយគត់ដែលធ្វើឱ្យមនុស្សជុំវិញខ្លួនគោរព និងស្រឡាញ់។ មនុស្សមានសមត្ថភាពតែគ្មានសីលធម៌ និងភាពស្មោះត្រង់ មិនអាចក្លាយជាធនធានល្អរបស់ជាតិបានឡើយ។ នៅក្នុងការសម្ភាសន៍ការងារដែលមានបេក្ខជនរាប់រយនាក់ ចំណុចពិសេសដែលធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តជ្រើសរើសយើង គឺស្ថិតនៅលើអាកប្បកិរិយា ការស្លៀកពាក់ សម្តីសំដៅ និងគុណធម៌ផ្ទាល់ខ្លួន ព្រោះគ្រប់ស្ថាប័នសុទ្ធតែត្រូវការបុគ្គលិកដែលមានភាពស្មោះត្រង់ដើម្បីដឹកនាំស្ថាប័នឱ្យរីកចម្រើន។ លោកជំទាវបណ្ឌិតគូសបញ្ជាក់បន្ថែម។

ទន្ទឹមនឹងនេះលោកជំទាវបណ្ឌិត បានលើកទឹកចិត្តយ៉ាងខ្លាំងក្លាចំពោះសិស្ស និស្សិត និងយុវនារីទាំងអស់ ឱ្យមានភាពក្លាហានក្នុងការជ្រើសរើស និងចាប់យកមុខជំនាញដែលខ្លួនស្រឡាញ់ ដោយគ្មានការរើសអើង ឬកំណត់ព្រំដែនដោយសារតែបញ្ហាយេនឌ័រ (ភេទ) ឡើយ, ទោះបីជាមុខជំនាញទាំងនោះស្ថិតក្នុងវិស័យ STEM, TVET (បណ្តុះបណ្តាលបច្ចេកទេស), ឌីជីថល, អាជីវកម្ម ឬសង្គមសាស្ត្រក៏ដោយ។ លោកជំទាវបន្តថា «អ្វីដែលបុរសធ្វើបាន នារីក៏អាចធ្វើបានដូចគ្នា» ហើយជួនកាលអាចធ្វើបានល្អជាង តាមរយៈការបង្ហាញពីឧទាហរណ៍ជាក់ស្តែងនៃសិស្សស្រីដែលរៀនជំនាញបច្ចេកទេស (ដូចជាការបើកបរ និងជួសជុលរថយន្ត) នៅអង្គការ PSE និងកន្លែងផ្សេងទៀត ដែលទទួលបានលទ្ធផល និងពិន្ទុយ៉ាងល្អប្រសើរ។

នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និងអរគុណជូនដល់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បណ្តាក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានសិក្សា ជាពិសេសគឺ «អ្នកស្ម័គ្រចិត្ត» ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ជួយឱ្យកម្មវិធីនេះលេចចេញជារូបរាងឡើង។ ជាពិសេសក្នុងឱកាសខួប ៣០ ឆ្នាំនៃសមាគម FUSAAC, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរចំពោះស្មារតីលះបង់របស់សមាជិកទាំងអស់ ដែលបានរួមគ្នាបង្កើតសមាគមនេះឡើង តាំងពីចំណុចស្ពាយកាតាប ពុំសូវមានការគាំទ្រ រហូតពង្រីកខ្លួនយ៉ាងធំធេង និងប្រែក្លាយជា «ស្ពានចម្លងដ៏រឹងមាំ» ក្នុងការតភ្ជាប់ឱកាសទៅកាន់យុវជនជំនាន់ក្រោយ៕