លោក ចៅ តុល អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រែកថ្មី ស្រុកកោះធំ
28-06-2026 14:02
(កណ្តាល)៖ លោក ចៅ តុល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកកោះធំ ខេត្តកណ្តាល (ទទួលបន្ទុកចុះជួយឃុំព្រែកថ្មី) និងលោក លឹម ឡេង ប្រធានក្រុមការងារគណបក្សឃុំព្រែកថ្មី តំណាងលោក ប៉េង ពោធិ៍នា ប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកោះធំ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
ក្នុងពិធីសំណេះសំណាលនេះក៏មានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំព្រែកថ្មី ព្រមទាំងប្រធានក្រុមប្រឹក្សាស្រុក សមាជិក-សមាជិកា រួមជាមួយយុវជនចំនួន ៣៦០នាក់ ជាសមាជិកសម្រាប់បោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ដែលឈរឈ្មោះជាបេក្ខជនចំនួន១០នាក់ សម្រិតសម្រាំងយកចំនួន ០៥នាក់ មានប្រធាន អនុប្រធាន ដើម្បីដឹកនាំយុវជន ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២៧។
នៅក្នុងឱកាសដ៏ថ្លៃនោះ លោក ចៅ តុល បានសម្តែងនូវការរីករាយដែលបានអញ្ជើញចូលរួមបើកកម្មវិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រែកថ្មី នាពេលនោះ។ លោកបន្ថែមថា ក្រោយការបោះឆ្នោតរួច យុវជនដែលត្រូវបានជាប់ឆ្នោតនឹងក្លាយទៅមេដឹកនាំឃុំនៃស្រុកកោះធំ។
លោក ចៅ តុល សង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រែកថ្មី គឺជាការដកស្រង់បទពិសោធន៍ និងជាការសម្តែងមតិរបស់យុវជនរៀងៗខ្លួន ស្របតាមលទ្ធិប្រជាធិបតេយ្យ។
លោក ចៅ តុល បានឱ្យដឹងថា ការរៀបចំការបោះឆ្នោតនៅថ្ងៃនេះទៀតសោតក៏មិនមែនចេះធ្វើដោយគ្មានច្បាប់ទម្លាប់នោះដែរ សូម្បីតែការបញ្ចូលជាសមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាលរបស់គណបក្សប្រជាជនកម្ពុជាក៏មានការរៀបចំបោះឆ្នោតដូចគ្នានេះដែរ ដែលការបោះឆ្នោតនេះមានការចូលរួមពីអង្គបោះឆ្នោតចាប់តាំងពីមូលដ្ឋាន (ថ្នាក់អភិបាលស្រុក) ថែមទៀតផង។ ដូច្នេះមិនមានអ្វីចម្លែកនោះទេ។
លោក ចៅ តុល បានបន្ថែមទៀតថា ការបោះឆ្នោតថ្ងៃនេះ មានសារៈសំខាន់សម្រាប់យុវជន ហើយអ្នកដែលជាប់ឆ្នោត ត្រូវបម្រើយុជន និងប្រជាពលរដ្ឋនៅក្នុងឃុំរបស់ខ្លួនឱ្យបានល្អ និងបំផុសចលនាឱ្យយុវជនផ្សេងទៀត ដែលមិនស្ថិតនៅក្នុងគណបក្សប្រជាជនកម្ពុជា ចូលរួមជាមួយគណបក្ស។ ទោះជាយ៉ាងណា ក៏ដោយចំពោះការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រែកថ្មី នៅពេលនេះលោកមិនចង់ឃើញវាប្រែក្លាយទៅការបែកបាក់យុវជន ក្នុងចំណោមយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងឃុំនោះទេ ព្រោះប្រវត្តិសាស្ត្របានបង្ហាញថា កាលណាបែកបាក់ យើងកាន់តែខ្សោយ។
ជាងចុងក្រោយ លោក ចៅ តុល បានផ្តាំផ្ញើទៅកាន់យុវជនដែលបានជាប់ឆ្នោតជាថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាឃុំព្រែកថ្មីទាំងអស់ ត្រូវជួយកិច្ចការឃុំរបស់ខ្លួន និងចូលរួមគ្រប់សកម្មភាពរបស់គណបក្សជាពិសេសចូលរួមផ្សព្វផ្សាយពីហានីភ័យនៃការប្រើប្រាស់គ្រឿងញៀននៅក្នុងឃុំ ព្រោះលោកមិនចង់ឃើញយុវជនរបស់គណបក្សណាម្នាក់ជាប់ឃុំ ដោយសារគ្រឿងញៀននោះទេ៕






















