* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក
* ព្រីតថេន អាមេរិក និងហូឡង់ ព្រមានពីមេរោគស៊ើបការណ៍អ៉ីរ៉ង់ ដែលកំណត់គោលដៅលើសកម្មជន និងអ្នកកាសែត
* រុស្ស៉ី និងអ៊ុយក្រែន នៅតែបន្តវាយប្រហារលើរោងចក្រថាមពល បើទោះបីលោក ត្រាំ ថាមានការព្រមព្រៀងគ្នាក៏ដោយ
* WHO៖ ជំងឺអេបូឡានៅកុងហ្គោ ដែលបានសម្លាប់មនុស្សជាង ៣,៤០០នាក់ នៅតែបន្តរាលដាលយ៉ាងលឿន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតប្រឈមនឹងសេណារីយ៉ូដ៏អាក្រក់ ចំពោះមុខភាពសោះអង្គើយរបស់លោក ត្រាំ
* Fresh Exclusive: កម្ពុជាប្រើភាសាទន់ ថៃប្រើសម្តីខ្លាំងនៅថ្ងៃបើក UNCLOS៖ តើអ្នកណាមានប្រៀបក្នុងវេទិកាដែលវាស់ដោយច្បាប់ មិនមែនដោយសារសម្តី?
* មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !
* កិច្ចប្រជុំបិទទ្វាររវាងគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយនឹងគណៈកម្មការផ្សះផ្សា UNCLOS និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍បានបិទបញ្ចប់
* កម្ពុជាបដិសេធការចោទប្រកាន់ពាក់ព័ន្ធនឹងការប្រើប្រាស់ទីតាំងបេតិកភណ្ឌវប្បធម៌ សម្រាប់គោលបំណងយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជាមានបំណងចុះសន្ធិសញ្ញាជាមួយថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រ
* ប្រមុខការទូតកម្ពុជា៖ ទំនាក់ទំនងរវាងកម្ពុជា-ថៃ កំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក, កម្ពុជាសង្ឃឹមថា គណៈកម្មការផ្សះផ្សា អាចជួយភាគីទាំងពីរបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក
* ប្រមុខការទូតកម្ពុជា  ពន្យល់ពីដើមហេតុដែលនាំឱ្យកម្ពុជាផ្តួចផ្តើមដំណើរការផ្សះផ្សា UNCLOS ជាមួយថៃ ដើម្បីផលប្រយោជន៍រួម និងសន្តិភាព
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ដំណើរទស្សនកិច្ចទៅមហាយក្សមិត្តចិនរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោមនិមិត្តរូបនៃអរិយធម៌ចេញពីផ្កាឈូកសន្តិភាព

28-06-2026 16:02

(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវការជាប្រវត្ដិសាស្រ្ដរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់មហាយក្សមិត្តចិនពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៦ នាពេលថ្មីៗនេះ បានធ្វើឲ្យសាធារណៈមតិក្នុងតំបន់ ជាពិសេសប្រទេសថៃ បានផ្ទុះការយកចិត្តទុកដាក់តាមដាននិងវែកញែកយ៉ាងព្រោងព្រាតនៅតាមបណ្ដាញសារព័ត៌មានសង្គមដែលគេមិនអាចស្មានដឹងថា តើក្នុងទិដ្ឋភាពនយោបាយមេដឹកនាំប្រទេសទាំងពីរជជែកគ្នាយ៉ាងណានោះទេ?

ស្ថិតក្នុងបរិកានេះ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ យល់ថា បើយើងងាកមកមើលអំពីបរិបទពិធីការទូតរបស់មហាយក្សមិត្តចិន ដែលបានរៀបចំ ដើម្បីទទួលបដិសណ្ឋារកិច្ចជាផ្លូវការដោយយកផ្កាឈូក មកតុបតែងយ៉ាងល្អប្រណិត និងអធិកអធមក្នុងជំនួបកំពូលរវាងលោកប្រធានាធិបតីចិន ស៊ី ជីងពីង -Xi Jinping និងសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា យើងអាចយល់បានថា ការតុបតែងលម្អផ្កាឈូក តាមរូបភាពដ៏ល្អប្រណិតនិងស្រស់បំព្រងទាំងនេះ មិនមែនជារឿងចៃដន្យ ឬគ្រាន់តែដើម្បីជាសិល្បៈសោភ័ណភាពនោះទេ ប៉ុន្តែបានបង្កប់នូវអត្ថន័យនយោបាយ វប្បធម៌ និងការទូតយ៉ាងជ្រោលជ្រៅបំផុត។ ពីព្រោះថា៖​

​១៖​ ផ្កាឈូក ជានិមិត្តរូបនៃសន្តិភាពនិងភាពសុខដុមរមនា។ ហេតុនេះតាមទស្សនវិជ្ជាការទូតចិន ការប្រើប្រាស់ផ្កាឈូកក្នុងជំនួបកំពូលនេះ គឺដើម្បីបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា-ចិន ដើម្បីសន្តិភាព ស្ថិរភាព និងការរួមរស់ជាមួយគ្នាដោយសុខដុមរមនាក្នុងតំបន់ និងពិភពលោក។

​២៖​ ផ្កាឈូក ជានិមិត្តរូបនៃភក្តីភាព ភាពស្មោះត្រង់បរិសុទ្ធ និងភាពរឹងមាំ ដុះចេញពីភក់ប៉ុន្តែវាបានរីកលូតលាស់ឡើងប្រកបដោយភាពស្រស់ស្អាត និងជាវត្ថុសក្តិសិទ្ធិដែលមនុស្សផងទាំងពួងយកទៅគោរពបូជា។ ហេតុនេះតាមទស្សនវិជ្ជាការទូតចិន ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងត្បូងពេជ្រនិងមិត្តភាពដែកថែប រវាងកម្ពុជា និងចិន ដែលជាទំនាក់ទំនងឈរលើមូលដ្ឋានស្មោះត្រង់ ជឿជាក់គ្នាទៅវិញទៅមក មិនប្រែប្រួលទៅតាមសម្ពាធ ឬការផ្លាស់ប្តូរនៃស្ថានការណ៍នយោបាយអន្តរជាតិឡើយ។

​៣៖​ ផ្កាឈូក គឺជាផ្កាដែលមានគុណតម្លៃខ្ពង់ខ្ពស់បំផុតក្នុងវប្បធម៌ខ្មែរ ផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយព្រះពុទ្ធសាសនា និងត្រូវបានប្រើប្រាស់ក្នុងកិច្ចពិធីសំខាន់ៗជានិច្ចដែលមិនអាចខ្វះបាន។ ​ហេតុនេះតាមទស្សនវិជ្ជាការទូតចិន ការជ្រើសរើសផ្កាឈូក មកតុបតែងលម្អដើម្បីទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ គឺជាការបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង ទោះក្នុងឧបសគ្គណាក៏មិត្តដែកថែបចិន នៅតែគិតគូរយ៉ាងល្អិតល្អន់ និងផ្តល់ការគោរពដ៏ខ្ពង់ខ្ពស់ របស់ថ្នាក់ដឹកនាំចិនចំពោះអត្តសញ្ញាណជាតិ បូរណភាពទឹកដី និងវប្បធម៌ដ៏ថ្លៃថ្លារបស់មិត្តកម្ពុជា។

​៤៖​ ផ្កាឈូក ជានិមិត្តរូបនៃសហគមន៍វាសនារួម ព្រោះផ្កាឈូកជាផ្កាមូយប្រភេទដែលមានលក្ខណៈពិសេសប្លែកពីផ្កាដទៃ គឺត្រង់ផ្កា និងផ្លែ, ក្តឹបឈូក, រីកលូតលាស់ស្របគ្នាទន្ទឹមនិងផ្កា បង្ហាញខ្លួនឡើងក្នុងពេលតែមួយ។​ ហេតុនេះតាមទស្សនវិជ្ជាការទូតចិន ជានិមិត្តរូបនៃហេតុនិងផល ដែលបានកើតឡើងទន្ទឹមគ្នា គឺតំណាងឲ្យការលូតលាស់រីកចម្រើន និងការទទួលបានជាផលប្រយោជន៍រួមទៅវិញទៅមក។ បើពោលឲ្យចំគឺ Win-Win ស្របតាមទស្សនទាននៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដែលថ្នាក់ដឹកនាំទាំងពីរបានរួមគ្នាកសាងនិងបង្កើតឡើង។

លោក រ័ត្ន សណ្តាប់ បន្តថា បើពោលឲ្យវែងឆ្ងាយជាងនេះទៅទៀត ចំពោះការរៀបចំលម្អផ្កាឈូកនៅក្នុងពិធីការទូតចិន សម្រាប់ទទួលបដិសណ្ឋារកិច្ចសម្តេចតេជោ ហ៊ុន សែន នេះទៀតសោត គឺជាសារនយោបាយពិសេសដ៏មានឥទ្ធិពលរបស់មេដឹកនាំកំពូលមហាយក្សមិត្តចិន បញ្ជាក់ប្រាប់ថា កម្ពុជាជាមិត្តដ៏ស្អិតរមួត ដែលចិនផ្តល់តម្លៃខ្ពស់បំផុត ដោយផ្សារភ្ជាប់រូបភាពផ្កាឈូកទៅនឹងសន្តិភាព បូរណភាពទឹកដី ភាពស្មោះត្រង់ និងវាសនារួមនៃប្រទេសទាំងពីរ។ ព្រោះសន្តិភាព ពុំមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែត្រូវបានកសាងឡើងតាមរយៈវប្បធម៌នៃការសន្ទនា និងការកសាងទំនុកចិត្តរវាងគ្នានិងគ្នាដែលធ្វើឲ្យប្រទេសជិតខាងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្កជម្លោះឈ្លានពានទាំងកំរោលណាមួយមកលើកម្ពុជា ដែលជាមិត្តដែកថែបរបស់មហាយក្សមិត្តចិន។

បើពោលឲ្យខ្លី ដំណើរទស្សនកិច្ចទៅកាន់មហាយក្សមិត្តចិនរបស់សម្តេចតេជោ ហ៊ុន សែន ពុំមែនជាការរៀបចំយុទ្ធសាស្ត្រដើម្បីធ្វើសង្គ្រាមជាមួយថៃនោះទេ ប៉ុន្តែជាការបង្កើតខែលការពារសន្តិភាព បូរណភាព ស្ថិរភាព និងអធិបតេយ្យភាពជាតិ តាមរយៈការជំរុញសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងតុល្យភាពអំណាចភូមិសាស្ត្រនយោបាយ ដើម្បីធានាបានថា គ្មានប្រទេសជិតខាងណាមួយអាចមករំលោភបំពានទាំងកំរោលមកលើកម្ពុជាដែលជាមិត្តដែកថែបរបស់មហាយក្សមិត្តចិនបានឡើយ។

ដោយហេតុថា សន្តិភាពកើតចេញពីភាពរីកចម្រើនដោយសារការអភិវឌ្ឍ ព្រោះដំណើរទស្សនកិច្ចនេះផ្តោតធ្ងន់លើការតភ្ជាប់សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគ។ កាលណាប្រទេសជាតិមានសេដ្ឋកិច្ចរឹងមាំនោះ សមត្ថភាពក្នុងការការពារសន្តិភាពក៏កាន់តែរឹងមាំ និងកាត់បន្ថយការពឹងផ្អែកលើបរទេសដូចជាគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចំណុចរបត់ប្រវត្តិសាស្ត្រថ្មីមួយដែលជួយជំរុញឲ្យកម្ពុជាមានឯករាជ្យភាពពេញលេញផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក មិនចាំបាច់ពឹងផ្អែកលើច្រកទ្វារសមុទ្ររបស់ប្រទេសជិតខាង សម្រាប់ការដឹកជញ្ជូនភ្ជាប់ទៅអន្តរជាតិនិងគម្រោងតភ្ជាប់ផ្សេងៗទៀត ទៅកាន់ពិភពលោកទាំងមូល ដែលបាននិងកំពុងដំណើរការវិវត្តទៅមុខ ដោយរលូននិងឥតឈប់ឈរ ហើយគ្មានការរំខាននិងរងសម្ពាធពីខាងក្រៅ។

ជាសរុប លោក រ័ត្ន សណ្តាប់ បានបញ្ជាក់ថា ហេតុនេះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន លើទឹកដីនៃមហាយក្សមិត្តចិន បង្ហាញពីផ្លែផ្កានៃសន្តិភាព គឺជាតម្លៃស្នូលដ៏ខ្ពស់បំផុតនៃការអនុវត្តយុទ្ធសាស្ត្រការបរទេសបែបបុរេសកម្ម ដើម្បីបន្តពូនជ្រុំកសាងនិងថែរក្សាការពារខ្សែក្រវាត់សន្តិភាព ជាសម្រស់ដ៏ស្រទន់ពោរពេញទៅដោយភាពរឹងមាំ ក្រោមនិមិត្តរូបនៃអរិយធម៌ចេញពីផ្កាឈូក ពីការដុះដាលភ្ជាប់ទំនាក់ទំនងខ្មែរ-ចិន បានឆ្លងកាត់ដំណាក់កាលជាច្រើនសតវត្សក្នុងប្រវត្តិសាស្ត្រដ៏យូរអង្វែងមកដល់សព្វថ្ងៃដ៏សកម្មនិងរស់រវើកនេះ៕