ខួបកំណើត ៧៥ឆ្នាំគណបក្សប្រជាជន! លោក កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
28-06-2026 17:28
(បន្ទាយមានជ័យ)៖ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ត្រូវនឹងខួបទី៧៥ កំណើតគណបក្សប្រជាជនកម្ពុជា លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកអូជ្រៅ ។
ថ្លែងក្នុងនាមសម្ដេចតេជោ ហ៊ុន សែន ក្នុងថ្ងៃខួបទី៧៥ កំណើតគណបក្ស លោក កែ គឹមយ៉ាន បានថ្លែងសួរសុខទុក្ខ និងជូនពរជ័យ កោតសសើរ អរគុណសមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះលោក កែ គឹមយ៉ាន ថ្លែងបន្ថែមថា គណបក្សប្រជាជនកម្ពុជា ដែលមានអាយុកាល៧៥ឆ្នាំ តែងបានរួមសុខរួមទុក្ខជាមួយយើងទាំងអស់គ្នាគ្រប់កាល:ទេស: ដូចនេះយើងទាំងអស់គ្នាត្រូវបន្តរក្សាវប្បធម៌នេះ ជានិច្ចនិរន្តដោយបន្តចុះឲ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីបន្តដោះស្រាយ សំណូមពរនានានិងទុក្ខលំបាកនានារបស់ប្រជាពលរដ្ឋ។ ក្នុងករណីពុំអាចដោះស្រាយបានត្រូវលើកសំណើទៅថ្នាក់លើបន្ទាប់របស់ខ្លួនដើម្បីទទួលជួយពិនិត្យ និងដោះស្រាយបន្ត។
ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់អាជ្ញាធរដែនដីនិងអង្គភាពពាក់ព័ន្ធ វិស័យឯកជន វិស័យសាសនា ក្រុមការងារ សមាជិកគណបក្សទាំងអស់នៃខេត្តបន្ទាយមានជ័យពិសេសស្រុកអូជ្រៅ ដែលបានចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាល សាមគ្គីគ្នា ស្មារតីជាតិនិយម ជួយដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែនកម្ពុជា ថៃ និងការរួមគ្នាប្រយុទ្ធតតាំងនឹងកងទ័ពឈ្លានពានថៃ និងអរគុណនិងកោតសរសើរចំពោះស្មារតីអង់អាចក្លាហានរបស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាល វរៈការពារព្រំដែន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តទាំងថ្ងៃយប់ ហ៊ានបូជាអាយុជីវិតដើម្បីការពារបូរណៈភាពទឹកដីនៅតាមបន្ទាត់ព្រំដែនទាំងអស់ ដើម្បីរក្សាបានអធិបតេយ្យភាព បូរណភាពទឹកដី និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនយើង។
ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន ថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបន្តខិតខំអនុវត្តរាល់កម្មវិធីនយោបាយ អភិវឌ្ឍ វិស័យអប់រំនិងធនធានមនុស្ស កំណែទម្រង់ប្រព័ន្ធយុត្តិធម៌និងតុលាការ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបន្តប្តេជ្ញាចិត្តបង្រ្កាបឧក្រិដ្ឋកម្ម អនឡាញស្កេមដែលកម្ពុជានិងពិភពលោកបានកំពុងនឹងប្រឈម បង្កើនបាននូវទំនុកចិត្តនិងភាពជឿជាក់របស់ប្រជាជនមកលើ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនិងជាអនុប្រធានគណបក្ស ដែលបាននឹងកំពុងរួមគ្នាបន្តវេនថែរក្សាការពារសន្តិភាព អធិបតេយ្យភាពជាតិ និងអភិវឌ្ឍប្រទេស៕






















