លោក សួស សុខដារ៉ា ណែនាំមន្ត្រីបក្សត្រូវធ្វើគំរូល្អដល់ថ្នាក់ក្រោម គោរពលក្ខន្តិកៈរបស់គណបក្ស ច្បាប់របស់រដ្ឋ អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងការងារ
28-06-2026 17:59
(ព្រះវិហារ)៖ លោក សួស សុខដារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកគូលែន បានថ្លែងណែនាំដល់មន្ត្រីគណបក្សទាំងអស់ទូទាំងស្រុកគូលែន ត្រូវធ្វើគំរូល្អដល់ថ្នាក់ក្រោម គឺគំរូល្អក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុង ការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គំរូល្អក្នុងការងារ និងគំរូល្អក្នុងជីវភាពរស់នៅ។
ការថ្លែងរបស់លោក សួស សុខដារ៉ា ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយជំនាន់ទី១៨ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សស្រុកគូលែន ដោយមានការចូលរួមពីមន្ត្រី និងសមាជិក សមាជិកាគណបក្ស ជាច្រើនរូបទៀត នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងនាមគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក សួស សុខដារ៉ា បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ដល់គណៈគ្រប់គ្រងវត្ត គ្រូឧទ្ទេស និងសិក្ខាកាម មន្ត្រីគណបក្សស្រុក ក៏ដូចបុគ្គលិកបម្រើការងាររបស់វគ្គ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បទពិសោធន៍ និងចំណេះដឹង ធ្វើបទឧទ្ទេសនាម ព្រមទាំងសម្របសម្រួល ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ធ្វើឱ្យសិក្ខាកាមទាំងអស់ បានសិក្សាឈ្វេងយល់នូវការងារជំនាញ ត្រួតពិនិត្យរបស់គណបក្ស និងបានផ្តល់ឱកាសក្នុងការលើកជាសំនួរ ចម្លើយយ៉ាងផុសផុលអស់រយះពេល ៣ថ្ងៃពេញនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលផ្លែផ្កានៅថ្ងៃនេះ។
លោក សួស សុខដារ៉ា ក៏បានថ្លែងនូវសេចក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងចំពោះភាពជោគជ័យក្នុងដំណើរវគ្គអប់រំនយោបាយជំនាន់ទី១៨នេះ គឺពិតជាបានធ្វើឱ្យសិក្ខាកាមដែលជាមន្ត្រីគណបក្សបានយល់កាន់តែច្បាស់អំពីតួនាទី មុខងារដ៏មានសារៈសំខាន់ការងារត្រួតពិនិត្យគណបក្ស ក្នុងការងារដឹកនាំរបស់គណបក្ស ពោលគឺមិនអាចខ្វះបានឡើយការងារត្រួតពិនិត្យ សំដៅរកឱ្យឃើញនៅ ចំណុចខ្លាំង ចំណុចខ្សោយដែលអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់បានអនុវត្ត ក្នុងការលើកសសើរជូនរង្វាន់ដល់មន្ត្រី និងដាក់ទោសពិន័យដល់អ្នកប្រព្រឹត្តខុសឆ្គង។
លោក សួស សុខដារ៉ា ថ្លែងទៀតថា៖ វគ្គអប់រំនយោបាយជំនាន់ទី១៨នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងការលើកកម្ពស់សមត្ថភាព ចំណេះធ្វើ និងបទពិសោធន៍ លើការងារត្រួតពិនិត្យ ពិសេសក្នុងការបំពេញការងារត្រួតពិនិត្យគណបក្សនៅតាមគណៈកម្មាធិការ និងសាខារបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមគោលការណ៍ណែនាំនានារបស់ថ្នាក់កណ្តាល។
លោកបានថ្លែងវាយតម្លៃខ្ពស់ស្តីពីលទ្ធផលវគ្គអប់រំនេះ ពិតជាមានសារសំខាន់ចំពោះមន្រ្តីគណបក្សយកទៅអនុវត្តក្នុងភារកិច្ចរបស់ខ្លួនឲ្យទទួលបានជោគជ័យ។ លោកបានបន្ថែមថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការកែទម្រង់ស៊ីជម្រៅអភិបាលកិច្ច និងការពង្រឹងអភិបាលកិច្ច ដោយអនុវត្តនូវអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ ដែលក្នុងនាមសមាជិកគណបក្សត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបានមន្រ្តីគំរូ និងការកសាងទំនុកចិត្ត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ មកលើគណបក្ស។
លោកក៏បានការប្រគល់វិញ្ញាបនបត្រលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួម និងបានថ្លែងណែនាំដល់សិក្ខាកាមដែលជាមន្រ្តីគណបក្ស ត្រូវបន្តបង្កើនសាមគ្គីភាពផ្ទៃក្នុងគណបក្ស ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលគណបក្សប្រគល់ជូន កសាងអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យគណបក្សទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជាជារៀងរហូតតរៀងទៅ។ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាតគ្រប់ស្ថានភាព និងគ្រប់ កាលៈទេសៈទាំងអស់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ហើយលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ល្បិចកលបំបែកបំបាក់ផ្ទៃក្នុងគណបក្សយើង៕
















































