លោក ហាក់ ម៉ុងហួត នាំអំណោយចុះសួរសុខទុក្ខគ្រួសារវីរកងទ័ព ដែលមានស្វាមី កូន ចៅ កំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែន
28-06-2026 20:23
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះខេត្តានុរ័ក្ខ លឹម វុឌ្ឍី ព្រះអនុគណស្រុកតាំងគោក ព្រះចៅអធិការវត្តថ្លា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចុះចែកជូនដល់គ្រួសារកងទ័ពចំនួន ២០គ្រួសារ ដែលមានទីលំនៅនៅមូលដ្ឋានស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានសមាជិកគ្រួសារកំពុងបំពេញភារកិច្ចនៅជួរមុខ ប្រយុទ្ធតតាំងជាមួយចោរឈ្លានពានថៃ។
នាឱកាសនោះលោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតាំងគោក និងលោកអភិបាលខេត្តកំពង់ធំ ដែលតែងតែផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ព វីរនគរបាល ដែលមានស្វាមី កូន ចៅ កំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី តាមបន្ទាត់ព្រំដែន។
លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់គ្រួសារកងទ័ពទាំងអស់ដែលបានលះបង់ឱ្យ ប្តី កូន ដែលជាសមាជិកគ្រួសារ បានបំពេញភារកិច្ចនៅសមូរភូមិមុខ ការពារទឹកដី ការពារប្រជាជន បូរណភាពទឹកដី ខណ:ដែលថៃកំពុងរំលោភឈ្លានពានមកលើអធិបតេយ្យកម្ពុជាយើង។
បន្ថែមពីនេះដែរលោក ហាក់ ម៉ុងហួត បានបន្ថែមថា បើសិនមានការលំបាកអ្វីមួយសូមប្រាប់មកអាជ្ញាធរភូមិ ឃុំ ដើម្បីរួមដោះស្រាយការងារ និងកង្វល់ជូន និងសូមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ និងសម្តេចធិបតី នូវចំណាត់ការការពារសន្តិសុខ ការពារអធិបតេយ្យដែលកន្លងមកយើងធ្វើការងារការទូតច្បាប់។
លោកបានបន្ថែមទៀតថា ក្នុងពេលនេះដែរ ក៏ជាដំណាក់កាលដែលយើងមិនអាចអត់ធ្មត់តទៅទៀតបានចំពោះការឈ្លានពានរបស់ថៃ។ សូមកុំជឿលើការញុះញង់របស់ជនអគតិមួយចំនួន ដែលរិះរកវិធីជាមួយថៃដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង។
សូមបញ្ជាក់ដែរថា អំណោយដែលបានប្រគល់ជូនគ្រួសារវីកងទ័ពទាំង ២០គ្រួសារ រួមមាន៖ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរទឹកស៊ីអ៉ី ១យួរ អង្ករ ២៥kg ធូបមូស ២ប្រអប់ និងថវិកា ១០ម៉ឺនរៀល៕





















