អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ចាត់ទុកកម្មវិធីរៃអង្គាសថវិកាជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា បង្ហាញពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់សង្គម
29-06-2026 10:51
(ភ្នំពេញ)៖ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានថ្លែងថា ថវិកាដែលទទួលបានពីពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកា ជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា នឹងត្រូវយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព សម្រាប់ការហ្វឹកហាត់ ការចូលរួមប្រកួត ការថែទាំសម្ភារៈកីឡា និងការអភិវឌ្ឍសមត្ថភាពរបស់កីឡាករបាល់បោះរទេះជនពិការកម្ពុជា ដើម្បីឲ្យពួកគាត់អាចបន្តសម្រេចក្តីស្រមៃ និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។
អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសពិធីពិសារអាហារសាមគ្គី និងរៃអង្គាសថវិកាជួយកីឡាករបាល់បោះរទេះជនពិការកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្ស រដ្ឋលេខាធិការ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ, លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានបញ្ជាក់ថា កម្មវិធីនារាត្រីនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព មនុស្សធម៌ និងការយកចិត្តទុកដាក់របស់សង្គមកម្ពុជា ចំពោះជនមានពិការភាព។ ការចូលរួមរបស់លោកអ្នកនាពេលនេះ មិនត្រឹមតែជាការបរិច្ចាគថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ក្តីសង្ឃឹម កម្លាំងចិត្ត និងឱកាសដល់កីឡាកររបស់យើង ឱ្យបន្តដំណើរទៅមុខប្រកបដោយទំនុកចិត្ត។
អ្នកម្នាងបានបន្តថា «ជាថ្មីម្តងទៀត ខ្ញុំម្ចាស់ នាងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគ្រប់ស្ថាប័ន ដៃគូឧបត្ថម្ភ សប្បុរសជន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលគួរជាទីមោទនភាព»។
លោកស្រី ម៉ែន នារីវុឌ្ឍី ហូសិទ្ធី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានបញ្ជាក់ថា ទោះបីជាកូន ក្មួយ និងចៅៗពិការភាពផ្នែករាងកាយក៏ដោយ ក៏កីឡាករបាល់បោះរទេះកម្ពុជារបស់យើង បានបង្ហាញនូវឆន្ទៈដ៏មុតមាំ ការតស៊ូ និងស្មារតីមិនចុះចាញ់ ដោយបានខិតខំហ្វឹកហាត់ និងចូលរួមប្រកួតតំណាងជាតិ ទាំងក្នុង និងក្រៅប្រទេស ដើម្បីលើកកម្ពស់កិត្តិយសជាតិ និងជំរុញឱ្យសង្គមមើលឃើញពីសមត្ថភាពរបស់ជនមានពិការភាព។
ប៉ុន្តែដើម្បីឲ្យកីឡាករទាំងនេះអាចបន្តអភិវឌ្ឍសមត្ថភាព និងត្រៀមខ្លួនសម្រាប់ការប្រកួតនានា ពួកគេនៅតែត្រូវការការគាំទ្រយ៉ាងសំខាន់ ទាំងផ្នែកហិរញ្ញវត្ថុ សម្ភារៈកីឡា ឧបករណ៍រទេះពិសេស និងការចំណាយផ្សេងៗ ដែលពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការប្រកួត។
បើតាមការលើកឡើងរបស់លោកស្រី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានឆ្លៀតក្នុងឱកាសនេះថា កូន ក្មួយ និងចៅៗ ដែលជាកីឡាករ-កីឡាការីនី ខ្លះមានពិការភាពតាំងពីកំណើត ខ្លះទៀតកើតជំងឺគ្រុនស្វិតដៃជើង (Polio) ខ្លះទៀតបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និងសង្គ្រាម ដែលបានបន្សល់ទុកនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តរហូតមកដល់បច្ចុប្បន្ន។
ក្រៅពីការហ្វឹកហាត់ និងចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ កីឡាករ-កីឡាការីនីខ្លះ មានប្រកបមុខរបរជាសន្តិសុខ ជាងកាត់ដេរសម្លៀកបំពាក់ ជាងជួសជុលម៉ូតូ ជាងកែច្នៃគ្រឿងអលង្ការ លក់ដូរនៅផ្ទះ ធ្វើស្រែចម្ការ និងចិញ្ចឹមសត្វមាន់ ទា ជាដើម។ ក្រោមការគាំទ្រ និងបណ្តុះបណ្តាលជំនាញពីគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម មិនមានកូន ក្មួយ និងចៅៗជាជនមានពិការភាព ដើរសុំលុយនៅតាមទីសាធារណៈនានាឡើយ៕

























