ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៦
29-06-2026 11:26
(ភ្នំពេញ)៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៦ សម្រាប់សមណនិស្សិត និងនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ពិធីនេះប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី, សម្ដេចព្រះពុទ្ធរ័ត្នរាជវង្សា កែវ ឌីម៉ង់ ព្រះសាកលវិទ្យាធិការរង, ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ,លោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការនិងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងតំណាងក្រសួង-ស្ថាប័ន លោក លោកស្រីសាកលវិទ្យាធិការរង មន្ត្រីរាជការ សណមនិស្សិត-និស្សិតជាច្រើនអង្គ/នាក់។
ការឡើងការពារនិក្ខេបបទនេះ គឺឆ្លងកាត់ការសិក្សាយ៉ាងសកម្ម និងបំពេញគ្រប់លក្ខខណ្ឌតាមកម្មវិធីសិក្សាអស់រយៈពេល ២ឆ្នាំ កន្លងមក ក្រោមព្រះរាជកិច្ចដឹកនាំគ្រប់គ្រង និងការផ្តល់ព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ព្រះសាកលវិទ្យាធិការ ។ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានខិតខំបណ្តុះបណ្តាលមូលធនមនុស្សទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយគុណភាព សមត្ថភាព និងសីលធម៌ខ្ពស់ ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនាថា «កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព»។
សូមជម្រាបដែរថា បេក្ខសមណ និងបេក្ខជន ដែលត្រូវការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន៥ រួមមាន៖ ១៖ ធានាឱ្យបានកំណើនសេដ្ឋកិច្ច, ២៖ បង្កើតការងារឱ្យបានកាន់តែច្រើន, ៣៖ សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ៤៖ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង៥៖ ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
គួរបញ្ជាក់ដែរថា ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ក្រោមព្រះទ័យយកចិត្តទុកដាក់ នៃសម្តេចព្រះមហាសង្ឃរាជ ជាអម្ចាស់ព្រះសាកលវិទ្យាធិការ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ទ្រង់បានជំរុញព្រះរាជបេសកកម្ម បណ្តុះបណ្តាលអប់រំមូលធនមនុស្សយ៉ាងសកម្មបំផុត៕










































