លោក ស៊ុន មេសា៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនឡើងចំនួន ៦៥០សហគ្រាស

29-06-2026 13:58

(ភ្នំពេញ)៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រកើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥ ដល់ចំនួន ៤៧ ២៩៩សហគ្រាស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០សហគ្រាសនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលធ្វើឱ្យមានកំណើនកម្មករនិយោជិតបម្រើការងារសរុបចំនួន ២ ២៩៦ ៣៤៨នាក់ (ស្រី១ ៣០៩ ១៩០នាក់)។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា តាមរយៈការកំណើននៃការបង្កើតរោងចក្រថ្មីៗនេះ នឹងមានតម្រូវការកម្លាំងពលកម្មច្រើន ហើយធ្វើឱ្យមានសន្ទុះនៃការបញ្ជាទិញ និងការនាំចេញកើនឡើងល្អពីមួយថ្ងៃទៅមួយ។ កត្តាទាំងនេះ ដោយសារស្ថិរភាពនៃបរិយាកាសវិនិយោគ និងការរក្សាបាននូវភាពប្រកួតប្រជែងដែលបានទាក់ទាញការវិនិយោគថ្មីៗមកបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ទៅលើកំណើនទុនវិនិយោគ កំណើនរោងចក្រ និងការងារនេះ គឺឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដែលកើតចេញពីគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានធ្វើកំណែទម្រង់វិនិយោគឱ្យមានភាពងាយស្រួលជាងមុន។

លើសពីនេះលោកបញ្ជាក់ថា៖ «តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ យើងឃើញថា មានកំណើននៃការបង្កើតរោងចក្រថ្មីៗ និងមានតម្រូវការកម្លាំងពលកម្មច្រើនដែលនេះ យើងសង្ឃឹមថា សន្ទុះនៃការបញ្ជាទិញ និងការនាំចេញ នឹងមានការកើនឡើងល្អពីមួយថ្ងៃទៅមួយថ្ងៃ»

អ្នកនាំពាក្យរូបនេះ មានជំជឿយ៉ាងមុតមាំថា ការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល បន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគថ្មី និងបង្កើតទំនុកចិត្តជូនអ្នកវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិតតាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕