ក្រសួងព័ត៌មាន ចែករំលែកចំណេះដឹងពី «ការលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល ដើម្បីសុវត្ថិភាពព័ត៌មាន» ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

29-06-2026 14:45

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានរៀបចំវេទិកាចែករំលែកចំណេះដឹងស្តីពី «ការលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល ដើម្បីសុវត្ថិភាពព័ត៌មាន» ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ ចំនួន ១៨៤នាក់ ដែលកំពុងសិក្សាផ្នែករចនាពហុប្រព័ន្ធផ្សព្វផ្សាយ នៃមហាវិទ្យាល័យព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងលើកកម្ពស់សមត្ថភាពក្នុងការប្រើប្រាស់ព័ត៌មាន និងប្រព័ន្ធឌីជីថលប្រកបដោយការទទួលខុសត្រូវ។

វេទិកានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នាសាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង ដោយមានការអញ្ជើញជាអធិបតី និងជាវាគ្មិនដោយលោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន។

សម្រាប់វេទិកានាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បីបណ្តុះការយល់ដឹងដល់យុវជន អំពីសារៈសំខាន់នៃអក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល ក្នុងបរិបទដែលបច្ចេកវិទ្យាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការប្រើប្រាស់បណ្ដាញសង្គមកាន់តែទូលំទូលាយ។ វេទិកានេះក៏បានផ្តោតលើការអភិវឌ្ឍសមត្ថភាពរបស់និស្សិតក្នុងការស្វែងរក វាយតម្លៃ ផ្ទៀងផ្ទាត់ និងប្រើប្រាស់ព័ត៌មានប្រកបដោយវិចារណញ្ញាណ ដើម្បីជៀសវាងព័ត៌មានក្លែងក្លាយ ការបោកបញ្ឆោតតាមប្រព័ន្ធអនឡាញ និងហានិភ័យផ្សេងៗក្នុងលំហឌីជីថល។

តាមរយៈការលើកឡើងរបស់ព្រឹទ្ធបុរសរង នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា ចំនួននិស្សិតដែលបានចុះហ្វឹកហាត់ការងារនៅក្រសួងព័ត៌មាន ចំនួន ៨២៤នាក់ មានចំនួន ៩លើក គឺចាប់តាំងពីកំឡុងខែមេសា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ហើយនិស្សិតសាលាប៊ែលធី អន្តរជាតិ បានសិក្សារៀនសូត្រ និងយកបទពិសោធន៍ការងារជាក់ស្តែងជាបន្តបន្ទាប់។

លោកស្រី ប៊ុតផន សុផាណាវី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងព័ត៌មាន បានជម្រាបជូនថា ការដែលនិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចុះមកទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន គឺទទួលបាននូវការចែករំលែកចំណេះដឹង បទពិសោធន៍ការងារពីថ្នាក់ដឹកនាំក្រសួង ដើម្បីយកទៅបំពេញបន្ថែមលើការសិក្សាប្រចាំថ្ងៃ និងដើម្បីពង្រឹងសមត្ថភាពការយល់ ដឹងអំពីការងារពាក់ព័ន្ធទៅនឹងប្រព័ន្ធផ្សព្វផ្សាយនៃសង្គមឌីជីថល ដែលបច្ចុប្បន្នយើងដើរដល់ប្រព័ន្ធបច្ចេកវិទ្យាទំនើប AI។

លោកស្រីអគ្គលេខាធិការរង បានគូសបញ្ជាក់ថា ការដែលក្រសួងព័ត៌មាន រៀបចំវេទិកាចែករំលែកចំណេះដឹងស្តីពី «ការលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល ដើម្បីសុវត្ថិភាពព័ត៌មាន» នេះឡើងក្នុងគោលបំណង បញ្ជ្រាបការយល់ដឹង អំពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ យល់ច្បាស់អំពីសិទ្ធិ សុវត្ថិភាពឌីជីថល និងក្របខណ្ឌច្បាប់ តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ស្គាល់ពីប្រភពព័ត៌មាន ចេះវិភាគ និងវាយតម្លៃព័ត៌មានប្រកបដោយចំណេះដឹង និងដើម្បីជំរុញការលប់បំបាត់ឥរិយាបទអវិជ្ជមាន និងការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវ ចៀសវាងប៉ះពាល់ដល់ការសិក្សា។

លោក ស្លេះ អាល់ហ្វីន បានធ្វើបទបង្ហាញអំពី «ការលើកកម្ពស់អក្ខរកម្មព័ត៌មាន ប្រព័ន្ធ ផ្សព្វផ្សាយ និងឌីជីថល ដើម្បីសុវត្ថិភាពព័ត៌មាន» ដោយបានគូសបញ្ជាក់ថា កន្លងមកនេះក្រសួងព័ត៌មាន បានបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្នុងគោលបំណងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។

តាមរយៈបទបង្ហាញរបស់អនុរដ្ឋលេខាធិការ បានពន្យល់ដល់និស្សិតទាំងអស់បានយល់នូវអ្វីជាដំណឹងក្លែងក្លាយ (Fake News) គឺជាសាច់រឿងមិនពិតដែលត្រូវបានគេប្រឌិត ឬកែច្នៃជា ព័ត៌មានក្នុងទម្រង់ជាអត្ថបទ រូបភាព វីដេអូ និងសំឡេងហើយយកទៅ ផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធឺណិត ឬបណ្តាញសារព័ត៌មានផ្សេងៗ ក្នុងបំណងកេងចំណេញនយោបាយ អាជីវកម្ម និងធ្វើឱ្យជ្រួលច្របល់ក្នុងសង្គម។ ជាមួយនេះក៏បានលើកនូវអ្វីដែលជាព័ត៌មានអសណ្ដាប់ធ្លាប់រួមមាន ព័ត៌មានក្លែងបន្លំ, ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។

លោក ស្លេះ អាល់ហ្វីន បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងចែករំលែកនៅលើបណ្តាញសង្គម ព្រមទាំងជំរុញឱ្យអ្នកប្រើប្រាស់ប្រព័ន្ធឌីជីថល មានការទទួលខុសត្រូវ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

លោក ស្លេះ អាល់ហ្វីន បានបញ្ជាក់ថា ដូច្នេះតាមរយៈវេទិកានាឱកាសនេះ និស្សិតក៏ទទួលបានចំណេះដឹងបន្ថែមអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថលប្រកបដោយសីលធម៌ ការគោរពតម្លៃវិជ្ជាជីវៈ ការការពារឯកជនភាព និងសុវត្ថិភាពព័ត៌មាន ព្រមទាំងការចូលរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ និងអាចទុកចិត្តបាន៕