ឆ្នាំ២០២៥ សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀនបាន៣៣៥លើក ឃាត់ខ្លួនជនសង្ស័យ៧២០នាក់
29-06-2026 15:34
(ស្វាយរៀង)៖ លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀន នៅខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីគណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានសាលាដំបូង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សសយកខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជាខេត្ត និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ដសរុបចំនួនប្រមាណ៨០០នាក់។
បន្ទាប់ពីសារលិខិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានផ្តាំផ្ញេី និងដាក់ចេញនូវគោលដៅមួយចំនួន ក្នុងការលើកកម្ពស់ប្រសិទ្ធភាព ការងារបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងខេត្តស្វាយរៀងដែលមានចំណុចសំខាន់ៗ ដូចខាងក្រោម៖
*ទី១៖ ត្រូវយកចិត្តទុកដាក់អនុវត្តនូវសារលិខិតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ខ្លឹមសារប្រធានបទនៅក្នុងឆ្នាំនេះ ឲ្យចេញជាសកម្មភាពពិត និងលទ្ធផលជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ ការកែច្នៃ និងការជួញដូរគ្រឿងញៀន ខុសច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត
*ទី២៖ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ ចាត់តាំងអនុវត្តឲ្យបានកាន់តែខ្លាំងក្លាថែមទៀត នូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព គោលនយោបាយភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន ជាពិសេសការបន្តចាត់តាំងអនុវត្តគោលការណ៍ «សម្អាតផ្ទះយើង» និង «សម្អាតចកចេញពីផ្ទៃបឹង» ដែលរាជរដ្ឋាភិបាលបានកំណត់ដាក់ចេញឲ្យមានប្រសិទ្ធភាពបំផុត
*ទី៣៖ សូមស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានការក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឲ្យបានដល់មេក្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្ត ទីផ្សារ ឈានទៅលុបបំបាត់ឲ្យបាននូវឫសគល់ នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍
*ទី៤៖ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើន ពង្រឹង និងយក ចិត្តទុកដាក់ជំរុញការអនុវត្តវិធានការរដ្ឋបាលឲ្យបានសកម្មបំផុត នៅតាមទីតាំងសប្បាយភាពនានា និងទីតាំងងាយរងគ្រោះពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ដូចជាខារ៉ាអូខេ ក្លឹបកម្សាន្ត បន្ទប់ជួល ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសផ្ទះជួល ទីតាំងជួល ដែលមានការប្រមូលផ្តុំ មនុស្សរស់នៅច្រើន ហើយប្រសិនបើពិនិត្យឃើញមានការពាក់ព័ន្ធ ឬមានការសមគំនិតប្រើប្រាស់ ទីតាំងនោះផ្តល់ជាមធ្យោបាយសម្រាប់ប្រព្រឹត្តបទល្មើស ត្រូវអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់
*ទី៥៖ ទន្ទឹមគ្នាជាមួយនិងការអនុវត្តវិធានការច្បាប់ម៉ឺងម៉ាត់ និងការបង្ក្រាបដោយគ្មានការ លើកលែង វិធានការបង្ការទប់ស្កាត់ គឺត្រូវតែជាវិធានការចម្បង ដើម្បីកាត់ផ្តាច់នូវទីផ្សារប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់យើង
*ទី៦៖ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ត្រូវបំផុសដល់ប្រជាពលរដ្ឋឲ្យចូលរួមកាន់តែសកម្មថែមទៀត ក្នុងការផ្តល់ព័ត៌មានពីក្រុមឧក្រិដ្ឋជន ដែលមានបំណងប៉ុនប៉ងលួចលាក់ផលិត កែច្នៃ និងចរាចរគ្រឿងញៀនក្នុងខេត្ត ជាពិសេសក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកកម្ពស់ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីធ្វើការរាយការណ៍
*ទី៧៖ អាជ្ញាធរមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជន សាលារៀន ឲ្យបានល្អ និងមានរបៀបរៀបរយ ចៀសវាងកុំឲ្យមានការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ និងការសេពគ្រឿងញៀនជាដើម
*ទី៨៖ អំពាវនាវដល់អាណាព្យាបាល មាតាបិតាសិស្សទាំងអស់ សូមបង្កើនការពិនិត្យ និងតាមដានចំពោះការសិក្សារបស់កូនៗឲ្យបានទៀងទាត់ និងសហការ ឲ្យបានជិតស្និទ្ធជាមួយលោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់រៀននីមួយៗ ដើម្បីជាយន្តការមួយ ដាស់តឿន ក្រើនរំលឹកដល់កូនៗរបស់ខ្លួន ឲ្យពួកគេគេចផុតពីការក្លាយខ្លួនជាជនរងគ្រោះ ដោយសារបញ្ហាគ្រឿងញៀន។
សូមជម្រាបថា លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមានសមត្ថកិច្ចបានកំណត់មុខសញ្ញា អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងបង្ក្រាបមុខសញ្ញាប្រើប្រាស់រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងឆ្នាំ២០២៥ សរុបចំនួន៣៣៥លើក ឃាត់ខ្លួនជនសង្ស័យសរុប៧២០នាក់ ស្រី៥៨នាក់ ក្នុងនោះជនជាតិវៀតណាម ៣៣៧នាក់, ជនជាតិចិន ១៧នាក់, ជនជាតិមីយ៉ាន់ម៉ា ១នាក់, ជនជាតិខ្មែរ ៣៦៥នាក់ ដកហូតថ្នាំញៀន និងសារធាតុគីមីផ្សំសរុបចំនួន១៥៣,៨៧៩.៨៤ក្រាម ដែលត្រូវដុតបំផ្លាញចោលនៅថ្ងៃនេះ។
ក្នុងនោះបានដកហូតសម្ភារ និងវត្ថុតាងបទល្មើសគ្រឿងញៀនមួយចំនួនទៀតមានដូចខាងក្រោម៖ រថយន្តចំនួន ៥៤គ្រឿង, ម៉ូតូចំនួន ៦៣គ្រឿង, ម៉ូតូកង់បី (តុកតុក) ៥គ្រឿង,ទូរស័ព្ទដៃ ៧៦១គ្រឿង, IPAD ៨គ្រឿង, កំព្យូទ័រយូដៃ ៨គ្រឿង, នាឡិកាដៃ ១១២គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀន ១៤០គ្រឿង, ម៉ាស៊ីនក្រឡុកថ្នាំញៀន ២១គ្រឿង, ម៉ាស៊ីនអ៊ុតថង់ ៤គ្រឿង,អាវុធវែង ២ដើម, អាវុធខ្លី ១០ដើម, បង់ ១២បង់, គ្រាប់ ២០៧គ្រាប់, គ្រាប់បែកដៃ ២គ្រាប់,ដាវសាមូរ៉ៃ ៤៥ដើម, ពូថៅ ១២ដើម, កាំបិត ៣៩ដើម, ដំបងឆក់ ៧ដើម, ពិលឆក់ ៥គ្រឿង,លិខិតឆ្លងដែន ១៦៩ក្បាល, អត្តសញ្ញាណប័ណ្ណ ១៥៧សន្លឹក, ប្រាក់ដុង ១៥០លានដុង,ខ្សែដៃ ៣ខ្សែ, ខ្សែក ៥ខ្សែ, ចិញ្ចៀន ១៤វង់, ប្រាក់រៀល ៩៥១,៥០០, ប្រាក់ដុល្លារ ១៣,៧៧០$។ ឧបករណ៍ និងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនប្រភេទទៀត៕
























