បណ្ឌិត កៅ ថាច៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ
29-06-2026 15:39
(កណ្តាល)៖ ក្នុងដំណើរការបោះឆ្នោតនៅឃុំព្រះប្រសប់ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ក៏ដូចជាចំថ្ងៃខួបលើកទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ លោកបណ្ឌិត កៅ ថាច អនុប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ ចលនាយុវជនគណបក្សស្រុកខ្សាច់កណ្តាល បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំយុវជនឃុំព្រះប្រសប់ ត្រូវរួមសាមគ្គីគ្នាផ្ទៃក្នុង ធ្វើឱ្យបក្សរបស់យើងកាន់តែរឹងមាំ និងបន្តខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញ ប្រឹងប្រែងបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារ និងបន្ទាប់មកបម្រើសហគមន៍របស់ខ្លួនថែមទៀត។
លោកបណ្ឌិត ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាសមាជិកយុវជនគណបក្សថ្នាក់កណ្តាល ប្រចាំស្រុកខ្សាច់កណ្តាល បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ឡាយ សុខឃាង អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំព្រះប្រសប់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ ប្រធានសាខាគណបក្សភូមិ បេក្ខជនឈរឈ្មោះ និងសមាជិកយុវជនគណបក្សឃុំ ដែលជាអង្គបោះឆ្នោតសរុបប្រមាណ ២៤៥នាក់។
លោក ឡាយ សុខឃាង បានសំដែងក្តីរីករាយ ដែលបានចូលរួមកម្មវីធីបោះឆ្នោតជ្រើសរើសយុវជន ក្នុងរចនាសម័្ពនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះប្រសប់ និងបានថ្លែងអំណគុណចំពោះលោកបណ្ឌិតកៅ ថាច ដែលអញ្ជើញជាអធិបតីភាព ក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនក្នុងឃុំនេះ និងបានកោតសរសើរ ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក គណៈកម្មការបោះឆ្នោតស្រុក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សឃុំ និងយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានយកចិត្តទុកដាក់រៀបចំការបោះឆ្នោតនេះឡើង ស្របតាមលិទ្ធិប្រជាធិបតេយ្យ។
ក្រោយការប្រកាសលទ្ធផលបោះឆ្នោតរួចមក លោកបណ្ឌិត កៅ ថាច ក៏បានសំណេះសំណាលលើកឡើងថា ដំណើរការបោះឆ្នោតនាពេលនេះ មិនចម្លែកទេ គឺជាការបោះឆ្នោត សម្រាប់រចនាសម្ព័ន្ធផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះសប់ ដោយអនុញ្ញាតឱ្យសមាជិកយុវជនមានសិទ្ធិសម្រេចចិត្តផ្ទាល់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានសមត្ថភាព និងគុណវុឌ្ឍិពិតប្រាកដ ដើម្បីដឹកនាំយុវជនក្នុងមូលដ្ឋានឱ្យសម្រេចបាននូវការរីកចម្រើន ទាំងផ្នែកស្មារតី សុខភាព និងសេដ្ឋកិច្ចគ្រួសារ។
លោកបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំនូវគន្លឹះសំខាន់ ៣ចំណុចធំៗ ដល់យុវជន គឺរៀន រកស៊ី និងបំរើ ពោលគឺទី១៖ ត្រូវបន្តខិតខំរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ឱ្យក្លាយជាបុគ្គលល្អ អាចដឹកនាំគ្រួសារ និងសហគមន៍ឲ្យកាន់តែរីកចម្រើន។ ទី២៖ ត្រូវមានប្រាក់ចំណូលតាមវិជ្ជាជីវៈ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានល្អ និង ទី៣៖ ក្រោយពីមានចំណេះដឹង និងមានប្រាក់ចំណូលច្រើនហើយ ត្រូវចូលរួមបម្រើសហគមន៍ ក៏ដូចជាបម្រើប្រជាជននៅក្នុងមូលដ្ឋានផង។
លោកបណ្ឌិត កៅ ថាច បានបន្ថែមថា យុវជនត្រូវខិតខំអភិវឌ្ឍសមត្ថភាពចំណេះដឹងរបស់ខ្លួន ដើម្បីកសាងស្មារតីស្នេហាជាតិដ៏រឹងមាំ ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ចំណែកការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុវិញ យុវជន ត្រូវរៀនសូត្រជាប្រចាំ ក្នុងគោលបំណងបង្កើនប្រាក់ចំណូល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។
លោកបណ្ឌិត ក៏បានលើកទឹកចិត្តយុវជនរបស់គណបក្សប្រជាជន ក្នុងឃុំព្រះប្រសប់ ត្រូវបន្តខិតខំសិក្សារៀនសូត្រ គឺសំខាន់ណាស់ បើចង់បានចំណេះដឹង ត្រូវប្រឹងរៀន គឺរៀនពេញមួយជីវិត ជាពិសេស ត្រូវរៀនអំពីបច្ចេកវិទ្យាថ្មីៗថែមទៀត។
សម្រាប់ការបោះឆ្នោតនេះ មានបេក្ខជនឈរឈ្មោះចំនួន១០រូប ប៉ុន្តែជ្រើសរើសយកតែ៥រូបប៉ុណ្ណោះ ហើយភាគច្រើនពួកគាត់មានកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ។ តាមរយៈសន្លឹកឆ្នោត២៤៥សន្លឹក និងមានសន្លឹកឆ្នោតមិនបានការ៣ សន្លឹក។ បេក្ខជនជាប់ឆ្នោតទាំងប្រាំរូប មានប្រុស៣ រូប ស្រ្តី២រូប។
បេក្ខជនទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេ គឺឈ្មោះ កយ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ ទទួលបាន១០៨សំឡេង, ទី២ ឈ្មោះ ថា ឌីណា ភេទប្រុស អាយុ៣៤ឆ្នាំ ទទួលបាន ១៤៣សំឡេង, ទី៣ ឈ្មោះ ណាន ឌីណា ភេទប្រុស អាយុ២០ឆ្នាំ ទទួលបាន១៣៦សំឡេង, ទី៤ ឈ្មោះ ភ័ស្ត រ៉ាទី ភេទស្រី អាយុ ២០ឆ្នាំ ទទួលបាន ១៣៣សំឡេង និងទី៤ បេក្ខជនឈ្មោះជិន វ៉េងហូ ភេទប្រុស អាយុ ២១ឆ្នាំ ទទួលបាន ១៣២សំឡេង៕





















