គយកែលម្អសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីគយ ឲ្យសមស្របនឹងបរិបទពាណិជ្ជកម្មបច្ចុប្បន្ន
30-06-2026 15:40
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ បានរៀបចំ «កិច្ចប្រជុំពិគ្រោះយោបល់លើកទី១ ជាមួយផ្នែកឯកជន លើសេចក្តីព្រាងវិសោធនកម្ម ច្បាប់ ស្តីពីគយ» ក្នុងគោលបំណងពិភាក្សា និងស្តាប់មតិយោបល់ និងសំណូមពរពីផ្នែកឯកជន ដើម្បីរួមចំណែកកែលម្អសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ឱ្យកាន់តែល្អប្រសើរ សមស្របនឹងបរិបទពាណិជ្ជកម្មបច្ចុប្បន្ន និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពីមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងតំណាងមកពីសភាពាណិជ្ជកម្មកម្ពុជា, សមាគមភស្តុភារកម្មកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា, សមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា, សមាគមដឹកអ្នកដំណើរនិងភស្តុភារកម្ពុជា និងសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ជាច្រើនរូប។
លោកអគ្គនាយករង បានគូសបញ្ជាក់ថា ច្បាប់ស្តីពីគយត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០០៧ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ការប្រមូលចំណូលរដ្ឋ ការសម្រួលពាណិជ្ជកម្ម និងការទប់ស្កាត់បទល្មើសគយ។
ទោះជាយ៉ាងណា បរិបទសេដ្ឋកិច្ច ពាណិជ្ជកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ បច្ចេកវិទ្យា និងការអនុវត្តជាក់ស្តែងពាក់ព័ន្ធនឹងការនាំចេញ-នាំចូល បានវិវត្តយ៉ាងឆាប់រហ័ស ដែលទាមទារឱ្យមាន ការធ្វើបច្ចុប្បន្នភាព និងកែលម្អក្របខ័ណ្ឌច្បាប់គយ ឱ្យកាន់តែច្បាស់លាស់ និងសមស្របនឹងតម្រូវការបច្ចុប្បន្ន និងអនាគត។ ការធ្វើវិសោធនកម្មច្បាប់ស្តីពីគយនេះ មានគោលបំណងធានា តុល្យភាពរវាងការសម្រួលពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាពច្បាប់។
ក្នុងន័យនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់ទុកការចូលរួមរបស់ផ្នែកឯកជន ជាធាតុសំខាន់ក្នុងដំណើរការរៀបចំសេចក្តីព្រាងនេះ ដោយសារផ្នែកឯកជន គឺជាអ្នកអនុវត្តនីតិវិធីគយជាប្រចាំ និងមានបទពិសោធន៍ជាក់ស្តែងក្នុងប្រតិបត្តិការធុរកិច្ច។
សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ មានចំនួន ១៤ជំពូក ស្មើនឹង ៨៨មាត្រា ដោយកើនឡើង ១ជំពូក និង ៨មាត្រា បើប្រៀបធៀបនឹងច្បាប់ជាធរមាន។ ជាលទ្ធផល អង្គប្រជុំបានពិភាក្សា និងផ្លាស់ប្តូរមតិយោបល់យ៉ាងផុលផុសលើខ្លឹមសារសេចក្តីព្រាងបានចំនួន ៣៥មាត្រា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយផ្នែកឯកជន និងភាគីពាក់ព័ន្ធនានា នាពេលឆាប់ៗខាងមុខ ដើម្បីបន្តពិនិត្យលើមាត្រា ដែលនៅសេសសល់ សំដៅធានាឱ្យដំណើរការរៀបចំ សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគយ ប្រព្រឹត្តទៅដោយមានការចូលរួមទូលំទូលាយ តម្លាភាព និងមានប្រសិទ្ធភាព៕














