ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំដាំដើមផ្កាត្របែកព្រៃ២០០ដើមបន្ថែមទៀត នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់
30-06-2026 16:03
(សៀមរាប)៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី និងមន្រ្តីនគរបាលក្រោមឱវាទ ចូលរួមដាំដើមផ្កាត្របែកព្រៃបន្ថែមចំនួន ២០០ដើម នៅតាមបណ្តោយផ្លូវចាប់ពីរង្វង់មូលព្រះវិស្ណុថ្លែងសជិះលើគ្រុឌ រហូតដល់តំបន់ព្រលានយន្តហោះចាស់។
សូមរំលឹកថា កន្លងមក លោកឧត្តមសេនីយ៍ទោស្នងការ បានដឹកនាំកងកម្លាំងនគរបាល ដាំដើមផ្កាត្របែកព្រៃចំនួន ២០០ដើមរួចមកហើយ ហើយលើកនេះបានបន្តដាំបន្ថែមចំនួន ២០០ដើមទៀត ដែលធ្វើឱ្យចំនួនដើម ឈើសរុបដែលបានដាំមានចំនួន ៤០០ដើម។ សកម្មភាពនេះ គឺជាការចូលរួមចំណែកក្នុងការបង្កើនភាពបៃតង កែលម្អបរិស្ថាន និងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាប ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោស្នងការ បានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងតំបន់ជុំវិញ សូមចូលរួមថែរក្សា ស្រោចស្រព និងការពារកូនឈើទាំងនេះ ឱ្យបានលូតលាស់ល្អ ប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកបង្កើតបរិស្ថានបៃតង និងស្រស់ស្អាតសម្រាប់សហគមន៍ និងអ្នកទេសចរជាតិ-អន្តរជាតិ៕





















































