Fresh Exclusive: ពី «មិត្តភាពដែកថែប» ដល់ «សហគមន៍វាសនារួម»៖ ហេតុអ្វីជំនួប ហ៊ុន សែន-ស៊ី ជីនពីង មានទម្ងន់លើសពីដំណើរទស្សនកិច្ចធម្មតា? (Video inside)
30-06-2026 16:15
(ភ្នំពេញ)៖ មេដឹកនាំនយោបាយថៃខ្លះ បានព្យាយាមវាយតម្លៃមិនឱ្យខ្ពស់ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន នាពេលថ្មីៗកន្លងមកនេះ ដោយចាត់ទុកថា វាគ្រាន់តែជាដំណើរទស្សនកិច្ចធម្មតាមួយប៉ុណ្ណោះ។
ប៉ុន្តែ ការវាយតម្លៃបែបនេះ ហាក់ផ្ទុយស្រឡះពីភាសានយោបាយ និងពាក្យពេចន៍ដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រើនៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា។ តើមេដឹកនាំកំពូលចិន បានផ្ញើសារយុទ្ធសាស្ត្រអ្វីខ្លះតាមរយៈជំនួបនេះ? ហើយហេតុអ្វីបានជាដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំង មិនអាចត្រូវបានចាត់ទុកថាជា «ដំណើរធម្មតា» បាន?
Fresh Exclusive មានអត្ថបទអត្ថាធិប្បាយស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅក្នុងពិភពការទូត មានដំណើរទស្សនកិច្ចខ្លះដែលត្រូវបានរៀបចំឡើងដើម្បីចូលរួមវេទិកាអន្តរជាតិ, មានដំណើរទស្សនកិច្ចខ្លះ ធ្វើឡើងក្នុងក្របខណ្ឌពិធីការធម្មតា ហើយក៏មានដំណើរទស្សនកិច្ចមួយចំនួនទៀត ដែលសារៈសំខាន់របស់វា មិនស្ថិតនៅលើចំនួនថ្ងៃនៃដំណើរ ឬចំនួនកិច្ចប្រជុំដែលបានធ្វើនោះទេ ប៉ុន្តែស្ថិតនៅលើអ្នកដែលបានអញ្ជើញ អ្នកដែលបានទទួល និងភាសានយោបាយ ដែលត្រូវបានប្រើ។
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងប្រភេទទីបីនេះ។
ទោះបីជាមានការវាយតម្លៃពីមេដឹកនាំថៃខ្លះចាត់ទុកថា វាគ្រាន់តែជា «ដំណើរធម្មតា» ក៏ដោយ ប៉ុន្តែបើពិនិត្យទៅលើកម្រិតនៃការអញ្ជើញ ខ្លឹមសារនៃជំនួប និងសារដែលទីក្រុងប៉េកាំងបានផ្ញើ នោះវាពិបាកណាស់ក្នុងការអះអាងថា ដំណើរនេះមិនមានទម្ងន់យុទ្ធសាស្ត្រទេនោះ។
ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មិនមែនជាការជួបពិធីការធម្មតានោះទេ។ វាជាជំនួបរវាងមេដឹកនាំគណបក្សកាន់អំណាចទាំងពីរ ដែលធ្វើឡើងតាមការអញ្ជើញដោយផ្ទាល់ពីអគ្គលេខាធិការបក្សកុម្មុយនីស្តចិន។ លោក ស៊ី ជិនពីង បានមានប្រសាសន៍ថា៖
«ខ្ញុំពិតជារីករាយណាស់ដែលបានជួបជាមួយលោកប្រធាន (ប្រមុខរដ្ឋស្តីទី) ហ៊ុន សែន ម្តងទៀត។ ហើយខ្ញុំសូមស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការដ៏រួសរាយរាក់ទាក់របស់លោកទៅកាន់ប្រទេសចិន។»
It’s pleasure to meet with President Hun Sen again. And I welcome your official friendly visit to China
ប្រសាសន៍ស្វាគមន៍ក្នុងជំនួបនេះ មិនត្រឹមតែបញ្ជាក់ឡើងវិញនូវចំណង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា ចិនកំពុងផ្តល់អាទិភាពកាន់តែខ្លាំងដល់កម្ពុជា ទាំងក្នុងវិស័យ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។ នៅក្នុងពិភពដែលកំពុងមានការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច ការដែលមេដឹកនាំកំពូលរបស់ចិនទទួលជួបមេដឹកនាំកំពូលរបស់កម្ពុជា ក្នុងក្របខណ្ឌគណបក្សកាន់អំណាច និងប្រើភាសាដែលសង្កត់ធ្ងន់លើ «មិត្តភាពដែកថែប» និង «ការជឿទុកចិត្តនយោបាយ» គឺជាសញ្ញាបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន កំពុងឈានចូលដំណាក់កាលថ្មីមួយ ដែលមានទម្ងន់លើសពីទំនាក់ទំនងការទូតធម្មតា។
*កម្រិតនៃការអញ្ជើញ បង្ហាញពីទម្ងន់នៃជំនួប
ចំណុចទីមួយ ដែលធ្វើឱ្យដំណើរទស្សនកិច្ចនេះ ខុសប្លែកពីដំណើរទស្សនកិច្ចធម្មតា គឺកម្រិតនៃការអញ្ជើញ។ សម្តេចតេជោ ហ៊ុន សែន មិនបានទៅកាន់ប្រទេសចិនក្នុងនាមជាអ្នកចូលរួមវេទិកាពហុភាគី ឬសន្និសីទអន្តរជាតិណាមួយឡើយ។ ផ្ទុយទៅវិញ ដំណើរនេះធ្វើឡើងតាមការអញ្ជើញដោយផ្ទាល់ពីមេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង ក្នុងឋានៈជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន មកកាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការអញ្ជើញបែបនេះ មិនមែនជាពិធីការការទូតធម្មតានោះទេ។ នៅក្នុងប្រព័ន្ធនយោបាយចិន ទំនាក់ទំនងរវាងគណបក្សនិងគណបក្ស ត្រូវបានចាត់ទុកថាមានសារៈសំខាន់យ៉ាងខ្លាំង និងជាមូលដ្ឋានគ្រឹះនៃការជឿទុកចិត្តផ្នែកនយោបាយរវាងប្រទេសទាំងពីរ។ ដូច្នេះ ការជួបរវាងមេដឹកនាំគណបក្សកាន់អំណាចទាំងពីរ គឺជាសញ្ញាបង្ហាញយ៉ាងច្បាស់អំពីកម្រិតខ្ពស់នៃការជឿទុកចិត្តនយោបាយ និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន។
អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា លោក ជា ធិរិទ្ធ ក៏បានបញ្ជាក់យ៉ាងច្បាស់ផងដែរថា ដំណើរទស្សនកិច្ចនេះ មានលក្ខណៈខុសពីការចូលរួមវេទិកាអន្តរជាតិធម្មតា ព្រោះវាជាដំណើរផ្លូវការដែលធ្វើឡើងតាមការអញ្ជើញដោយផ្ទាល់ពីមេដឹកនាំកំពូលរបស់ចិន។ ហេតុដូច្នេះ ការប្រៀបធៀបដំណើរនេះជាមួយនឹងការចូលរួមសន្និសីទអន្តរជាតិទូទៅ គឺមិនអាចឆ្លុះបញ្ចាំងពីកម្រិតពិតប្រាកដនៃទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរបានឡើយ។
នៅក្នុងភាសាការទូត ជាពិសេសការទូតរបស់ចិន កម្រិតនៃការអញ្ជើញ ច្រើនតែមានសារៈសំខាន់មិនចាញ់ខ្លឹមសារនៃជំនួបនោះទេ។ ដូច្នេះ ការដែលមេដឹកនាំកំពូលចិនអញ្ជើញសម្តេចតេជោ ហ៊ុន សែន ជាផ្លូវការ បានបង្ហាញថា កម្ពុជានៅតែត្រូវបានទីក្រុងប៉េកាំងចាត់ទុកជាដៃគូអាទិភាព និងជាមិត្តដែកថែបដែលអាចទុកចិត្តបាន។
*ពាក្យពេចន៍របស់ប្រធានាធិបតី ស៊ី ជីនពីង មិនមែនជាពាក្យពិធីការធម្មតាទេ
ប្រសាសន៍របស់លោក ស៊ី ជីនពីង នៅក្នុងជំនួបកន្លងមកនេះ មានទម្ងន់នយោបាយយ៉ាងជ្រាលជ្រៅ។ លោកបានមានប្រសាសន៍ថា៖
«ប្រទេសចិន តែងតែចាត់ទុកកម្ពុជា ជាប្រទេសអាទិភាពក្នុងការទូតជិតខាងរបស់ខ្លួន ហើយគាំទ្រយ៉ាងមាំមួនដល់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ ព្រមទាំងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន។»
«China has consistently prioritized Cambodia in its neighborhood diplomacy and firmly supports Cambodia in safeguarding its national sovereignty and security.»
នៅក្នុងភាសាការទូតរបស់ចិន ពាក្យ «prioritized Cambodia» ឬ «ចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព» មិនមែនជាពាក្យ ដែលត្រូវបានប្រើជាញឹកញាប់នោះទេ។ ផ្ទុយទៅវិញ វាបានបង្ហាញយ៉ាងច្បាស់ថា ចិនមិនត្រឹមតែចាត់ទុកកម្ពុជា ជាប្រទេសមិត្តមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអាទិភាពមួយនៅក្នុងគោលនយោបាយការទូតជិតខាងរបស់ខ្លួនផងដែរ។
កាន់តែសំខាន់ទៅទៀត ប្រទេសចិន បានប្រកាសជាសាធារណៈថា ខ្លួនគាំទ្រយ៉ាងមាំមួនដល់កម្ពុជា ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខជាតិ។ នៅក្នុងបរិបទ ដែលតំបន់កំពុងប្រឈមនឹងការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច និងភាពតានតឹងផ្នែកសន្តិសុខ សារបែបនេះមានអត្ថន័យលើសពីពិធីការការទូតធម្មតា។ វាគឺជាការបញ្ជាក់ជាថ្មីអំពីការគាំទ្រផ្នែកនយោបាយរបស់ទីក្រុងប៉េកាំងចំពោះកម្ពុជា។
លើសពីនេះទៅទៀត លោក ស៊ី ជីនពីង ក៏បានលើកឡើងអំពីការបង្កើត «ភាពជាដៃគូសន្តិសុខ» រវាងកម្ពុជា និងចិន។ នៅក្នុងភាសាការទូត ពាក្យ «ភាពជាដៃគូសន្តិសុខ» មានទម្ងន់យុទ្ធសាស្ត្រខ្ពស់ ព្រោះវាបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងពង្រីកពីវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍ ទៅកាន់វិស័យសន្តិសុខ និងការសម្របសម្រួលយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ។
ជាការពិត ប្រសាសន៍របស់លោក ស៊ី ជីនពីង បានបង្ហាញថា ទីក្រុងប៉េកាំងមិនត្រឹមតែចង់បន្តពង្រឹង «មិត្តភាពដែកថែប» ជាមួយកម្ពុជាប៉ុណ្ណោះទេ។ រដ្ឋាភិបាលចិន ថែមទាំងចង់លើកកម្ពស់ទំនាក់ទំនងទ្វេភាគីទៅកាន់កម្រិតថ្មីមួយទៀត ដែលផ្អែកលើការជឿទុកចិត្តនយោបាយ សន្តិសុខ និងចក្ខុវិស័យរួមសម្រាប់អនាគត។
*សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព៖ ចក្ខុវិស័យរួមថ្មីរវាងកម្ពុជា និងចិន
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានមានប្រសាសន៍សង្កត់ធ្ងន់ក្នុងពេលនោះទៀតថា «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសកម្ពុជា ដើម្បីរួមគ្នាថែរក្សាសន្តិភាព បន្តការអភិវឌ្ឍ និងរួមគ្នាបង្កើតវិបុលភាព»៖
«We will also solidly advance the building of a China-Cambodia community with a shared future, setting an example for promoting for building a community with a shared future for humanity.»
«យើងក៏នឹងជំរុញឱ្យរឹងមាំដល់ការកសាងសហគមន៍ចិន-កម្ពុជាដែលមានអនាគតរួមគ្នា ដោយធ្វើជាគំរូសម្រាប់លើកកម្ពស់ការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។»
ប្រសាសន៍របស់លោក ស៊ី ជីនពីង ទាំងនេះ មិនមែនគ្រាន់តែជាពាក្យសម្តីការទូតធម្មតានោះទេ។ ផ្ទុយទៅវិញ វាបានឆ្លុះបញ្ចាំងអំពីចក្ខុវិស័យយុទ្ធសាស្ត្ររួមរវាងកម្ពុជា និងចិន សម្រាប់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង។
នៅក្នុងបរិបទដែលពិភពលោក កំពុងប្រឈមនឹងការប្រកួតប្រជែងរវាងមហាអំណាច សង្គ្រាមក្នុងតំបន់ ការបែកបាក់ភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល សារនេះកាន់តែមានអត្ថន័យពិសេស។ វាបង្ហាញថា ទាំងកម្ពុជា និងចិន មានបំណងកសាងភាពជាដៃគូយុទ្ធសាស្ត្រមួយ ដែលអាចធានាបាននូវសន្តិភាព និងវិបុលភាពរួមក្នុងរយៈពេលវែង។
នៅក្នុងទស្សនវិស័យរបស់ទីក្រុងប៉េកាំង សន្តិភាព ការអភិវឌ្ឍ និងវិបុលភាព គឺជាធាតុបីដែលមិនអាចបំបែកចេញពីគ្នាបាន។ ប្រទេសដែលមានសន្តិភាព ប៉ុន្តែខ្វះការអភិវឌ្ឍ នឹងពិបាករក្សាស្ថិរភាពក្នុងរយៈពេលវែង។ ផ្ទុយទៅវិញ ការអភិវឌ្ឍដែលគ្មានសន្តិភាព ក៏មិនអាចធានាបាននូវវិបុលភាពប្រកបដោយចីរភាពដែរ។
ដូច្នេះ ការដែលចិនបន្តគាំទ្រកម្ពុជា ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម បច្ចេកវិទ្យា កសិកម្ម និងសន្តិសុខ បានបង្ហាញថា ទីក្រុងប៉េកាំងចង់ឃើញកម្ពុជា ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំ ស្ថិរភាពនយោបាយ និងភាពធន់គ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិយាកាសភូមិសាស្ត្រនយោបាយពិភពលោក។
កាន់តែសំខាន់ទៅទៀត ការប្តេជ្ញាកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល» បានបង្ហាញថា ប្រទេសទាំងពីរ មានទាំងផលប្រយោជន៍រួមក្នុងពេលបច្ចុប្បន្ន និងចក្ខុវិស័យរួមសម្រាប់អនាគត។ នេះ គឺជាការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីពីកម្រិតមិត្តភាពប្រពៃណី ទៅកាន់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រដែលមានការជឿទុកចិត្តខ្ពស់ និងមានសមត្ថភាពឆ្លើយតបរួមចំពោះបញ្ហាប្រឈមទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។
នៅពេលដែលអាស៊ីអាគ្នេយ៍កំពុងប្រឈមនឹងភាពតានតឹងផ្នែកសន្តិសុខ ការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ទំនាក់ទំនងកម្ពុជា-ចិន កំពុងត្រូវបានកំណត់ឡើងវិញ ជាទំនាក់ទំនងយុទ្ធសាស្ត្រដែលផ្អែកលើសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពរួម។ នេះហើយជាអត្ថន័យពិតប្រាកដនៃ «សហគមន៍វាសនារួមកម្ពុជា-ចិន» ក្នុងយុគសម័យថ្មី។
*សារថ្ងៃទី៣០ មិថុនា បានបញ្ជាក់ជាថ្មីនូវទិសដៅយុទ្ធសាស្ត្រ
បួនថ្ងៃបន្ទាប់ពីជំនួបនៅទីក្រុងប៉េកាំង សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរជូនលោក ស៊ី ជីនពីង ក្នុងឱកាសខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តចិន។
នៅក្នុងសារនោះ សម្តេចតេជោបានសរសេរថា៖
«ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះមិត្តភាពយូរអង្វែង រវាងគណបក្សនិងប្រទេសយើងទាំងពីរ ដែលបានបញ្ជាក់ជាថ្មីនូវមិត្តភាពដែកថែប និងចក្ខុវិស័យរួមគ្នានៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ដែលបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតថ្មីមួយទៀត»។
ពិតណាស់ សារនេះមិនមែនគ្រាន់តែជាសារអបអរសាទរតាមពិធីការធម្មតានោះទេ។ ផ្ទុយទៅវិញ វាគឺជាសារនយោបាយដ៏មានទម្ងន់មួយ ដែលបានបញ្ជាក់ឡើងវិញអំពីទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី។
ជាពិសេស ការលើកឡើងអំពី «មិត្តភាពដែកថែប» និង «សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល» បានបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងត្រូវបានលើកទៅកាន់កម្រិតថ្មីមួយ ដែលផ្អែកលើការជឿទុកចិត្តផ្នែកនយោបាយ កិច្ចសហប្រតិបត្តិការសន្តិសុខ និងចក្ខុវិស័យរួមរយៈពេលវែង។
លើសពីនេះ សាររបស់សម្តេចតេជោ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មិនត្រូវបានកំណត់ត្រឹមកម្រិតទំនាក់ទំនងរដ្ឋនិងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងតាមរយៈទំនាក់ទំនងគណបក្សនិងគណបក្ស ដែលជាមូលដ្ឋានសំខាន់នៃការជឿទុកចិត្តនយោបាយរវាងប្រទេសទាំងពីរ។
នៅក្នុងបរិបទដែលបរិយាកាសភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស ការបញ្ជាក់ជាថ្មីអំពី «មិត្តភាពដែកថែប» និង «សហគមន៍វាសនារួម» បានផ្ញើសារយ៉ាងច្បាស់ថា កម្ពុជា និងចិន មានបំណងបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ឱ្យកាន់តែស៊ីជម្រៅ និងមានលក្ខណៈយូរអង្វែងថែមទៀត។
*ការប៉ុនប៉ងបន្ថយតម្លៃ មិនស្របនឹងភាសារបស់រដ្ឋាភិបាលប៉េកាំង
មេដឹកនាំថៃខ្លះ បានព្យាយាមប្រើពាក្យបន្ថយតម្លៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន។ ជាពិសេស នាយករដ្ឋមន្ត្រីថៃ លោក អនុទិន ដែលបានពិពណ៌នាដំណើរទស្សនកិច្ចរបស់សម្តេចតេជោនៅទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះថា គ្រាន់តែជា «ដំណើរធម្មតា» តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ការវាយតម្លៃបែបនេះ ហាក់មិនស្របនឹងភាសានយោបាយ និងសារយុទ្ធសាស្ត្រដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានប្រើនៅក្នុងជំនួបរវាងមេដឹកនាំកំពូលនៃគណបក្សកាន់អំណាចទាំងពីរនោះឡើយ។ ជាក់ស្តែង ភាគីចិនបានប្រើពាក្យពេចន៍ដែលមានទម្ងន់ខ្ពស់ជាច្រើន ដើម្បីពិពណ៌នាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ រួមមាន៖
• មិត្តភាពដែកថែប
• សហគមន៍វាសនារួមគ្រប់រដូវកាល
• ភាពជាដៃគូសន្តិសុខ
• ទំនុកចិត្តនយោបាយ
• កម្ពុជាជាប្រទេសអាទិភាពក្នុងការទូតជិតខាង ជាដើម។
នៅក្នុងភាសាការទូតរបស់ចិន ពាក្យទាំងនេះមិនត្រូវបានប្រើដោយចៃដន្យនោះទេ។ ផ្ទុយទៅវិញ វាគឺជាវាក្យសព្ទយុទ្ធសាស្ត្រដែលត្រូវបានជ្រើសរើសយ៉ាងប្រុងប្រយ័ត្ន ដើម្បីបង្ហាញពីកម្រិតនៃការជឿទុកចិត្តផ្នែកនយោបាយ និងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។
ជាពិសេស ពាក្យ «មិត្តភាពដែកថែប» និង «សហគមន៍វាសនារួមគ្រប់រដូវកាល» ត្រូវបានប្រើចំពោះដៃគូដែលមានការជឿទុកចិត្តខ្ពស់ និងមានទំនាក់ទំនងយុទ្ធសាស្ត្ររយៈពេលវែង។ ដូច្នេះ ការព្យាយាមចាត់ទុកជំនួប ហ៊ុន សែន-ស៊ី ជីនពីង ថាជា «ដំណើរធម្មតា» មិនត្រឹមតែមិនស្របនឹងការពិតនៃការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងភាសា និងសារដែលទីក្រុងប៉េកាំងបានផ្ញើដោយខ្លួនឯងផងដែរ។
សេចក្តីសន្និដ្ឋាន៖
នៅក្នុងការទូតសម័យទំនើប សារៈសំខាន់នៃដំណើរទស្សនកិច្ចមួយ មិនអាចវាស់វែងតាមរយៈរយៈពេលនៃដំណើរ ឬចំនួនពិធីការដែលបានធ្វើឡើយ។ ផ្ទុយទៅវិញ វាត្រូវបានវាស់វែងតាមរយៈកម្រិតនៃការអញ្ជើញ ភាសានយោបាយដែលត្រូវបានប្រើ និងសារយុទ្ធសាស្ត្រដែលត្រូវបានផ្ញើ។
ក្នុងករណីជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ភស្តុតាងទាំងអស់បានបង្ហាញយ៉ាងច្បាស់ថា នេះមិនមែនជាដំណើរទស្សនកិច្ចធម្មតានោះទេ។ ផ្ទុយទៅវិញ វាជាជំនួបដែលបានបញ្ជាក់ជាថ្មីថា កម្ពុជានៅតែជាដៃគូអាទិភាពរបស់ចិន ជាមិត្តដែកថែប ដែលអាចទុកចិត្តបាន និងជាផ្នែកមួយនៃសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវ កាល ក្នុងយុគសម័យថ្មី។
ជាងនេះទៅទៀត ជំនួបនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញថា ទីក្រុងប៉េកាំងកំពុងផ្តល់អាទិភាពកាន់តែខ្លាំងដល់ទំនាក់ទំនងជាមួយកម្ពុជា ទាំងក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងការសម្របសម្រួលយុទ្ធសាស្ត្រ នៅក្នុងបរិបទដែលបរិយាកាសភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោកកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស។
ហេតុដូច្នេះហើយ ប្រហែលជាសំណួរដែលគួរសួរ មិនមែនថា ដំណើរនេះជា «ដំណើរធម្មតា» ឬអត់នោះទេ ប៉ុន្តែគួរសួរថា៖ តើសារយុទ្ធសាស្ត្រអ្វីខ្លះដែលទីក្រុងប៉េកាំងកំពុងផ្ញើទៅកាន់តំបន់ និងពិភពលោក តាមរយៈជំនួបកំពូល ហ៊ុន សែន-ស៊ី ជីនពីង?
ហើយចម្លើយប្រហែលជាស្ថិតនៅត្រង់ថា ចិនមិនត្រឹមតែចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់បង្ហាញថា កម្ពុជា នៅតែមានទីតាំងសំខាន់នៅក្នុងចក្ខុវិស័យយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំង សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងលើឆាកអន្តរជាតិផងដែរ៕









