* វិភាគអន្តរជាតិ៖ អ្វីទៅនៅពីក្រោយកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតរបស់លោក ត្រាំ ពីលោក ពូទីន?
* ឧបនាយករដ្ឋមន្រ្តី ស សុខា ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ទៅចូលរួមអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណកាហ្សាក់ស្ថាន
* ក្រុមអ្នកស្រាវជ្រាវ រកឃើញថាក្រុមហ៊ុនអ៊ីស្រាអែល ប្រើផ្ទាំងពាណិជ្ជកម្មអនឡាញ ដើម្បីលួចធ្វើចារកម្មទ្រង់ទ្រាយធំ
* ជំនួបសម្តេចមហាបវរធិបតី និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន ជជែកលើការពង្រឹងទំនាក់ និងសេដ្ឋកិច្ច
* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងព័ត៌មាន តវ៉ាយ៉ាងដាច់អហង្ការចំពោះទង្វើបំពានរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស ចូលមកកាន់តំបន់អូរស្មាច់ ដែលស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា

30-06-2026 16:16

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន សូមតវ៉ាយ៉ាងដាច់អហង្ការ ចំពោះទង្វើបំពានម្ដងហើយម្ដងទៀតរបស់ភាគីថៃ ដែលថ្មីៗនេះបាននាំអ្នកសារព័ត៌មានបរទេស (រួមទាំងប្រព័ន្ធផ្សព្វផ្សាយ ABC) ចូលមកកាន់តំបន់អូរស្មាច់ ដែលជាទឹកដីស្ថិតក្នុងអធិបតេយ្យភាព និងបូរណភាពទឹកដីពេញលេញរបស់ព្រះរាជាណាចក្រកម្ពុជា។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ទង្វើបំពានដែលភាគីថៃនេះត្រូវបានធ្វើឡើងដោយគ្មានការជូនដំណឹង ឬទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរកម្ពុជាក្នុងតំបន់នោះឡើយ។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា តំបន់អូរស្មាច់ គឺជាដែនដីអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ យោងតាមច្បាប់អន្តរជាតិ និង ធម្មនុញ្ញអង្គការសហប្រជាជាតិ (មាត្រា ២ វាក្យខណ្ឌទី ៤) រដ្ឋទាំងអស់ត្រូវមានកាតព្វកិច្ចគោរពបូរណភាពទឹកដី និងឯករាជ្យភាពនយោបាយរបស់រដ្ឋដទៃ។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានបន្ថែមថា៖ «ទង្វើរបស់យោធាថៃក្នុងការនាំជនបរទេស និងអ្នកសារព័ត៌មានចូលមកកាន់តំបន់នេះ គឺជារំលោភបំពានដោយផ្ទាល់ទៅលើអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ភាគីថៃមិនមានសិទ្ធិ ឬយុត្តាធិការណាមួយក្នុងការធ្វើសកម្មភាពយោធា ឬនាំអ្នកសារព័ត៌មានមកធ្វើសេចក្តីរាយការណ៍នៅលើទឹកដីកម្ពុជាឡើយ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា រាល់ការផ្សព្វផ្សាយព័ត៌មានដែលកើតចេញពីសកម្មភាពខុសច្បាប់ខាងលើ គឺជាព័ត៌មានដែលត្រូវបានរៀបចំឡើងដោយមានចេតនានយោបាយច្បាស់លាស់ពីភាគីថៃ ដើម្បីបង្កើតជារូបភាពអវិជ្ជមាន និងបង្កាច់បង្ខូចកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ យើងសូមបដិសេធទាំងស្រុងនូវរាល់ខ្លឹមសារ ប្រភពព័ត៌មាន និងរបាយការណ៍ទាំងឡាយណាដែលរៀបចំ និងផលិតឡើងចេញពីសកម្មភាពបំពានទាំងនេះ។

លោកបានបន្តថា កម្ពុជា និងថៃ មានយន្តការព្រំដែនទ្វេភាគីជាច្រើន។ ការចូលមកកាន់តំបន់នេះដោយឯកតោភាគី និងដោយគ្មានការអនុញ្ញាតជាមុនដោយអាជ្ញាធរកម្ពុជា ដែលឈរជើងនៅក្នុងតំបន់នោះ មិនត្រឹមតែជាទង្វើផ្ទុយនឹងច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបំពានយ៉ាងធ្ងន់ធ្ងរលើពិធីសារការទូត និងទំនុកចិត្តរវាងប្រទេសជិតខាងទាំងពីរទៀតផង។

ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ បានលើកឡើងថា កម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានចេញកំណត់ទូតតវ៉ាយ៉ាងដាច់អហង្ការរួចមកហើយនាពេលកន្លងទៅចំពោះការនាំអ្នកសារព័ត៌មាន ព្រមទាំងអនុព័ន្ធយោធា ចូលមកកាន់តំបន់អូរស្មាច់នេះ។ កម្ពុជានៅតែបន្តប្រកាន់ជំហររឹងមាំនេះដដែល និងទាមទារឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវទង្វើបំពានដែលគ្មានការទទួលខុសត្រូវនេះ។

កម្ពុជាខិតខំរក្សាទំនាក់ទំនងល្អជាអ្នកជិតខាង ប៉ុន្តែមិនអនុញ្ញាតឱ្យមានការរំលោភបំពានលើបូរណភាពទឹកដី និងការប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាឧបករណ៍ផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។

ក្រសួងព័ត៌មាន សូមអំពាវនាវដល់សហគមន៍អន្តរជាតិ និងសាធារណជន មេត្តាពិភាក្សា និងពិចារណាឱ្យបានល្អិតល្អន់លើសភាពការណ៍ដែលបាននិងកំពុងកើតឡើង លើទឹកដីរបស់កម្ពុជានេះ ដោយផ្អែកលើមូលដ្ឋាននៃការពិត និងច្បាប់អន្តរជាតិ ជៀសវាងការធ្លាក់ក្នុងឧបាយកលនៃការបង្កើតស្ថានភាព និងប្រឌិតព័ត៌មានដែលរៀបចំដោយភាគីថៃនៅលើទឹកដីកម្ពុជាដោយខុសច្បាប់៕