សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសបុរសជនជាតិអាមេរិក និងជនជាតិខ្មែរ ដាក់ពន្ធនាគារពី១០ ទៅ១២ឆ្នាំ ពាក់ព័ន្ធពីបទទិញពេស្យាចារកុមារ, ចែកចាយរូបភាព និងសម្ភារអាសអាភាស

30-06-2026 21:04

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសបុរសជនជាតិអាមេរិក ជាអតីតគ្រូបង្រៀនជនជាតិអាមេរិកម្នាក់ និងជនជាតិខ្មែរម្នាក់ ដាក់ពន្ធនាគារពី ១០ ទៅ១២ឆ្នាំ ពាក់ព័ន្ធពីបទល្មើសទិញពេស្យាចារកុមារ, ចែកចាយរូបភាព និងសម្ភារអាសអាភាស។

យោងតាមសាលក្រមព្រហ្មទណ្ឌលេខ ៥៣៧ ក្រ៦ ‹ហ› ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទចំនួន ២នាក់ គឺទី១៖ ឈ្មោះ WHITE WILLIAM CHANDLER ភេទប្រុស អាយុ២៧ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល១០ឆ្នាំ ពីបទទិញពេស្យាចារកុមារ និង២៖ ឈ្មោះ ប៉ែន ចាន់និត ភេទប្រុស អាយុ២២ឆ្នាំ ដាក់ទោសពន្ធនាគារកំណត់រយៈពេល ១២ឆ្នាំ ពីបទសញ្ជារកម្មទាក់ទងនឹងពេស្យាចារកុមារ និងចែកចាយរូបភាព និងសម្ភារអាសអាភាស ប្រព្រឹត្តនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥។

សូមបញ្ជាក់ថា តាមរយៈសំណុំរឿងព្រហ្មទណ្ឌលេខ ៤៩៦១ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ WHITE WILLIAM CHANDLER ជនជាតិអាមេរិក ជាអតីតគ្រូបង្រៀន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដោយសារជននេះបានរក្សាទុកទិន្នន័យរូបភាព និងវីដេអូអាសអាភាសកុមារជាច្រើននាក់ នៅក្នុងកម្មវិធីរក្សាទុកទិន្នន័យ Mega App និង Google Drive និងបានធ្វើការទំនាក់ទំនងតាមរយៈតេឡេក្រាម ទៅឈ្មោះ ប៉ែន ចាន់និត ដែលជាម្ចាស់ក្រុមតេឡេក្រាម (Group Telegram) ដែលមានបង្ហោះលក់វីដេអូអាសអាភាស ពាក់ព័ន្ធនឹងកុមារ ដើម្បីឱ្យឈ្មោះ ប៉ែន ចាន់និត ធ្វើជាអន្តរការីក្នុងការរកជនរងគ្រោះមកបម្រើសេវាកម្មផ្លូវភេទឱ្យខ្លួនដោយក្នុងនោះជនរងគ្រោះមានចំនួន៣នាក់ មានអាយុចាប់ពី ១៤ឆ្នាំ ដល់១៨ឆ្នាំ និងមិនមែនជាសិស្ស ឬអតីតសិស្សនៅសាលាដែលឈ្មោះ WHITE WILLIAM CHANDLER ធ្លាប់បង្រៀនទេ។

ជាមួយគ្នានេះ តុលាការបានសម្រេចប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ WHITE WILLIAM CHANDLER ដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាពរ បន្ទាប់ពីបានអនុវត្តទោសពន្ធនាគារចប់។

តាមលោក អ៉ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មខាងលើគឺជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា២៨ មាត្រា៣៤ និងមាត្រា៤១ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ការសម្រេចផ្តន្ទាទោសនេះ ដោយតុលាការបានពិចារណាគ្រប់ជ្រុងជ្រោយលើអង្គហេតុ អង្គច្បាប់ ភស្តុតាង និងព្យសនកម្ម ដែលបានកើតឡើងចំពោះជនរងគ្រោះ៕